ភ្នំពេញ ៖ ក្នុងពេលដែលខ្ញុំជួបវិប្រតិបត្តិគ្រួសារ ខ្ញុំអស់រលីងពីខ្លួនសល់តែកូនពីរនាក់។ ភាពទទេស្អាតនេះបើអ្នកផ្សេងខុសពីខ្ញុំ អាចត្រូវចងក លោតទឹកឬលេបថ្នាំ តែខ្ញុំមិនព្រមស្លាប់ជាដាច់ខាត។ ខ្ញុំត្រូវចាប់ផ្តើមពីចំណុចសូន្យរហូតបានឡើងដល់កម្រិតកំពូលវិញ។ តើទាំងនេះអាចចាត់ជាមនុស្សរឹងមាំ ជាម្តាយល្អ ជាបុគ្គលគំរូដល់ស្ត្រីទូទៅបានដែរទេ ? សំនួរនេះមិនមែនខ្ញុំសួរចង់បានអ្វីទេ គឺខ្ញុំចង់សួរខ្លួនឯងប៉ុណ្ណោះ។ អ្នកនាង ម៉េង កែវពេជ្ជតា និយាយ។
តារាចម្រៀងសំឡេងពីរោះរណ្ដំចិត្តអ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងទៀតថា ព្រោះកន្លងមកខ្ញុំទទួលបានតែឈ្មោះមិនល្អច្រើនជាងការសរសើរ .. ខ្ញុំតែងត្រូវបានមនុស្សមួយចំនួនដែលអគតិធ្វើការវាយប្រហារកិត្តិយសដោយសម្តីគ្រោតគ្រាត បង្កើតព័ត៌មានអវិជ្ជមានអោយខ្ញុំ និងបន្តចែកចាយផ្សព្វផ្សាយរឿងមិនពិតតាមតែនឹកឃើញតាមតែការគុំកួនរបស់ពួកគេ..ស្តាប់ទៅខ្ញុំរកកន្លែងល្អគ្មានសោះតែម្តង រហូតខ្ញុំឆ្ងល់ថាតើអោយខ្ញុំធ្វើល្អដល់កម្រិតណាទៀត ទើបគេមិននិន្ទាខ្ញុំ ?។
អ្នកនាង ម៉េង កែវពេជ្ជតា បន្តទៀតថា តើខ្ញុំត្រូវលះបង់ប៉ុណ្ណាទៀត និងបាត់បង់ស្អីទៀតទើបគេថាល្មម? គេមានដែលគិតទេថាមុននឹងខ្ញុំបានមកដល់ចំណុចខ្ពស់នេះវិញ តើខ្ញុំត្រូវតាំងស្មារតីចំណាយកម្លាំងកាយចិត្តប៉ុណ្ណា ? តើខ្ញុំត្រូវតស៊ូប្រឈមរងព្យុះភ្លៀងប៉ុណ្ណា ? តើខ្ញុំរងរបួសប៉ុន្មានកន្លែង ? ចុះចំណែកអ្នកដែលខំពេបជ្រាយខ្ញុំនេះ មានធ្លាប់បានជួយអ្វីដល់ខ្ញុំទេ ? ធ្លាប់ឃើញខ្ញុំលាដៃសុំលុយសុំជំនួយពីអ្នកណាទេ ? អត់ទេ !។
តារាចម្រៀងចា់វស្សាអ្នកនាង ម៉េង កែវពេជ្ជតា និយាយថាចុះបើអត់សោះហេតុអីក៏ពេលខ្ញុំជោគជ័យ ខ្ញុំរស់រាន ខ្ញុំមានខ្ញុំបាន ម្តេចក៏អ្នកនោះមិនសរសើរតែបែរជាមួម៉ៅក្តៅក្រហាយនឹងខ្ញុំ ហើយខំប្រឹងស្រែកហែកហួរផាត់ពណ៌បង្កប្រឌិតសាច់រឿងមិនពិតមកប្រទេចពន្លិចខ្ញុំអីក៏ច្រើនសម្បើមម្ល៉េះ ? តើមកពីខ្ញុំល្អមិនទាន់គ្រប់គ្រាន់ ឬមកពីចិត្តតិរច្ឆានសាមាន្យរបស់គេដែលច្រណែនខ្ញុំទើបខ្ញុំដូចជាអាក្រក់មួយចប់អញ្ចឹង ? តើអ្នកឯងវិញជាស្អីទៅ ?។
អ្នកនាង ម៉េង កែវពេជ្ជតា បញ្ជាក់ថាល្អអស្ចារ្យ ប៉ុណ្ណាទៅដែលត្រូវមកអង្គុយផ្តុំក្បាលគ្នាវិភាគដាក់ពិន្ទុអោយគេស្រេចតែចិត្តនោះ ? គិតថាខ្លួនឯងឥតខ្ចោះមែន ? ការពិតអ្នកឯងក្លាហាននិងពូកែតែរឿងបង្កាច់មួលប្រមូលយករបួសស្នាមលើខ្លួនគេ មកចំអកបញ្ឈឺថាគេសំបូររឿងអាស្រូវប៉ុណ្ណោះ តែអ្នកឯងមិនក្លាហានហ៊ានប្រាប់អ្នកគ្រប់គ្នាថារឿងអាស្រូវទាំងនោះគឺវាកើតចេញពីស្នាដៃដ៏ថោកទាបរបស់អ្នកឯងហ្នឹងទេ! ។តាមស្គាល់ អ្នកឯងក៏មិនក្លាហានតស៊ូពី ០ ដល់ ១០០ ដូចខ្ញុំដែរ។
ចង់ដឹងសាកលមើលទៅ មនុស្សធុនអ្នកឯងបើមិនសុំទាន លក់ខ្លួន ធ្វើចោរ ឬធ្វើទុច្ចរិតដើម្បីរស់ទេ ក៏ច្បាស់ជាចងក លេបថ្នាំ លោតទឹកងាប់មុនអាយុមិនខានដែរ។ ឱ ពួកអស់លោកអ្នកនាងល្អល្អាច់អឺ ។អ្នកនាង ម៉េង កែវពេជ្ជតា បន្ថែម៕
Source: Kampuchea Thmey Daily
0 Comments