ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី២ ឆ្នាំ២០១៨ បានដំណើរការប្រកួតជាង២ខែមកហើយ ដោយមានក្រុមចំនួន២១ ក្រុមបានចុះឈ្មោះចូលរួមប្រកួត ស្របពេលដែលគណៈកម្មការបានបែងចែកជា៤ពូលផ្សេងគ្នា។ នៅពេលនេះគណៈកម្មការបានស្វែងរកឃើញក្រុមខ្លាំងចំនួន៤ ដណ្តើមបានកៅអីឡើងទៅប្រកួតវគ្គបន្តបានហើយ។
រយៈពេលជាង៣ខែនឹងស្វែងរកឃើញក្រុមម្ចាស់ជើងឯកនៅរដូវកាលឆ្នាំ២០១៨ នេះហើយ ខណៈក្រុមដែលមានឈ្មោះប្រកួតនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រក៏បានចាប់គូគ្នាប្រកួតរួចរាល់ហើយដែរ ដោយក្នុងនោះក្រុម ធីអិនកណ្ដាលអែហ្វស៊ី ប៉ះក្រុមពិស្ណុការ នៅវេលាម៉ោង៤ល្ងាចថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋាន KHM ខណៈនៅវេលា៦និង៣០នាទីល្ងាចថ្ងៃជាមួយគ្នាក្រុមយុវជនបៃតង ត្រូវប៉ះក្រុមអាណាចក្របៃតង។
សូមបញ្ជាក់ថា មុនឡើងមកដល់វគ្គនេះក្រុមធីអ៊ិនកណ្ដាលអែហ្វស៊ី បានយកឈ្នះលើក្រុមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ២ទល់១ ក្នុងវគ្គ៨ក្រុមចុងក្រោយ ខណៈក្រុមយុវជនបៃតង ឈ្នះក្រុមសម្ព័ន្ធ គ.ស.ន.ប.ក ៣ទល់០ ហើយក្រុមពិស្ណុការ ឈ្នះក្រុមយុវជនស្វាយជ្រំ ២ទល់១ និងចុងក្រោយក្រុមអាណាចក្របៃតងឈ្នះក្រុមយុវជនវត្តវារិន្ទព្រែកលៀប ៤ទល់៣។
ពានរង្វាន់នេះបានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី ២៦ ខែសីហាឆ្នាំ២០១៨ មកម្ល៉េះហើយក្រុមខ្លាំងជាងគេចំនួន២ក្រុមក្នុង១ពូល ឡើងទៅប្រកួតវគ្គ ៨ ក្រុម រួចឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ ក្រុមដែលឈ្នះជើងឯក នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ៣២ លានរៀល គឺច្រើនជាងឆ្នាំមុន ដែលបានត្រឹម ២៥ លានរៀល។ គណៈកម្មការក៏ត្រៀមប្រាក់រង្វាន់ដល់អ្នកចាំទីល្អ អ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ ក្រុម Fair play ក្រុមលេខ ២ និងក្រុមលេខ ៣ ផងដែរ។
ពានរង្វាន់សម្តេចចក្រីឆ្នាំដំបូងកាលពីឆ្នាំ២០១៧ មានក្រុមចូលរួមចំនួន១៨ក្រុមដោយចែកជាពូលផ្សេងៗគ្នាដើម្បីប្រកួតជម្រុះ។ ជាលទ្ធផលឆ្នាំដំបូងក្រុមជើងឯកបានទៅក្រុមអាណាចក្របៃតង ដែលកាលនោះទទួលបានពានរង្វាន់១ មេដាយមាសម្នាក់១ និងប្រាក់រង្វាន់ ២៥,០០០,០០០ រៀល ហើយក្រុមសម្ព័ន្ធយុវជនម៉ូស្លីមដែលទទួលបានជើងឯករងទទួលបានមេដាយប្រាក់ម្នាក់១គ្រឿង និងទឹកប្រាក់ចំនួន១២,០០០,០០០ រៀល និងក្រុមចំណាត់ថ្នាក់លេខ៣ បានទៅក្រុមពិស្ណុការ ទទួលបានទឹកប្រាក់៦,០០០,០០០រៀល ហើយក្រុម Old Town Garden ទទួលបានពានរង្វាន់ Fair Play៕
Source: Kampuchea Thmey Daily
0 Comments