ប៉ូលិសអាមេរិកកាលពីថ្ងៃពុធបានចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីកញ្ចប់ដ៏គួរឲ្យសង្ស័យដែលមានផ្ទុកគ្រាប់ល្ហុងខ្វង ត្រូវបានបញ្ជូនទៅកាន់មន្ទីរបញ្ចកោណនៅសប្តាហ៍នេះ។
លោក William Clyde Allen មកពីទីក្រុង Logan នៃរដ្ឋ Utah ត្រូវបានឃុំឃាំងហើយទំនងជាប្រឈមមុខនឹងការចោទប្រកាន់នៅថ្ងៃសុក្រ។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ KSL នៅលើគេហទំព័ររបស់ខ្លួនដោយលើកឡើងប្រភពពីក្រសួងយុត្តិធម៌។
ទីតាំងពិនិត្យសំបុត្ររបស់មន្ទីរបញ្ចកោណកាលពីថ្ងៃចន្ទបានស្ទាក់ចាប់បានកញ្ចប់យ៉ាងហោចណាស់ពីរដែលផ្ញើទៅឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Jim Mattis និងឧត្ដមសេនីយ៍ត្រីលោក John Richardson ដែលអាជ្ញាធរសង្ស័យថា មានផ្ទុកសារធាតុ Ricin ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Dana White បាននិយាយថា “យោងតាមការវិភាគបឋមរបស់យើង សារធាតុនេះគឺជាគ្រាប់ល្ហុងខ្វងដែលអាចចម្រាញ់ទៅជាសាធារធាតុ Ricin”។ លោកស្រីបានកត់សម្គាល់ថា បញ្ហានេះកំពុងត្រូវបានស៊ើបអង្កេតដោយ FBI ។
សំបុត្រទាំងអស់នៅមន្ទីរបញ្ចកោណត្រូវបានគេកំណត់ឲ្យនៅដាច់ដោយឡែកពីគ្នានៅពេលដែលកញ្ចប់ត្រូវបានរកឃើញ។ ទោះបីជាយ៉ាងណាក៏ដោយគ្មាននរណាម្នាក់រងផលប៉ះពាល់ទេ។
សេវាសម្ងាត់អាមេរិកក៏បានរាយការណ៍ផងដែរថា ខ្លួនទទួលបានស្រោមសំបុត្រដ៏គួរឲ្យសង្ស័យមួយដែលបានផ្ញើរទៅកាន់លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទ។
សេវាសម្ងាត់បាននិយាយថា “ស្រោមសំបុត្រមិនត្រូវបានទទួលនៅឯសេតវិមានហើយក៏មិនបានចូលសេតវិមានដែរ”។
គួរបញ្ជាក់ជាថ្មី ដោយផលិតពីការកែច្នៃគ្រាប់ល្ហុងខ្វង, Ricin អាចសម្លាប់មនុស្សក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះបើសិនជាលេប ស្រូបឬចាក់ចូល។ វាខ្លាំងជាងសារធាតុ cyanide រហូតដល់ទៅ៦,០០០ដងហើយគេមិនស្គាល់ថ្នាំបន្សាបទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments