ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងរាំងនិងកម្លាំងព្រហ្មទណ្ឌខណ្ឌដូនពេញចាប់បង្ក្រាបភ្លាមៗ ខណៈដែលពួកគេប្រព្រឹត្តិករណីលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ជិះម៉ូតូឆក់ទូរស័ព្ទដៃ) នៅថ្ងៃសុក្រទី១១រោច ខែភទ្របទឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២១និង៣០នាទី នៅចំណុចផ្លូវ១៨៤កែងផ្លូវព្រះមុន្នីវង្ស ភូមិ៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាជនជាតិចិន ភេទស្រី អាយុប្រហែល៤០ឆ្នាំ បានដើរម្នាក់ឯងតាមផ្លូវព្រះមុន្នីវង្សពីទិសត្បូងទៅជើងពេលដើរមកដល់ចំណុចស្តុបកែង ផ្លូវលេខ១៨៤សង្កាត់បឹងរាំង ស្រាប់តែមានជនសង្ស័យជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពីទិសខាងជើងទៅត្បូង(បញ្ច្រាសទិស) ដោយឈ្មោះធី ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ជាអ្នកបើកម៉ូតូ ហើយជនសង្ស័យឈ្មោះគីម ភារះ ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកអង្គុយពីក្រោយ ពេលនោះជនសង្ស័យឈ្មោះធីជាអ្នកបើកម៉ូតូបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេចក៏បើកម៉ូតូគេចខ្លួន។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ពេលនោះជនរងគ្រោះបានស្រែកឆោឡោក៏មានប្រជាពលរដ្ឋជួយដេញតាមពីក្រោយរហូតដល់ផ្លូវ១៥៤កែងផ្លូវលេខ៦៣ ក៏ត្រូវកម្លាំងល្បាតទប់ស្កាត់បទល្មើសនគរបាលប៉ុស្តិ៍បឹងរាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃើញ អន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យឈ្មោះគីម ភារៈ ដែលជាអ្នក អង្គុយក្រោយយកមកទីស្នាក់ការប៉ុស្តិ៍បឹងរាំង ដើម្បីធ្វើការសាកសួរចំណែកបក្ខពួកឈ្មោះធី ដែលជាអ្នកបើកម៉ូតូបានបើកជិះគេចខ្លួនបាត់រួមជាមួយទូរស័ព្ទដៃដែលឆក់បានរបស់ជនរងគ្រោះទៅជាមួយផង។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជាជនជាតិចិនបានដើរទៅបាត់ដោយមិនបានដាក់ពាក្យបណ្តឹងឡើយ។ តែចំណែកជនសង្ស័យដែលឃាត់ខ្លួនឈ្មោះគីម ភារៈ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះលេខ១២៤អឺ០ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញរាជធានីភ្នំពេញ ហើយជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន។
នៅចំពោះមុខអធិការដ្ឋានបាននឹងកំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយដើម្បីបន្តរកបក្ខពួកនិងប្រវត្តិសកម្មភាពប្រព្រឹត្តបទល្មើសកន្លងមក។ នឹងទិសដៅបន្តអនុវត្តន៍តាមនីតិវិធីច្បាប់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments