Ad Code

អូស្ត្រាលី​សុំទោស​ចំពោះ​ជនរងគ្រោះ​នៃ​ការរំលោភបំពាន​លើ​កុមារ



នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បានចេញ​ការសុំ​ទោស​ថ្នាក់ជាតិ​ដល់​ជនរងគ្រោះ​នៃ​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​មួយ​ទៅកាន់​សភា​នៅ​ថ្ងៃ​ចន្ទ​ដោយ​ទទួលស្គាល់ថា រដ្ឋ​នេះ​បាន​បរាជ័យ​ក្នុងការ​បញ្ឈប់ “​ឧក្រិដ្ឋកម្ម​ដ៏​ខ្មៅ​ងងឹត​” ដែល​បាន​ប្រព្រឹត្ត​ឡើង​អស់​រយៈពេល​ជាច្រើន​ទសវត្ស​មកហើយ។

លោក Morrison បាន​ថ្លែង​ទៅកាន់​សភា​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ទូទាំងប្រទេស​ថា “​រឿងនេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រជាជន​អូស្ត្រាលី​ចំពោះ​ប្រជាជន​អូស្ត្រាលី​”​។​

លោក​បាន​និយាយថា “​ក្នុងនាម​ជា​ប្រជាជាតិ​មួយ យើង​បាន​បរាជ័យ​ចំពោះ​ពួកគេ យើង​បាន​បោះបង់​ពួកគេ​ហើយ​នោះ​គឺជា​ភាពអាម៉ាស់​របស់​យើង​”​។

លោក​បន្តថា “​ថ្ងៃនេះ យើង​សូម​និយាយ​សុំទោស​ចំពោះ​កុមារ​ដែល​យើង​បរាជ័យ​។ សុំទោស​ចំពោះ​ឪពុកម្តាយ​ដែល​ទំនុកចិត្ត​របស់​ពួកគេ​ត្រូវគេ​ក្បត់​និង​សូម​អភ័យទោស​ចំពោះ​អ្នករាយការណ៍​ដែល​យើង​មិនបាន​ស្តាប់​”​។​

ការ​សុំទោស​ថ្នាក់ជាតិ​នេះ​បាន​កើតឡើង​បន្ទាប់ពី​គណៈកម្មាការ Royal Commission បាន​រៀបរាប់​លម្អិត​អំពី​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​ជាង​១៥,០០០​នាក់​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​រាប់ពាន់​។​

នៅក្នុង​សភា តំណាងរាស្ត្រ​បាន​ក្រោកឈរ​ដើម្បី​ស្មឹង​ស្មា​ធ​មួយ​ភ្លែត​បន្ទាប់ពី​ការ​ថ្លែង​សុន្ទរកថា​ខណៈ​អ្នក​រស់រានមានជីវិត​រាប់រយ​នាក់​បាន​មើល​ព្រឹត្តិការណ៍​ជា​ផ្លូវការ​នេះ​នៅ​ទូទាំងប្រទេស​។​

ស្ថាប័ន​ជាច្រើន​បាន​សុំ​អភ័យទោស​រួចទៅហើយ​ចំពោះ​កំហុស​របស់​ពួកគេ​ដែល​រួមមាន​ទាំង​មេដឹកនាំ​សាសនា​កាតូលិក​អូស្ដ្រាលី​ផងដែរ​ដែល​បាន​ស្តីបន្ទោស​អំពី​ប្រវត្តិសាស្ត្រ “​គួរ​ឲ្យ​អាម៉ាស់​” នៃ​ការរំលោភបំពាន​លើ​កុមារ​និង​ការបិទបាំង​។​

យោងតាម​គណៈកម្មាការ Royal Commission បាន​ឲ្យ​ដឹងថា ៧​ភាគរយ​នៃ​អាចារ្យ​សាសនា​កាតូលិក​ក្នុងប្រទេស​អូស្ត្រាលី​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​រំលោភបំពាន​ចន្លោះ​ឆ្នាំ​១៩៥០​ដល់​ឆ្នាំ​២០១០​ប៉ុន្តែ​ការចោទប្រកាន់​ទាំងនេះ​មិនដែល​ត្រូវបាន​ស៊ើបអង្កេត​ទេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu