ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មិនមានន័យថា ឈប់ឲ្យកម្ពុជានាំទំនិញចូលសហគមន៍អឺរ៉ុបនោះទេ គឺនៅតែអាចនាំទំនិញចូលបណ្តាប្រទេសអឺរ៉ុបដដែល គ្រាន់តែគេយកពន្ធនាំចូលប៉ុណ្ណោះ ដែលអាចធ្វើឲ្យតម្លៃទំនិញកើនមួយចំនួន។
លោក សុខ ឥសាន បញ្ជាក់យ៉ាងនេះថា “ប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាការអនុគ្រោះឲ្យបណ្តាប្រទេសទន់ខ្សោយ អាចនាំចូលទំនិញគ្រប់យ៉ាងលើកលែងតែគ្រឿងសព្វាវុធ( Everything But. Arms)។ តាមលក្ខខណ្ឌនៃបណ្តាប្រទេសសហគមន៍អឺរ៉ុប នៅពេលណាបណ្តាប្រទេសអន់ខ្សោយ ដែលទទួលបានភាពអនុគ្រោះពន្ធ EBA មានការរីកចម្រើនដល់កម្រិតណាមួយភាពអនុគ្រោះពន្ធ EBA នេះនឹងត្រូវលុបចោល ប៉ុន្តែមិនមានន័យថា ឈប់ឲ្យនាំទំនិញចូលទៀតទេ គឺនៅតែអាចនាំទំនិញចូលទៅបណ្តាប្រទេសនៅសហគមន៍អឺរ៉ុបដដែល គ្រាន់តែគេយកពន្ធនាំចូលប៉ុណ្ណោះ ដែលអាចធ្វើឲ្យតម្លៃលក់ទំនិញនាំចូលកើនថ្លៃមួយចំនួន”។
តាមលោក សុខ ឥសាន ការដែលមានអ្នកខ្លះនិយាយថា បើអត់ EBA នឹងនាំដល់ការបាត់ទីផ្សារនោះ គឺជាការឃោសនាផ្ទុយការពិត ដើម្បីបំភិតបំភ័យ និងបំភាន់មតិកម្មករនិយោជិតឲ្យចងកំហឹងជាមួយរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយ បានជាពួកគេនាំគ្នាបំផុសថា បើអត់ EBA. កម្មករនិយោជិត នឹងបាត់បង់ការងារអស់រលីងតែម្តង។ បញ្ហានេះមិនមែនដូចការឃោសនារបស់ពួកអគតិទាំងនោះឡើយ។
ទាក់ទងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ជូនប្រជាពលរដ្ឋខ្មែរប្រមាណជាង១ពាន់នៅទ្វីបអឺរ៉ុបថា កម្ពុជាមិនទាន់បាត់បង់អ្វីទាំងអស់ ពីប្រព័ន្ធអនុគ្រោះពន្ធ (EBA) ទាំងការងារ ទាំងប្រាក់ចំណូល ប៉ុន្តែបញ្ហា EBA នេះ ត្រូវបានមនុស្សមួយចំនួនយកទៅធ្វើជាសង្គ្រាមចិត្តសាស្ត្រ វាយប្រហារលើរាជរដ្ឋាភិបាល។ សម្តេចតេជោ បានពន្យល់ថា ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជាពីសហភាពអឺរ៉ុប គង់តែបាត់បង់ទេ នៅពេលកម្ពុជាក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់ ហើយសម្តេចបានធ្វើការមួយជំហានជាមួយជប៉ុន ចិន កូរ៉េខាងត្បូង និងធនាគារអភិវឌ្ឍន៍អាស៊ី ឲ្យបន្តផ្តល់អត្រាការប្រាក់អនុគ្រោះរយៈពេល១០ឆ្នាំទៀតដល់កម្ពុជា និងលទ្ធភាពសងរយៈពេល៤០ឆ្នាំ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា នៅឆ្នាំ២០១៨ នេះ សេដ្ឋកិច្ចរបស់កម្ពុជារំពឹងថា នឹងមានកំណើន៧,២ ភាគរយ ហើយកំណើននេះ ត្រូវបានស្ថាប័នអន្តរជាតិផ្តល់ចំណាត់ថា ជាប្រទេសចំណាត់ថ្នាក់ទី១ មានសេដ្ឋកិច្ចខ្លាំងជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈប្រទេសវៀតណាមឈរកម្រិតទី២៕
Source: Kampuchea Thmey Daily
0 Comments