ភ្នំពេញ ៖ បន្ទាប់ពីធ្វើការផលិត និងថតបញ្ចប់ដោយជោគជ័យផលិតកម្មRock បានបើកពិធីសម្ពោធជាផ្លូវការដើម្បីធ្វើការចាក់បញ្ចាំងខ្សែភាពយន្តរឿង កែវវេទមន្ត នៅតាមបណ្តារោងកុននៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាមជាដើម។
ពិធីសម្ពោធខ្សែរឿង កែវវេទមន្ត របស់ផលិតកម្មRockនេះ បានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៨ ស្ថិតនៅផ្សាសុវណ្ណា ដែលពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអ្នកគាំទ្រជាច្រើន។ ខណៈដែលខ្សែភាពយន្តនេះ ក៏នឹងត្រូវចាក់បញ្ចាំងនៅថ្ងៃ ព្រហស្បតិ៍ទី១៨ខែតុលា ឆ្នាំ២០១៨នេះ។
បើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់លោក យឹម សុសត្យា ហៅ លីម៉េង ប្រធានគ្រប់គ្រងកម្មវិធី និងជំនួយការអគ្គនាយកផលិតកម្មRock បានលើកឡើងថា រឿង កែវវេទមន្ត ដែលទើបត្រូវបានសម្ពោធចាក់បញ្ចាំងនេះគឺនៅក្នុងផ្ទៃសាច់រឿងទាំងមូល មានលក្ខណៈបែបស្នេហា និងបញ្ចូលឈុតឆាកកំប្លែងផងដែរ។
លោក យឹម សុសត្យា បានបន្តថា ខ្សែភាពយន្តរឿង «កែវវេទមន្ត» នេះ គឺជាសាច់រឿងថ្មីប្លែកមួយទៀត ដែល ផលិតកម្ម Rock បានសម្រិតសម្រាំងឡើងយ៉ាងល្អ ជាពិសេសនោះ គឺមានប្លង់ថតល្អៗប្រភេទ 4D ហើយបានប្រើបច្ចេកទេស ចុងក្រោយដែលផលិតកម្ម Rock បានសម្រិតសម្រាំងឡើង ដើម្បីឲ្យភាពយន្តមួយនេះ ទទួលបានការគាំទ្រ កាន់តែខ្លាំងពីសំណាក់ទស្សនិកជន ខណៈការចំណាយ គឺប្រមាណជិត ៦ម៉ឺនដុល្លារឯណោះ។
សូមបញ្ជាក់ថា ខ្សែភាពយន្ត រឿង«កែវវេទមន្ត»គឺជាប្រភេទសាច់រឿងបែបស្នេហារ៉ូមែនទិក លាយឡំជាមួយនឹងភាពកំប្លុកកំប្លែង ដែលមានការចូលរួមសម្ដែង ពីសំណាក់ លោក យ៉ារ៉ូ ជាតួឯកប្រុស និងតួឯកស្រីអ្នកនាង សុខ សោម៉ាវត្តី ដែលភាពយន្តខ្នាតធំមួយនេះ នឹងត្រូវដាក់បញ្ចាំងជាផ្លូវ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នៅគ្រប់បណ្ដារោងភាពយន្ត ទាំងអស់ នៅក្នុងទីក្រុងភ្នំពេញ សៀមរាប និងបាត់ដំបងផងដែរ៕
Source: Kampuchea Thmey Daily
0 Comments