ភ្នំពេញ ៖ បំផុតកម្មវិធីនៃការប្រកួតបវរកញ្ញាអន្តរជាតិ ឆ្នាំ២០១៨(Miss Grand International 2018 )ដែលប្រព្រឹត្តធ្វើឡើងនៅប្រទេស មីយ៉ាន់ម៉ា ត្រូវបានបញ្ចប់ទាំងស្រុងកាលពីរាត្រីថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៨កន្លងមកនេះ ខណៈបវរកញ្ញា ដែលគ្រងមកុដឯកសម្រាប់ឆ្នាំ២០១៨នេះ បានទៅលើបវរកញ្ញាមកពីប្រទេសប៉ារ៉ាហ្កាគឺកញ្ញា Clara Sosa។
អ្វីដែលកាន់តែធ្វើឲ្យមហាជនខ្មែរមានការសោកស្តាយខ្លាំងនោះ បន្ទាប់ពីបញ្ចប់នៃការប្រកួត MissGrand International 2018ដោយសារបវរកញ្ញាតំណាងប្រទេសកម្ពុជាគឺកញ្ញា ឌី ស្រីកា ពុំបានទទួលបានចំណាត់ថ្នាក់ក្នុងការប្រកួតណាមួយនោះឡើយ។ ខណៈដែលមានមហាជនខ្មែរជាច្រើនសម្តែងការមិនអស់ចិត្តលើលទ្ធផលដោយហេតុថា កន្លងមក ឌី ស្រីកា តែងនាំមុខគេចំពោះការបោះឆ្នោតគាំទ្រ ។
ថ្វីត្បិតតែបវរកញ្ញាតំណាងប្រទេសកម្ពុជាគឺកញ្ញា ឌី ស្រីកា មិនបានទទួលបានចំណាត់ថ្នាក់ ក្នុងការប្រកួត Miss Grand International 2018នៅប្រទេសមីយ៉ាន់ម៉ាបែបនេះក៏ពិតមែន ប៉ុន្តែនៅលើផេក Miss Grand Cambodiaភ្លាមៗនេះ ក៏បានចេញសេចក្តីប្រកាសដើម្បីថ្លែងអំណរគុណដល់ទស្សនិកជននិងប្រជាពលរដ្ឋខ្មែរដែលបានចូលរួមគាំទ្រលើកទឹកចិត្តដល់កញ្ញា ឌី លីកា ផងដែរ។
ផ្អែកតាមខ្លឹមសារដែលត្រូវបានបង្ហាញនៅលើផេក Miss Grand Cambodia លើកឡើងថា គណៈកម្មការរៀបចំកម្មវិធីប្រកួត Miss Grand Cambodia ក្រុមការងារ និងកញ្ញា ឌី លីកា Miss Grand Cambodia 2018 សូមលំឱនកាយ ថ្លែងអំណរគុណចំពោះប្រិយមិត្តប្រជាកម្ពុជាគ្រប់ៗរូប ដែលបានផ្តល់នូវក្តីមេត្តា ជ្រោមជ្រែង ឧបត្ថម្ភគាំទ្រដល់បេក្ខភាពកម្ពុជា ដើម្បីកម្ពុជា រហូតតាំងពីថ្ងៃដំបូងនៃកម្មវិធីប្រកួត រហូតទទួលបាននូវពានរង្វាន់កិត្តិយសនេះ ពានរង្វាន់ Grand Pageant 's Choice Award ។
ប្រភពបានបន្តថា ទោះបីជានេះពុំមែនជាពានរង្វាន់ផ្លូវការនៃកម្មវិធីប្រកួត ប៉ុន្តែយើងខ្ញុំទាំងអស់ពិតជាមានមោទនភាពចំពោះពានរង្វាន់នេះឥតឧបមា ព្រោះនេះជាលើកទី២ដែលយើងទទួលបានគឺទទួលបានដោយកិច្ចខិតខំប្រឹងប្រែងពីសំណាក់លោកអ្នកជួយបោះឆ្នោតគាំទ្រចំពោះបេក្ខភាពកម្ពុជាក្នុងចំណោមបេក្ខនារី៧៥ប្រទេសមកពីទូទាំងពិភពលោក។ យើងខ្ញុំទាំងអស់ពិតជាមានចិត្តរំភើបចំពោះទឹកចិត្តរួបរួម កិច្ចខិតខំ លើគ្រប់ការបោះឆ្នោតគាំទ្រ ទាំងឈុតតំណាងជាតិ ទាំងផ្នែកប្រជាប្រិយភាពទាំងបេក្ខនារីសម្រស់ត្រកាលនៃកម្មវិធីប្រកួតបឋម ឬគ្រប់ៗវិញ្ញាសា។
នៅលើផេក Miss Grand Cambodia ដដែលនេះបានបញ្ជាក់ថា យើងខ្ញុំនឹងចាំទុកជានិច្ចនូវកម្លាំងចលករនេះ ដើម្បីលើកទឹកចិត្តខ្លួនក្នុងការខិតខំព្យាយាមបន្តទៅទៀត។ សូមថ្លែងអំណរគុណផងដែរចំពោះបណ្តាក្រុមហ៊ុនចូលរួមឧបត្ថម្ភកម្មវិធីប្រកួត Miss Grand Cambodia និងបណ្តាក្រុមហ៊ុនក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមឧបត្ថម្ភក្នុងដំណើរឆ្ពោះទៅកាន់កម្មវិធីប្រកួតMiss Grand International 2018 ។
សូមគោរពជូនពរលោកអ្នកទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។កញ្ញា ឌី លីកា នឹងធ្វើដំណើរត្រឡប់មកម្ពុជាវិញតាមរយៈការហោះហើរនៃក្រុមហ៊ុនអាកាសចរ Emirates ជើងហោះហើរលេខ EK 388 មកដល់រាជធានីភ្នំពេញវេលាម៉ោង ២១:២៥ នាទីយប់។
សូមបញ្ជាក់ថាកម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក(Miss Grand International) គឺជាកម្មវិធីមួយដែលបង្កើតឡើងក្នុងគោលបំណង បញ្ចប់សង្គ្រាម និងអំពើហិង្សាដែលមានជាង៩០ប្រទេស នៅលើពិភពលោក ចូលរួមជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣មក។ ចំណែកឆ្នាំ២០១៨នេះការប្រកួតចាប់ផ្តើមពីថ្ងៃទី១៦ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ត្រូវបានបិទបញ្ចប់ទាំងស្រុង៕
Source: Kampuchea Thmey Daily
0 Comments