Ad Code

រដ្ឋមន្ត្រីក្រសួង​ការងារ​ជំរុញ​ឲ្យ​យុវជន​ផ្សព្វផ្សាយ​ពី​វប្បធម៌​និង​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​ដល់​យុវជន​នៅ​តំបន់​អាស៊ាន



ភ្នំពេញ ​៖ ​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជំរុញ​ឲ្យ​យុវជន​អាស៊ីអាគ្នេយ៍​ត្រូវខិតខំ​សិក្សា​រៀនសូត្រ​ពី​ក្រុមយុវជន​មកពី​តំបន់​អាស៊ាន​នានា​ដើម្បី​យក​នូវ​ចំណុច​ល្អៗ​យកមក​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាតិ​វិញ។

​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា​ចំនួន​២៩​រូប​មុននឹង​ធ្វើដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ជាមួយ​យុវជន​ផ្សេងៗ​ទៀត​នៅ​ប្រទេស​ជប៉ុន​នាពេលខាងមុខ​នេះ​កាលពី​ព្រឹក​ថ្ងៃទី​០៤ តុលា ឆ្នាំ​២០១៨​នេះ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានផ្តល់​អនុសាសន៍​និង​ណែនាំ​បន្ថែម​ឲ្យ​ក្រុមយុវជន​ត្រូវ​ស្វែងយល់​អំពី​ចំណេះដឹង​ទូទៅ​ទាក់ទង​នឹង ស្ថាប័ន តំបន់ និង​អន្តរជាតិ​នានា ដែល​កម្ពុជា​ជា​សមាជិក ក្នុងនោះ​ដូចជា​អាស៊ាន អន្តរ​សភា​អាស៊ាន​និង​អង្គការ​អន្តរជាតិ​ផ្សេងៗ​ទៀត រួមទាំង​អត្ថប្រយោជន៍ ដែល​កើតចេញពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​អង្គការ​ទាំងនោះ​សម្រាប់​កម្ពុជា​។

លើស​ពី​នេះ​ទៀត លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​យុវជន​ទាំងអស់​ត្រូវធ្វើ​ជាម​គ្គុ​ទេស​ដ៏​ល្អ​ម្នាក់ ជា​អ្នកការទូត​ម្នាក់​តំណាង​ឲ្យ​កម្ពុជា ដោយ​រក្សា​ឲ្យ​បាន​នូវ​កិត្តិយស តម្លៃ និង​វប្បធម៌​របស់​ជាតិ ដោយ​ត្រូវ​ព្យាយាម​លើកកម្ពស់​វប្បធម៌ ទេសចរណ៍ និង​អត្តសញ្ញាណ​ជាតិ ព្រមទាំង​រក្សា​នូវ​ទំនាក់ទំនង​ល្អ ជាមួយ​យុវជន​បណ្តា​ប្រទេស​ដទៃ​ផ្សេងទៀត​។

លោក ហោ សំណាង ប្រធានស្ដីទី​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រុមយុវជន​នឹងចូលរួម​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ ដែលមាន​យុវជន​មកពី​ប្រទេស​ក្នុង​អាស៊ាន រួម​នឹង​ប្រទេស​ជប៉ុន​ដែលជា​អ្នកបង្កើត​កម្មវិធី​នឹងធ្វើ​ដំណើរ​តាម​នាវា ពី​ប្រទេស​ជប៉ុន ឆ្លងកាត់​ប្រទេស​ប្រ៊ុយណេ ហ្វីលីពីន ថៃ និង​ប្រទេស​វៀតណាម​រយៈពេល​៥២​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៣ ខែតុលា ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​គោ ល​បំណង​ពង្រឹង​ចំណងមិត្តភាព សាមគ្គីភាព និង​ការយោគយល់​គ្នា រវាង​យុវជន​ជប៉ុន និង​យុវជន​អាស៊ាន​ទាំង​១០​ប្រទេស ក៏ដូចជា​បង្កើន​ស្មារតី​និង​ជំនាញ​ច្បាស់លាស់​របស់​យុវជន​ក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជាដើម​។​

សូម​បញ្ជាក់​ថា កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​-​ជប៉ុន បង្កើតឡើង​ដោយ​ប្រទេស​ជប៉ុន គឺ​នៅ​ឆ្នាំ​១៩៧៤​។ ចំណែក សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៤ ដែល​រហូតមក​ដល់ពេលនេះ មាន​យុវជន​កម្ពុជា ចំនួន​៥៦៩​នាក់ ហើយ​បាន​ចូលរួម​ជាមួយ​កម្មវិធី​នាវា​យុវជន​អាស៊ី អាគ្នេយ៍​-​ជប៉ុន​នេះ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu