Ad Code

ជនអន្តោប្រវេសន៍​ហុង​ឌូ​រ៉ា​ស​បន្ត​ដើរ​ក្បួន​ទោះបី​លោក Trump ប្តេជ្ញា​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​បញ្ឈប់​ពួកគេ



ជនអន្តោប្រវេសន៍​ហុង​ឌូ​រ៉ា​ស​រាប់ពាន់នាក់​ ដែល​ការធ្វើដំណើរ​របស់​ពួកគេ​ឆ្ពោះ​ទៅកាន់​សហរដ្ឋអាមេរិក​បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នោះ​គឺ​បាន​ទៅដល់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ហើយ​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់ពី​ឆ្លងកាត់​ទន្លេ​មួយ។

អាជ្ញាធរ​ម៉ិ​ក​ស៊ិ​កបាន​ព្យាយាម​ដើម្បី​រារាំង​ក្បួន​នៃ​ជន​ចំណាកស្រុក​នេះ​នៅលើ​ស្ពាន​ព្រំដែន​មួយ​ដែល​ខណ្ឌ​ចែក​រវាង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​និង​ហ្គា​តេ​ម៉ា​ឡា​ប៉ុន្តែ​ក្រោយមក មនុស្ស​ជាច្រើន​បាន​ឆ្លងកាត់​ទន្លេ​នៅ​ខាងក្រោម​ដោយ​ជិះ​លើ​ក្បូន​មុនពេល​ដើរ​ឆ្ពោះទៅកាន់​ភាគ​ខាងជើង​។​

លោក Trump បាន​អះអាងថា “​កិច្ចខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាង​” កំពុងដំណើរការ​ដើម្បី​បញ្ឈប់​ដំណើរ​របស់​ជនអន្តោប្រវេសន៍​ទាំងនេះ​មកកាន់​សហរដ្ឋអាមេរិក​។​

លោក Trump បាន​បង្ហោះ Twitter ថា “​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​ត្រូវបាន​ធ្វើឡើង​ដើម្បី​បញ្ឈប់​ការវាយលុក​របស់​ជន​បរទេស​ខុសច្បាប់​ពី​ការឆ្លងកាត់​ព្រំដែន​ភាគខាងត្បូង​រប​ស់​យើង​។ មនុស្ស​ត្រូវតែ​ដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ជាមុនសិន​ហើយ​ប្រសិនបើ​ពួកគេ​មិន​ធ្វើ​ដូច្នេះ​ទេ សហរដ្ឋអាមេរិក​នឹង​រុញច្រាន​ពួកគេ​ឲ្យ​ត្រឡប់​ទៅវិញ​”​។​

យ៉ាងណាក៏ដោយ មនុស្ស​ប្រហែល​៣,០០០​នាក់​កំពុង​ដើរ​ក្បួន​នៅលើ​ទឹកដី​ម៉ិ​ក​ស៊ិ​ក​។ នេះ​បើ​យោងតាម​ការប៉ាន់ប្រមាណ​ពី​មេបញ្ជាការ​ប៉ូលិស​សហព័ន្ធ​ដែល​កងកម្លាំង​របស់គាត់​បាន​ឃ្លាំមើល​យ៉ាង​ដិតដល់​អំពី​ដំណើរ​របស់​ជន​ចំណាកស្រុក​។​

ជន​ចំណាកស្រុក​ប្រហែល​មួយ​ពាន់​នាក់​រួមទាំង​ស្ត្រី​និង​កុមារ​ផងដែរ​នៅតែ​ត្រូវ​ជាប់គាំង​លើ​ស្ពាន​ព្រំដែន​ក្នុង​សង្ឃឹមថានឹង​ចូលទៅ​ប្រទេស​មិ​ក​ស៊ិ​កដោយ​ស្របច្បាប់​តាមរយៈ​ហ្គា​តេ​ម៉ា​ឡា​។​
​អាជ្ញាធរ​ម៉ិ​ក​ស៊ិ​កបាន​ទទូចថា អ្នក​ដែល​ស្ថិតនៅលើ​ស្ពាន​នឹង​ត្រូវដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​ម្តងម្នាក់ៗ​ដើម្បី​ចូលក្នុង​ប្រទេស​នេះ​។

ហើយ​ក្រុម​ដាច់ដោយឡែក​មួយ​ផ្សេងទៀត​ដែលមាន​ជនជាតិ​ហុង​ឌូ​រ៉ា​ស​ប្រហែល​១,០០០​នាក់ បានចាប់ផ្តើម​ដើរ​ក្បួន​របស់​ពួកគេ​ឆ្លងកាត់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​ឆ្ពោះទៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​និង​បន្ទាប់មក​សហរដ្ឋអាមេរិក​។ ក្រុម​បុរស ស្ត្រី​និង​កុមារ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង Esquipulas មុនពេល​ចេញដំណើរ​៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu