Ad Code

ឃីម បូរ៉ា និង សុខ សា​វិ​ន ចាញ់​ដូចគ្នា ក្នុង​ជម្រុះ​លើក​ទី​៣​ខ្សែក្រវាត់​ខា​រ៉ា​បាវ នៅ​SEA-TV



សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​៣ នៃ​ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៧ ទម្ងន់​៦០​គីឡូក្រាម​នៅលើ​សង្វៀន​SEA-TV កាលពី​រសៀល​ថ្ងៃទី​១៣​ តុលា ​២០១៨​នោះ ឃីម បូរ៉ា អ្នក​ប្រដាល់​កម្ពុជា​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ និង​សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ បាន​វាយ​ចាញ់​ថៃ​ដូចគ្នា។

​ឃីម បូរ៉ា ត្រូវ​អ្នក​ប្រដាល់​ថៃ Phat Ngenthong វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​២ ហើយ​សុខ សា​វិ​ន បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Phat Thana ដោយ​ពិន្ទុ​ដាច់​៥​ទល់​០ ។

ដូច្នេះ ឃីម បូរ៉ា និង សុខ សា​វិ​ន អ្នក​ប្រដាល់​កម្ពុជា​យើង ដែល​ថិ​ត​ក្នុង​ពូ​ល​A(​ពូ​ល​ខ្មែរ​) ពួកគេ​ទាំងពីរ​រកបាន​៧​ពិន្ទុ​ម្នាក់​ដូចគ្នា ក្នុង​ជម្រុះ​៣​លើក​នេះ ដោយ​ឈ្នះ​ទាំង​២​លើក និង​ចាញ់​១​លើក ហើយ Phat Ngenthong (​ពូ​ល​B) បាន​៥​ពិន្ទុ និង Phat Thana(​ពូ​ល​B)​បាន​៧​ពិន្ទុ សម្រាប់​ការប្រកួត​ជម្រុះ​៣​លើក​ដូចគ្នា​នោះ ។​

សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៧ ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន ៨ រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់ ។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួមមាន​ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ , សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ , លី ភា ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង និង​សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក​។ ឯ អ្នក​ប្រដាល់​ថៃ ៤ នាក់​វិញ មាន Phat ChhayakPhum , Phat Maha , Phat Ngenthong និង Phat Thana ៕

មុត ខ្លឹម​ខ្មៅ អ្នកឈ្នះ​ប្រាក់​១០​លាន​រៀល​
​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជម្រុះ​ដណ្តើម​ប្រាក់​១០​លាន​រៀល របស់​ក្រុមហ៊ុនស្រា​បៀរ​Ganzberg ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម នៅលើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​សម្រាប់​សប្តាហ៍​ចុងក្រោយ យប់​ថ្ងៃទី​១៣​តុលា​២០១៨ ដែលជា​ការប្រកួត​ផ្តាច់ព្រ័ត្រ​នោះ មុត ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ បាន​វាយ​ឈ្នះ​អ៊ុំ វ​ណ្ណេ​ត អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​ដោយ​ពិន្ទុ​ឯកច្ឆ័ន្ទ ។

មុត ខ្លឹម​ខ្មៅ ឆ្លងកាត់​វគ្គ​ជម្រុះ​៤​ប្រកួត​និង​១​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ គេ​ឈ្នះ​រហូត ដែល​ធ្វើ​ឲ្យ​គេ​ទទួលបាន​ប្រាក់រង្វាន់​១០​លាន​រៀល ក្នុងឋានៈ​ជា​អ្នក​លេខ​១​នៃ​ព្រឹត្តិការណ៍ ប្រដាល់​ដណ្តើម​ប្រាក់​១០​លាន​រៀល ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នេះ ។ ចំពោះ​អ៊ុំ វ​ណ្ណេ​ត ដែល​ចាញ់​នោះ បាន​២​លាន​រៀល ។

ឌុន រដ្ឋា ចាញ់ Aboofazei ឯ ផាន់ គ្រាន់ ចាញ់ Loom Leng
​ឌុន រដ្ឋា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​អ៊ីរ៉ង់​Aboofazei ក្នុង​ទឹក​ទី​៥ ក្នុង​ការជួប​ប្រកួត​គ្នា នា​យប់​ថ្ងៃ​សៅ​រិ៍​ទី​១៣​តុលា​២០១៨ នៅលើ​សង្វៀន​Ganzberg Top Fighter នេះដែរ ។​
​អ្នក​ប្រដាល់​អ៊ីរ៉ង់ Aboofazei បាន​វាយ​ឌុន រដ្ឋា ដោយ​កែង​បែក​ចិញ្ចើម​ខាងស្តាំ​ហូរឈាម​ខ្លាំង​នៅក្នុង​ទឹក​ទី​៤ ។​មកដល់​ទឹក​ទី​៥ ដោយសារ​ការរំខាន​ការប្រកួត ធ្វើ​ឲ្យ​គ្រូពេទ្យ​សម្រេច​បញ្ឈប់​ឌុន រដ្ឋា លែងអោយ​បន្ត​ការប្រកួត​ទៀត ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាងនេះទៀត ។

ចំពោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​Loom Leng ក្នុង​ទឹក​ទី​៣ ដោយសារ​គេ​របូត​ស្មា ដោយ​ការ​ទាត់​ត្រូវ​របស់​Loom Leng ប៉ុន្មាន​ជើង​នោះ ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu