ភ្នំពេញ ៖ រថយន្តប្រភេទ បែន ដឹកដី១គ្រឿង បន្ទាប់ពីបែនទម្លាក់ចាក់ដីរួចភ្លេច ទម្លាក់វិញ ហើយបើកបរទាំងទ្រុងខ្ពស់ទើបមកដល់ចំណុចកើតហេតុបណ្ដាលឲ្យទាក់ជាមួយខ្សែភ្លើងទុស្សេឆេះលាន់ដូចគេបាញ់កាំជ្រួចបង្កឲ្យប្រជាពលរដ្ឋក្នុងភូមិ មានភិតភ័យស្មានថាជាករណីផ្ទុះអាវុធដើម្បីបង្ក្រាបបទល្មើសអ្វីមួយ តែក្រោយមកទើបដឹងថាជាករណីដាច់ខ្សែភ្លើងដោយសារឡានទាក់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ.
រថយន្តបង្ក ជាប្រភេទរថយន្តដឹកដីពណ៌ខៀវលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ3D -4361 បើកក្នុង ទិសដៅពីជើងទៅត្បូង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកដីខាងលើ បើកបរដោយយុវជនម្នាក់និងអ្នករួមដំណើរម្នាក់ទៀត បានបើកក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ហើយមិនបានទម្លាក់បែនទេ។ បន្ទាប់មក រថយន្តខាងលើ បានទាក់ខ្សែភ្លើងដែលកាត់ទទឹងផ្លូវបណ្ដាលឲ្យដាច់ធ្លាក់ខ្សែភ្លើង រាយប៉ាយពេញផ្លូវ និងបណ្តាលអោយទុស្សេខ្សែភ្លើងលាន់ដូចកាំជ្រួចបាញ់នៅមុខវាំង ហើយពលរដ្ឋខ្លះមុនដំបូងនឹកស្មានថាជាករណីសមត្ថកិច្ចផ្ទុះអាវុធដើម្បីបង្ក្រាបបទល្មើសអ្វីមួយតែក្រោយមកទើបដឹងការពិត តែករណីនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលទុស្សេខ្សែភ្លើង ត្រូវបានប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លាមៗផងដែរ ហើយប្រជាពលរដ្ឋបានទាក់ទងទៅ សមត្ថកិច្ចនគរបាលប៉ុស្តិ៍មកភ្លាមៗផងដែរ ហើយកម្លាំងនគរបាលប៉ុស្តិ៍ទាក់ទងទៅអគ្គិសនី កម្ពុជាដើម្បីបិទភ្លើងផងដែរចំណែកឯរថយន្តបង្កដោយមិនបានបើករត់ឡើយ ហើយដោយសាររង់ចាំសមត្ថកិច្ចយូរពេកតៃកុងក៏ចេញទៅបាត់ទៅ។
បើតាមសំដីជំនាញ អគ្គិសនីកម្ពុជាបាននិយាយប្រាប់ថា ការដាច់ខ្សែភ្លើងខាងលើឆេះអស់ចំនួន១ដែរ ស្មើ ៤ខ្សែធំៗ។
ក្រោយពេលកើតហេតុរថយន្តបង្កខាងលើ ត្រូវបានជំនាញចរាចរណ៍ការិយាល័យផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ចំណែកឯខាងអគ្គិសនីកម្ពុជា នឹងព្យាយាម តទាំងយប់ភ្លាមៗផងដែរ ដើម្បីឲ្យពលរដ្ឋបានប្រើប្រាស់វិញ៕
Source: Kampuchea Thmey Daily
0 Comments