ភ្នំពេញ ៖ ក្រោយពីសាកសួរចម្លើយដឹងពីមេឈ្មួញកណ្តាលរួចមកការិយាល័យជំនាញកងរាជអាវុធហត្ថរាជធានីនៅព្រឹកថ្ងៃទី០៦ តុលានេះ បានកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅតុលាការបន្ទាប់ពីបង្ក្រាបនៅវេលាម៉ោង២៤នឹង៣០នាទី ថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រួចមក។
មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថ ខណ្ឌច្បារអំពៅ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទី១- ឈ្មោះ ចាន់ សុធី(ហៅអាវ៉ាង) ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ទី២- ឈ្មោះ គង់ សុថៃ(អាថៃ) ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករលីសែង មានទីលំនៅ ភូមិផ្សារឆ្នាំង ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ប្រភពបន្តថា ជនរងគ្រោះឈ្មោះ ខាន់ វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ប្រភពបន្តថា វត្ថុតាងចាប់យករ៉ឺម៉កកង់បីគ្មានស្លាកលេខចំនួន០១គ្រឿង(របស់ជនរងគ្រោះ) រឿងហេតុ នៅវេលាម៉ោង៨នឹង០០នាទីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌច្បារអំពៅ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះស្តីពីករណីខាងលើ កម្លាំងការិយាល័យជំនាញបានចុះទៅកន្លែងកើតហេតុដោយពិនិត្យកាមេរ៉ាសុវត្ថិភាព រហូតកំណត់មុខសញ្ញាបាន នឹងឈានទៅឃាត់ខ្លួនបានភ្លាមៗ។
ប្រភពបន្តទៀតថា ជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុធី ត្រូវកំលាំងជំនាញបានបន្តនីតិវិធីដោយសហការជាមួយកម្លាំងអាវុធហត្ថ ខណ្ឌចំការមន ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះ គង់ សុថៃ នឹងដកហូតវត្ថុតាង(រ៉ឺម៉កកង់បីគ្មានស្លាកលេខ) ដែលជារបស់ជនរងគ្រោះមកវិញផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ នឹងវត្ថុតាងបញ្ជូនទៅការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments