Ad Code

ក្រសួងមហាផ្ទៃ ដាក់​វិធានការ​ឲ្យ​រដ្ឋបាល​រាជធានី ខេត្ត បែងចែក​ប្រាក់​រង្វាន់ ដើម្បី​លើកទឹកចិត្ត​ដល់​មន្ត្រី​នៅ​អង្គភាព​ច្រក​ចេញចូល​តែមួយ



ភ្នំពេញ​ ៖ ក្រសួងមហាផ្ទៃ បាននឹងកំពុង​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាក់ព័ន្ធ​នានា ដើម្បី​រៀបចំ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង និង​ការបែងចែក​ចំណូល ដែល​បាន​មក​ពី​កម្រៃ​នៃ​ការ​ផ្ដល់សេវា​រដ្ឋបាល​របស់​អង្គភាព​ច្រកចេញ​ចូល​តែមួយ​របស់​រាជធានី ខេត្ត ហើយ​នៅក្នុង​អំឡុង​ពេល​ដែល​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ មិនទាន់​ត្រូវ​បាន​ដាក់ចេញ​ជា​ផ្លូវការ និង​ដើម្បី​ធានា​ដល់​ការគ្រប់គ្រង ការចាត់ចែង និង​ការប្រើប្រាស់​ចំណូល​ពី​កម្រៃ​សេវា​រដ្ឋបាល​នេះ ឲ្យ​បាន​ត្រឹមត្រូវ ទាន់​ពេល​វេលា និង​សម​ស្របតាម​នីតិវិធី​ហិរញ្ញវត្ថុ​ជា​ធរមាន​ក្រសួងមហាផ្ទៃ​បាន​ដាក់​ចេញ​នូវ​ផែនការ​មួយចំនួន​។

តាម​លិខិត​របស់​ក្រសួងមហាផ្ទៃ ដែល​ទើប​ទទួល​បាន​នៅ​ថ្ងៃទី​២៦ ខែតុលា បាន​បញ្ជាក់​ថា ចំពោះ ចំណូល​ដែល​បាន​មក​ពី​កម្រៃ​សេវា​រដ្ឋបាល​ផ្ទាល់​របស់​រដ្ឋបាល​រាជធានី ខេត្ត រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​បន្ត​ការគ្រប់គ្រង​ការចាត់ចែង និង​ការប្រើប្រាស់​ចំណូល​ពី​កម្រៃ​សេវា​រដ្ឋបាល​ផ្ទាល់​របស់​ខ្លួន ដូច​បាន​កំណត់​ក្នុង​តារាង​ឧបសម្ពន្ធ​នៃ​ប្រកាស​អន្តរក្រសួង​ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ និង​ប្រកាស​អន្តរក្រសួង​ចុះ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​គោលការណ៍ និង​នីតិវិធី​ជា​ធរមាន​។ រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ផ្ដល់​អាទិភាព​ក្នុង​ការ​បែងចែក​ប្រាក់​រង្វាន់​ពី​សេវា​ទាំងនេះ និង​ប្រាក់​រង្វាន់ ដែល​បាន​ពី​ប្រភព​ស្របច្បាប់​ផ្សេងទៀត សម្រាប់​លើកទឹកចិត្ត​ដល់​មន្ត្រី ដែល​បំពេញការងារ​នៅ​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ​របស់​រាជធានី​ខេត្ត​។

ចំណែក​ចំណូល​ពី​កម្រៃ​សេវា​រដ្ឋបាល​តាម​វិស័យ​ជំនាញ ក្រសួង​បាន​បញ្ជាក់​ថា ចំណូល​ពី​កម្រៃ​សេវា​រដ្ឋបាល​តាម​វិស័យ​ជំនាញ​នីមួយៗ ដែល​បាន​ប្រមូល​ដោយ​អង្គភាព​ច្រកចេញចូល​តែមួយ របស់​រាជធានី ខេត្ត ត្រូវ​បែងចែក និង​បើក​ផ្ដល់​ជូន​ក្រសួង មន្ទីរ​ជំនាញ តាម​អត្រា​ដែល​បាន​កំណត់ ដោយ​ប្រកាស​អន្តរក្រសួង រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ក្រសួង​សាមី ដូច​បាន​អនុវត្ត​កន្លងមក រហូតដល់​មានការ​ដាក់ចេញ​លិខិត​បទដ្ឋាន​ ឬ​ ការណែនាំ​ថ្មី​ជំនួស។

ចំពោះ​ការបែងចែក និង​ការ​បើកប្រាក់​ចំណូល​កម្រៃ​សេវា​រដ្ឋបាល​ជូន​ក្រសួង មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​តាម​គោលការណ៍ និង​នីតិវិធី​មួយចំនួន​រួមមាន ទី​១. រដ្ឋបាល​រាជធានី ខេត្ត ដែល​មាន​ទីចាត់ការ​ហិរញ្ញវត្ថុ​ជា​សេនាធិការ ត្រូវ​រៀបចំ​របាយការណ៍ ស្តី​ពី​ស្ថានភាព​អនុវត្ត​ចំណូល​ប្រចាំខែ និង​បញ្ជីចំណូល​ប្រចាំខែ ដែល​អង្គភាព​ច្រកចេញចូល​តែមួយ​របស់​រាជធានី ខេត្ត ប្រមូលបាន​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន តាម​ប្រភេទ​សេវា និង​តាម​វិស័យ​នីមួយៗ ដោយ​បែងចែក​ចំណូល ជា​ចំណែក​ចំណូល​ថវិកា និង​ចំណាយ​ប្រាក់​រង្វាន់​តាម​អត្រា ដែល​បាន​កំណត់​ដោយ​ប្រកាស​អន្តរក្រសួង​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដូច​មាន​គំរូ​ភ្ជាប់​មក​ជា​មួយ​។ បន្ទាប់មក ទីចាត់ការ​ហិរញ្ញវត្ថុ ត្រូវ​ផ្ញើ​របាយការណ៍ ស្ដីពី​ស្ថានភាព​អនុវត្ត​ចំណូល​ប្រចាំខែ និង​បញ្ជីចំណូល​ប្រចាំខែ​ខាងលើ ជូន​ទៅ​មន្ទីរ​ជំនាញ​សា​ម៉ី​នីមួយៗ ដើម្បី​ធ្វើការ​ពិនិត្យ និង​ផ្ទៀងផ្ទាត់។

ទី​២. រជ្ជទេយ្យ​ករ ចំណូល​នៃ​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​បង់​សាច់ប្រាក់​ចំណូល ដែលជា​ចំណែក​ថវិកា​របស់​ក្រសួង​មន្ទីរ​ជំនាញ​ទៅ​ក្នុង​គណនី​ចរន្ត​របស់​រតនាគារ​ជាតិ​រាជធានី ខេត្ត នៅ​ធនាគារពាណិជ្ជ​តាម​នីតិវិធី និង​បែបបទ ដែល​កំណត់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ត្រូវ​បើក​ផ្តល់​សាច់ប្រាក់​ចំណូល ដែល​ជា​ប្រាក់រង្វាន់​ទៅ​ឲ្យ​មន្ទីរ​ជំនាញ​សាមី​នីមួយៗ​សម្រាប់​ចាត់ចែង​តាម​គោលការណ៍ និង​នីតិវិធី​ជា​ធរមាន​។

ទី​៣. អភិបាល​រាជធានី ខេត្ត ត្រូវ​ជូនដំណឹង​ទៅ​មន្ទីរ​សា​មី អំពី​ការ​បង់​សាច់ប្រាក់​ចំណូល ដែលជា​ចំណែក​ថវិកា​របស់​ក្រសួង​មន្ទីរ​ជំនាញ​ទៅក្នុង​គណនី​ចរន្ត​របស់​រតនាគារ​រាជធានី ខេត្ត នៅ​ធនាគារពាណិជ្ជ ដើម្បី​ឲ្យ​រជ្ជទេយ្យ​រក​ចំណូល​របស់​មន្ទីរ​សាមី​រៀបចំ​សលាក​ប័ត្រ បង់​ចំណូល​ថវិកា​ក្រសួង មន្ទីរជំនាញ​របស់ខ្លួន​តាម​នីតិវិធី ជា​ធរមាន​។

ទី​៤. អភិបាល​រាជធានី ខេត្ត ត្រូវ​ណែនាំ និង​ជំរុញ​ដល់​ក្រសួង មន្ទីរ​ជំនាញ​នីមួយៗ ដែល​ទទួល​បាន​ប្រាក់​រង្វាន់​ពី​ចំណូល​កម្រៃ​សេវា​រដ្ឋបាល ឲ្យ​ធ្វើ​ការ​ចំណាយ​ប្រាក់​រង្វាន់​លើកទឹកចិត្ត និង​ទូទាត់​ប្រាក់​រង្វាន់​នេះ​តាមរយៈ​អាណត្តិ​និយ័តកម្ម និង​សលាក​ប័ត្រ​បង់ប្រាក់​ចំណូល​ថវិកា (​ថវិកា​ប្រាក់រង្វាន់​) ឲ្យ​បាន​មុន​ដំណាច់ឆ្នាំ​២០១៨ និង​ស្របតាម​គោលការណ៍ និង​នីតិវិធី​ផ្តល់​រង្វាន់​លើកទឹកចិត្ត​លើ​ការ​ផ្ដល់​សេវាសាធារណៈ ដែល​កំណត់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu