កីឡាករខ្មែរ-បារាំង គួច ដានី សមាជិកក្លិបណាហ្គាវើល ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា ឡើងវិញក្រោយកីឡាកររូបនេះខកខានចូលរួមក្នុងជម្រើសជាតិតាំងពីជំនាន់លោក Lee Tae Hoon ជាគ្រូបង្វឹកមកម្ល៉េះ។ កុក បូរីស ដែលធ្លាប់មកប្រកបអាជីពនៅកម្ពុជា ដំណាលកីឡាករ ដានី បានបង្ហោះសារអបអរដល់មិត្តភក្តិក្រោយទទួលបានកៅអីនេះឡើងវិញ។
កីឡាករ គួច ដានី ជាកីឡាករខ្មែរម្នាក់ក្នុងចំណោម ៣ នាក់មកពីស្រុកបារាំង ដែលបានធ្វើដំណើរមកប្រកបរបបជាកីឡាករបាល់ទាត់នៅកម្ពុជា ដំណាលគ្នានៅឆ្នាំ ២០១២ ក្រោមការបណ្ដុះបណ្ដាលពីលោក ប៉ែន ផាត អតីតសមាជិកជម្រើសជាតិកម្ពុជា អំឡុងទសវត្សទី ៦០ ដោយក្នុងនោះមាន ធារី ចន្ថាប៊ីន និង កុក បូរីស នៅក្លិបភ្នំពេញក្រោន រួមទាំងកីឡាករ ប៉ែន ស្ទេហ្វេន អតីតកីឡាករណាហ្គាខប (ត្រឡប់ទៅបារាំងវិញ)។
កីឡាករ កុក បូរីស អតីតប្រធានក្រុមភ្នំពេញក្រោន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនថា «អបអរសាទរដល់ គួច ដានី។ ពីប្រទេសបារាំងខ្ញុំរីករាយណាស់ដែលឃើញសម្លាញ់របស់ខ្ញុំបានចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា។ អរគុណជាពិសេសដល់ Keisuke Honda ដែលបានផ្តល់ឱកាសលើកដំបូងរូបគេ។ រូបគេមានសមត្ថភាពនិងសាកសមនឹងទទួលកៅអីមួយនេះក្រោយបង្ហាញបច្ចេកទេសជាមួយក្រុមណាហ្គាវើល»។
ខ្សែការពាររូបនេះក៏បានអបអរដល់អតីតមិត្តរួមក្រុមចាស់របស់ខ្លួននៅភ្នំពេញក្រោនដែរថា «ខ្ញុំក៏រីករាយដែលបានឃើញប្អូនៗ ដូចជា អន ចាន់បូលីន, អ៊ិន សូដាវីដ,ប្រាក់ ធីវ៉ា និង ស៊ិន កក្កដា ដែលមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជា លើកនេះផងដែរ។ ពួកគេមានកម្រិតពង្រឹងបច្ចេកទេសដើម្បីជាតួសំខាន់នៅក្នុងជម្រើសជាតិយើង»។
កីឡាករ គួច ដានី បានត្រឡប់មកពីប្រកបអាជីពបាល់ទាត់ហ្វូតសាលនៅប្រទេសបារាំង ជាមួយក្លិប Nantes Bela Futbal ដែលជាសមាជិកក្នុងលីគលំដាប់ទី២ នៅប្រទេសអឺរ៉ុបមួយនេះកាលពីដើមឆ្នាំ២០១៧។ រូបគេបានជួយក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ពាក់កណ្ដាលរដូវកាលឆ្នាំ២០១៧ មុនផ្លាស់ប្តូរមកកាន់ណាហ្គាវើល។ រូបគេបានជួយឲ្យក្រុមណាហ្គាវើល បានបញ្ចប់រដូវកាលលីគកំពូលកម្ពុជា ឆ្នាំចាស់របស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមសមាជិកទាំង១២ក្រុមខណៈក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញ ណាហ្គាវើលបានត្រឹមជើងឯករងក្រោយចាញ់ក្រុមព្រះខ័នរាជស្វាយរៀង នៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកនៅរដូវកាលឆ្នាំ២០១៨នេះបានជួយណាហ្គាវើល ឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ផងដែរ។
កីឡាករ គួច ដានី ធ្លាប់បានទៅចូលរួមធ្វើតេស្តនៅក្លិប Sukhothai Football Club ក្នុងលីគលំដាប់ទី២ នៅប្រទេសថៃ កាលពីដើមឆ្នាំ២០១៦ កន្លងទៅតែមិនសមបំណង។ យ៉ាងណាក្ដីកីឡាកររូបនេះបានផ្ញើខ្លួនជាមួយក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់ ) មួយគ្រាសិននោះទេ ក្នុងជើងទី១រដូវកាល២០១៦ កន្លងទៅមុនចេញទៅខេមបូឌានថាយហ្គឺរ។ កាលពីចុងឆ្នាំ២០១៤ រូបគេធ្លាប់បានទៅធ្វើតេស្តក្នុងក្លិបហ្វូតសាល មួយចំនួននៅប្រទេសជប៉ុន ដែរតែមិនបានសម្រេច។
រូបគេត្រូវបានក្លិបភ្នំពេញក្រោន ចុះកិច្ចសន្យារយៈពេល១រដូវកាលនៅឆ្នាំ ២០១៣ ខណៈឆ្នាំ ២០១៤ រូបគេផ្លាស់ទៅចូលរួមជាមួយក្រុមត្រាយអាស៊ីភ្នំពេញ (ខេមបូឌានថាយហ្គឺរ) និងឆ្នាំ ២០១៥ កន្លងទៅរូបគេបានប្ដូរទៅកាន់ក្លិបចាស់ភ្នំពេញក្រោន វិញ។ កីឡាកររូបនេះចេះលេងបាល់ទាត់ដំបូងចេញពីប្រភពបាល់ទាត់ហ្វូតសាល រហូតអាចឱ្យរូបគេជាប់ក្នុងឈុតក្រុមជម្រើសជាតិហ៊្វូតសាលរបស់បារាំងអាយុក្រោម២១ឆ្នាំ (U-21) ថែមទៀតផង មុនធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៣៕
Source: Kampuchea Thmey Daily
0 Comments