Ad Code

មន្ទីរ​បញ្ច​កោណ​៖ អាមេរិក​និង​កូរ៉េខាងត្បូង​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​បន្ថែមទៀត



អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​លោក Jim Mattis និង​សម​ភាគី​កូរ៉េខាងត្បូង​លោក Jeong Kyeong-doo បាន​លុបចោល​ការធ្វើ​សមយុទ្ធ​យោធា “Vigilant Ace” ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ខែធ្នូ​។​

អ្នកនាំពាក្យ Dana White បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មន្ត្រី​ទាំងពីរ​បាន​យល់ព្រម​ផ្អាក​សមយុទ្ធ​នេះ​ដើម្បី​ផ្តល់ឱកាស​សម្រាប់​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​ជាមួយ​ក្រុង​ព្យុងយ៉ាង​។​

សេចក្តីថ្លែងការណ៍​ដដែល​បាន​និយាយថា “​រដ្ឋមន្ត្រី​ទាំងពីរ​បាន​ប្តេជ្ញាចិត្ត​កែសម្រួល​លំ​ហាត់​ហ្វឹកហ្វឺន​ដើម្បី​ធានា​ការត្រៀមខ្លួន​សម្រាប់​កង​កម្លាំង​របស់​យើង​”​។ សេចក្តីថ្លែងការណ៍​នោះបាន​និយាយទៀតថា តម្រូវការ​សម្រាប់​សម​យុទ្ធនា​ពេលអនាគត​នឹងត្រូវ​បាន​វាយតម្លៃ​ជា​បន្ត​។​

ការសម្រេចចិត្ត​នេះ​បាន​កើតឡើង​នៅពេល​លោក Mattis ជួប​លោក Jeong និង​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន Takeshi Iwaya កាលពី​ថ្ងៃ​សុក្រ​នៅឯ​ជំនួប​កំពូល​សន្តិសុខ​មួយ​ក្នុងប្រទេស​សិង្ហ​បុរី​។​

បន្ទាប់ពី​កិច្ចប្រជុំ​របស់​ប្រធានាធិបតី​អាមេរិក​លោក Trump នៅ​ខែមិថុនា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​, សហរដ្ឋអាមេរិក​បាន​និយាយថា​ខ្លួន​នឹង​ផ្អាក​ការធ្វើ​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង​រួមទាំង​ការធ្វើ​សមយុទ្ធ Ulchi Freedom Guardian ទ្រង់ទ្រាយ​ធំ​ដែល​គ្រោង​ធ្វើ​នៅ​ខែសីហា​ផងដែរ​។​
Vigilant Ace គឺជា​សមយុទ្ធ​ដែនអាកាស​មួយ​ដែល​សំដៅ​ទៅលើ​ការបង្កើន​ការសម្របសម្រួល​រវាង​កងទ័ព​ទាំងពីរ​ដែល​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ដើមខែ​ធ្នូ​ក្នុងប្រទេស​កូរ៉េខាងត្បូង​។​

កាលពី​ឆ្នាំមុន មាន​យន្តហោះ​ចំនួន​២៣០​គ្រឿង​និង​កងទ័ព​អាមេរិក​និង​កូរ៉េខាងត្បូង​ប្រហែល ១២,០០០​នាក់​បាន​ចូលរួម​៕ AFP




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu