Ad Code

​សិក្ខាសាលា​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល​នៃ​សាធារណរដ្ឋ​កូរ៉េ ស្តី​ពី​លទ្ធផល​គម្រោង​អភិរក្ស និង​ជួសជុល​ប្រាសាទព្រះពិធូរ



ប្រទេស​កូរ៉េ ​៖ គណៈប្រតិភូ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដឹកនាំ​ដោយ​លោកស្រី ភឿង សកុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា រួម​ដំណើរ​ដោយ​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា អញ្ជើញ​ចូលរួម​ក្នុង​សិក្ខា​ស្ដីពី​លទ្ធផល​គម្រោង​អភិរក្ស និង​ជួសជុល​ប្រាសាទព្រះពិធូរ នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​។



សិក្ខាសាលា​នេះ​រៀបចំឡើង​ដោយ​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ Korea Cultural Heritage Foundation និង​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ដោយ​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ តំណាង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​កូរ៉េ KOICA និង​រដ្ឋបាល​គ្រប់គ្រង​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ​។



​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ខាងលើ លោក Jin OK-Sub ប្រធាន​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ បាន​សម្ដែង​នូវ​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​គណៈប្រតិភូ​កម្ពុជា​ទាំងអស់​ដែល​បាន​ចំណាយពេល​ចូលរួម​ក្នុង​សិក្ខាសាលា​ដ៏​មាន​សារសំខាន់​នេះ​។ ការចូលរួម​នេះ​គឺ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​នៃ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ក្នុង​កិច្ច​ការងារ​បេតិកភណ្ឌ លើ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​កូរ៉េ។



ទាក់ទង​នឹង​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ​នេះ​ដែរ ប្រធាន​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ បាន​ឲ្យ​ដឹង​ទៀត​ថា អ្វី​ដែល​ជា​មោទនភាព​បំផុត​របស់​កូរ៉េ គឺ​បាន​ចូលរួម​ជួយ​ស្ដារឡើងវិញ​នៃ​ភាព​ល្បីល្បាញ​របស់​បេតិកភណ្ឌ​កម្ពុជា ដែល​ជា​បេតិកភណ្ឌ​មនុស្សជាតិ និង​ជួយ​ជំរុញ​ការ​ផ្សព្វផ្សាយ​ការ​យល់ដឹង​លើ​ការងារ​នេះ​ដល់​ប្រជាជន​កូរ៉េ​ផងដែរ​។

លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​សម្ដែង​នូវ​ការ​អរគុណ​ដល់​ស្ថាប័ន​សំខាន់ៗ​មួយចំនួន​ដូចជា មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​កូរ៉េ KOICA រដ្ឋបាល​គ្រប់គ្រង​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ ដែល​បានផ្តល់​កិច្ច​សហប្រតិបត្តិការ​ទាំ​ង​ផ្នែក​បច្ចេកទេស និង​ថវិកា ក្នុង​កិច្ច​សហប្រតិបត្តិការ​អភិរក្ស និង​ជួសជុល​ប្រាសាទព្រះពិធូរ​នា​ពេល​កន្លងមក​។ ជាពិសេស​ទៅទៀត​នោះ កិច្ច​សហប្រតិបត្តិការ​រវាង​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ​និង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​នូវ​សមិទ្ធផល​យ៉ាង​ល្អ​ប្រសើរ ហើយ​តែងតែ​ទទួល​បាន​ការ​គាំទ្រ​និង​កោតសរសើរ​ពី​សំណាក់​គណៈកម្មាធិការ​អា​យ​ស៊ី ស៊ី​-​អង្គរ​។ ដូច្នេះ​រាល់​សមិទ្ធផល​ទាំងនេះ​គឺជា​ការ​លើកទឹកចិត្ត​ដ៏​ខ្លាំងក្លា​ដល់​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​។



ជា​ការ​ចែករំលែក​ចំណេះដឹង អង្គសិក្ខាសាលា​ក៏​មាន​ការធ្វើ​បទ​បង្ហាញ​គន្លឹះ​ចំនួន​ពីរ​ដោយ​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​លើ​ប្រធានបទ​លើ​ការគ្រប់គ្រង​ទឹក និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​រមណីយដ្ឋាន​អង្គរ​។ ក្នុង​នោះ​ដែរ អ្នកជំនាញ​អន្តរជាតិ​ដែល​បាន​ចូលរួម​ធ្វើការ​ស្រាវជ្រាវ​នៅ​ក្រុម​ប្រាសាទព្រះពិធូរ​ក៏បាន​ធ្វើ​បង្ហាញ​លើ​ប្រធានបទ​សំខាន់ៗ​ដូចជា បុរាណវិទ្យា ស្ថាបត្យកម្ម ប្រវត្តិ​សិល្បៈ និង​ការអភិរក្ស​។​ល​។

​គួរ​រំឭក​ដែរ​ថា មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ បានចាប់ផ្តើម​គម្រោង​ជួសជុល​អភិរក្ស​ក្រុម​ប្រាសាទព្រះពិធូរ កាលពី​ឆ្នាំ​២០១៥ និង​បញ្ចប់​ជំហាន​ដំបូង​នៅ​ចុងឆ្នាំ​២០១៨ និង​បាន​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ដល់​អ្នកជំនាញ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​នាពេល​កន្លងមក​ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ​ទាំង​លើ​កិច្ចការ​អភិរក្ស​និង​ការគ្រប់គ្រង​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu