ភ្នំពេញ ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៨ នេះ គឺជាគម្រប់ ៦ នៃថ្ងៃសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ។ ជារៀងរស់ឆ្នាំ ព្រះមហាក្សត្រនិងសម្ដេចម៉ែ បានប្រារព្ធព្រះរាជពិធីនៅក្នុងព្រះបរមរាជវាំងដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភានិង រាជរដ្ឋាភិបាល។ចំណែកស្ថាប័នជាតិរួមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល គ្រប់ក្រសួងមន្ទីរ ស្ថាប័ន បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទ សម្តេចព្រះបរមរតនកោដិ នៅវិមានតម្កល់ព្រះបរមរូប ខាងកើតវិមានឯករាជ្យ។
ពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះបាទ នរោត្តម សីហនុ គម្រប់ខួប៦ ឆ្នាំ នៅឆ្នាំនេះត្រូវបានប្រារព្ធធ្វើឡើងដូចរៀងរាល់ឆ្នាំដែរ។ ស្ថាប័នជាតិ រួមទាំងថ្នាក់ដឹកនាំកំពូលៗ ព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាល គ្រប់ក្រសួងមន្ទីរ បានដាក់វេនគ្នា ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅវិមានតម្កល់ព្រះបរមរូប។
ក្រៅពីនេះនៅតាមបណ្តាផ្លូវ វិថី និង ស្ថាប័នសំខាន់ៗនៅក្នុងរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្តនានាក៏មានផងដែរ ការដាក់តាំងព្រះបរមឆាយាល័ក្ខណ៍របស់ព្រះអង្គ ដោយមានភ្លើងពណ៌បំភ្លឺនិងតុបតែងលម្អទង់ជាតិ បដា ពាក្យស្លោក និង ទង់ជាតិព្រះរាជាណាចក្រកម្ពុជាដូចឆ្នាំមុនៗដែរ។
ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៥ ខែតុលានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន តែងបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់សម្តេចរំលឹកពីស្នាព្រះហស្ដរបស់ព្រះបរមរតនកោដ្ឋ តួយ៉ាងដូចជាព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំងនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ជាដើម។
នៅតាមបណ្តាខេត្តក៏បានប្រារព្ធខួបនៃការយាងសោយទិវង្គតនៃអតីតព្រះមហាក្សត្រនរោត្តម សីហនុ នៅសាលាខេត្ត។
នៅក្នុងព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធនិងថ្វាយការរំលឹកគុណនៃព្រះបរមរតនកោដ្ឋ ដោយថ្លែងពីភក្ដីភាព អ្នកចូលរួម ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅហាក់បីដូចជាបានស្ថិតនៅក្នុងអតីតកាលនៃវេលាដែលព្រះបរមរតនកោដ្ឋទើបយាងសោយទិវង្គតថ្មីៗនោះ គឺមនោសញ្ចេតនាការស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេកក៏បានផុសឡើងសាជាថ្មីម្តងទៀតនៃការឃ្លាតឆ្ងាយពីអង្គព្រះមហាវីរក្សត្រនៃកម្ពុជាដែលគ្មានថ្ងៃវិលត្រឡប់ជួបកូនចៅវិញឡើយ។ ការប្រារព្ធព្រះរាជពិធីនេះឡើង គឺដើម្បីបង្ហាញនូវសេចក្តីគោរពស្រឡាញ់លើសពីជីវិតដែលពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបានរបស់ប្រជារាស្ត្ររបស់ព្រះអង្គ និងជាការរំលឹកនូវគុណូបការៈគុណរបស់ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុកនូវស្នាព្រះហស្ដនៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ជាពិសេសនោះគឺជោគជ័យនៃកម្ពុជាក្នុងការដណ្តើមយកឯករាជ្យជាតិពីអាណានិគមនិយមបារាំងសេសនាឆ្នាំ១៩៥១ និងការទាមទារនូវប្រាសាទព្រះវិហារខ្មែរមកវិញពីសំណាក់សៀម ឈ្លានពាននាឆ្នាំ១៩៦២ ការបង្រួបបង្រួមផ្សះផ្សាជាតិ និងសមិទ្ធផលធំៗជាច្រើនផងដែរ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិ បានប្រសូតនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ១៩២២ និង បានយាងចូលទិវង្គតកាលពីថ្ងៃទី១៥ ខែ តុលា ឆ្នាំ ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។
អតីតព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហនុ គឺជាឥស្សរជនលេចធ្លោបំផុតក្នុងឆាកនយោបាយកម្ពុជា ក្នុងរយៈកាលប្រមាណជា៧ទសវត្សរ៍កន្លងទៅ។ អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់គ្រងរាជបល្ល័ង្ករហូតដល់ទៅ ២លើកហើយបានដាក់រាជ្យ ២លើក ទ្រង់គឺជាតួអង្គ និងជាសាក្សីដ៏ចម្បងបំផុតនៃប្រវត្តិសាស្ត្រខ្មែរសម័យទំនើបរាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំងសម័យរុងរឿងក្រោយឯករាជ្យទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាព ការផ្សះផ្សារជាតិ និងការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅក្នុងទសវត្សរ៍ទី៩០។ ស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋ ដែលគេមិនអាចបំភ្លេចបានមួយទៀត គឺព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំង៕
Source: Kampuchea Thmey Daily
0 Comments