Ad Code

គង់ សំបូរ ផ្តួល​អ៊ីរ៉ង់ Daraei Arman ក្នុង​ទឹក​ទី​៤



គង់ សំបូរ អ្នក​ប្រដាល់​កម្ពុជា ក្លិប​អាណាចក្រ​ប្រយុទ្ធ​ខេត្តសៀមរាប បាន​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​អ៊ីរ៉ង់​Daraei Arman ក្នុង​ទឹក​ទី​៤ ក្នុង​ការជួប​ប្រកួត​គ្នា​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៤​ តុលា ​២០១៨ លើស​ង្វៀន​Boostrong Fighter On Fire នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍។

នៅក្នុង​ការប្រកួត​បី​ទឹក​ដំបូង គង់ សំបូរ​លំបាក​ក្នុងការ​ផ្តួល​អ្នក​ប្រដាល់​អ៊ីរ៉ង់​នេះ​ណាស់ ព្រោះ​Daraei Arman ល្អ​និង​ខ្លាំង​គួរសម​ដែរ ។ ប៉ុន្តែ​មកដល់​ទឹក​ទី​៤​គង់ សំបូរ បាន​រកឃើញ​ចំណុចខ្សោយ​របស់ Daraei Arman នេះ ដោយ​ការ​ទាត់​ជើង​ក្រោម​របស់គេ​អោយ​ដួល​រាប់​៨​មួយ​លើក និង​ទាត់​ដួល​ម្តងទៀត Daraei Arman​បាន​សុំ​ចុះចាញ់​គង់ សំបូរ​តែម្តង។

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ហេង វាសនា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង បាន​វាយ​ឈ្នះ សំ ភក្តី អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ដោយ​ពិន្ទុ​ទាំង​លំបាក បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ បាន​វាយប្រហារ​គ្នា​ទៅវិញទៅមក ដែល​មើលទៅ គឺ​វាសនា​មានប្រៀប​ឈ្នះ​បន្តិចបន្តួច​ប៉ុណ្ណោះ។

សៅ ប៊ុនធឿន អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ បាន​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​វ៉ន វ៉ុ​ន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ក្រោយពី​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។ រីឯ វិ​ន ដា​វីត ក្លិប​នាគរាជ​ចតុមុខ វាយ​ឈ្នះ​គង់ វិ​រះ ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​ដោយ​ពិន្ទុ៕

រឿង សា​រ័ត្ន ចាញ់​Pheach Aroun ទឹក​១ ខ​ណៈ​ជា សំនៀង ចាញ់​Kao Ah ទឹក​១ ដែរ
​អ្នក​ប្រដាល់​កម្ពុជា​រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ក្នុង​ទឹក​ទី​១ នៅក្នុង​ការជួប​ប្រកួត​ជម្រុះ​ជុំ​ទី​២ នៃ​ព្រឹត្តិការណ៍​ដណ្តើម​ខ្សែក្រវាត់​Wurkz រដូវ​កាល​ទី​២ ទម្ងន់​៦៧​គីឡូក្រាម លើស​ង្វៀន​SEA-TV កាលពី​ល្ងាច​ថ្ងៃទី​១៤​តុលា​២០១៨។

រឿង សា​រ័ត្ន ត្រូវ​អ្នក​ប្រដាល់​ថៃ​ជើងចាស់​Pheach Aroun អុក​ជង្គង់​ត្រូវ​ចុងដង្ហើម​មួយ ជង្គង់​ពេញ ក្នុងការ​ប្រកួត​ដែល​ទើប​ដំណើរការបាន​ពាក់កណ្តាល​ទឹក​១​នោះ ធ្វើអោយ​រឿង សា​រ័ត្ន ចុក​សន្លប់​លើ​រេញ ។​លទ្ធផល​នេះ បានធ្វើអោយ​រឿង សា​រ័ត្ន ទទួលបាន​៤​ពិន្ទុ ក្នុងការ​ប្រកួត​ជម្រុះ​២​លើក​នេះ។

ចំពោះ ជា សំនៀង អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដែល​ឡើង​ប្រកួត​ជាល​ក្ខណៈ​មិត្តភាព​អន្តរជាតិ ជំនួស​អោយ​ជឹម​ចិ​ត្រា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដែល​បោះបង់​ការប្រកួត​ជម្រុះ​ខ្សែក្រវាត់​ជុំ​ទី​២​នេះនោះ បាន​ត្រូវ​អ្នក​ប្រដាល់​ថៃ​Kao Ah ដែលជា​គូ​ខ្សែក្រវាត់​របស់​ជឹម ចិ​ត្រា វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​១​ដែរ។

សំនៀង ត្រូវ​Kao Ah វាយ​អោយ​អាជ្ញាកណ្តាល​រាប់​៨ ពីរដង​និង​ត្រូវ​ម្តងទៀត ក៏ត្រូវ​អាជ្ញាកណ្តាល​បញ្ឈប់​លែងអោយ​ប្រកួត​តែម្តង ។ សំនៀង ដែល​ទំនងជា​អត់​បាន​ត្រៀម​ហាត់​នោះ ត្រូវ​Kao Ah​អុក​ជង្គង់​និង​វាយ​កែង​ត្រូវជា​ច្រើន​ជង្គង់​និង​កែង ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​រាប់​៨ ពីរដង និង​លើក​ទី​៣ អាជ្ញាកណ្តាល​បញ្ឈប់​លែង​ឲ្យ​ប្រកួត​តែម្តង។

សូមបញ្ជាក់ថា ជឹម ចិ​ត្រា ដែល​អ​វត្ថ​មាន​នោះ​គឺ​ត្រូវ​ទទួលបាន​០​ពិន្ទុ ឯ Kao Ah គេ​ត្រូវ​ទទួលបាន​៣​ពិន្ទុ ។ ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​Wurkz រដូវ​កាល​ទី​២ ទម្ងន់​៦៧​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​៤​រូប។ ការប្រកួត គឺ​ពុំមាន​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទេ ។ ដូច្នេះហើយ ទើប​ទាំង​ប្រដាល់​ខ្មែរ ទាំង​អ្នក​ប្រដាល់​ថៃ គឺ​ត្រូវការ​ឈ្នះ​ដូចគ្នា ត្បិត​គេ​ជ្រើសរើស​យកតែ​អ្នក​លេខ​១​និង​លេខ​១​ក្នុង​ជុំ នៃ​ពូ​ល​ខ្មែរ​និង​ពូ​ល​ថៃ​តែប៉ុណ្ណោះ៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu