Ad Code

អង់គ្លេស​ចោទប្រកាន់​ចារកម្ម​រុស្ស៊ី​អំពី​ការ​ធ្វើ​យុទ្ធនាការ​វាយប្រហារ​តាម​អ៊ីនធឺណិត



រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក Jeremy Hunt នៅ​ថ្ងៃ​ព្រហស្បតិ៍​ បាន​ចោទប្រកាន់​ចារកម្ម​យោធា​រុស្ស៊ី​ថា ​បានធ្វើ​យុទ្ធនាការ​នៃ​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ដោយ “​មិន​រើសមុខ​ និង​មិន​ប្រុងប្រយ័ត្ន​” ដែល​កំណត់​គោលដៅ​ទៅលើ​ស្ថាប័ន​នយោបាយ អាជីវកម្ម ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​កីឡា​នៅ​ជុំវិញ​ពិភពលោក។

យោងតាម​ការិយាល័យ​ការបរទេស​បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​សន្តិសុខ​អ៊ីនធឺណិត​ជាតិ​របស់​ចក្រភព​អង់គ្លេស (NCSC) បានកំណត់​អត្តសញ្ញាណ​ប្រតិបត្តិ​ករ​មកពី GRU របស់​ប្រទេស​រុស្ស៊ី​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​តាម​កុំព្យូទ័រ​ជាច្រើន។

មនុស្ស​ជាច្រើន​ធ្លាប់បាន​ផ្សារភ្ជាប់​វា​ទៅនឹង​ទីក្រុង​មូ​ស្គូ​ដែល​រួមបញ្ចូល​ទាំង​ការវាយប្រហារ​ដោយ​មេរោគ “BadRabbit” ឆ្នាំ​២០១៧​ដែល​សំដៅ​ទៅលើ​ព្រលានយន្តហោះ​អន្តរជាតិ​អ៊ុយ​ក្រែ​ន​និង​បណ្តាញសារព័ត៌មាន​រុស្ស៊ី​និង​ការប៉ុនប៉ង hack ភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​ពិភពលោក​នៅក្នុង​ប្រទេស​ស្វ៊ី​ស​កាលពី​ឆ្នាំមុន​ផងដែរ។

លោក Hunt បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ឥរិយាបថ​បែបនេះ​បានបង្ហាញ​ពី​បំណងប្រាថ្នា​របស់​ពួកគេ​ក្នុងការ​ដំណើរការ​ដោយ​មិន​គោរព​ច្បាប់​អន្តរជាតិ​ឬ​បទដ្ឋាន​ដែល​បាន​បង្កើតឡើង​ហើយ​ធ្វើដូច្នេះបាន​ដោយសារ​តែមាន​និ​ទណ្ឌ​ភាព​និង​គ្មាន​ផលវិបាក”។

យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា NCSC មាន​ទំនុកចិត្ត​ខ្ពស់​ថា GRU​ទទួលខុសត្រូវ​ស្ទើរតែ​ទាំងស្រុង​ចំពោះ​ការវាយប្រហារ​ឆ្នាំ​២០១៧​ក៏ដូចជា​សកម្មភាព​ដ​ទៃទៀត​ដូចជា​កំណត់​គោលដៅ​លើ​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​ផងដែរ​។

ពួកគេ​បាន​និយាយថា រដ្ឋាភិបាល​អង់គ្លេស​បាន​ជំរុញ​ឲ្យ​វិមាន​ក្រឹម​ឡាំង​ទទួលខុសត្រូវ​ចំពោះ​យុទ្ធនាការ​តាម​អ៊ីនធឺណិត​។​

ការិយាល័យ​ការបរទេស​បានចាត់ទុក​វា​ថា​ជា “​ការរំលោភ​ជាក់ស្តែង​នៃ​ច្បាប់​អន្តរជាតិ​” ដែល​បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ត្រូវ​ខាតបង់​អស់​រាប់លាន​ផោន​។​

ពួក Hacker ដែល​ត្រូវបាន NCSC ស្គាល់​ថា​ជា​ប្រតិបត្តិការ​របស់ GRU គឺ​រួមមាន “APT28”, “Pawn Storm”, “Sandworm”, “Fancy Bear” និង “Sofacy Group”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu