បាត់ដំបង ៖ ល្បែងចម្រុះមួយកន្លែង ដែលគេស្គាល់ថា ជារបស់មន្ត្រីប៉ូលិស វរៈព្រំដែន ៣១០ ព្រមទាំងមានសភាពដុះស្លែផងនោះ ត្រូវបានមជ្ឈដ្ឋានជាច្រើនធ្វើការរិះគន់ ពិសេសគឺអាជ្ញាធរឃុំតែម្តង ដែលបានបញ្ចេញមតិ និងលើកឡើងក្នុងអង្គប្រជុំក្រុមប្រឹក្សាស្រុក ដោយសារតែសមត្ថកិច្ចគ្មានវិធានការក្នុងការបង្ក្រាបឬក៏អាចថា ត្រូវថ្នាំសណ្ដំគេក៏ថាបាន។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៨ លោក ប៉ុម ម៉ុន មេឃុំស៊ុង ដែលស្ថិតនៅក្នុងស្រុកសំឡូត ខេត្ត បានជួបជាមួយកម្ពុជាថ្មី នៅក្នុងបរិវេណសាលាឃុំតែម្តង ដោយលោកបានមានប្រសាសន៍ថា រយៈពេលប្រមាណ៣ឆ្នាំមកហើយ ដែលទីតាំងល្បែងមួយកន្លែងគឺមានលក្ខណៈស្លែកាន់ទៅហើយ ហើយក៏ជារបស់ឈ្មោះ ស៊ូ គឹមអន ជាមន្ត្រីនគរបាល វរៈការពារព្រំដែនគោកលេខ ៣១០ ទិសសំឡូត។
លោកមេឃុំបានបន្តថា នៅក្នុងរយៈពេល៣ឆ្នាំនេះ គឺត្រូវបានកំលាំងសមត្ថកិច្ចខេត្តចុះបង្ក្រាបបានម្តង រួចពីនោះមក គឺគេបានបើកជាធម្មតាវិញ ដែលក្នុងនោះមាន អាប៉ោង បៀ និងល្បែងភ្នាល់កីឡា ការបើកល្បែងក្នុងស្រុកសំឡូតនេះ មិនត្រឹមតែទាក់ទាញប្រជាពលរដ្ឋ និងអ្នករកស៊ីក្នុងស្រុកអោយចូលលេងប៉ុណ្ណោះទេ គឺគេសង្កេតឃើញមានតាំងពី ប៉ូលិស ៣១០ ប៉ូលិសក្នុងវរៈ ៨២៣ មន្ត្រីច្រក ៤០០ និងកងកំលាំងប្រដាប់ អាវុធក្នុងស្រុកតែម្តង ពិសេសបើតាមសម្តីពីប្រភពនៅទីនោះ គឺគេក៏បានឃើញវត្តមានរបស់លោក សំអុល មេបញ្ជាការរងវរៈ ៣១០ និង លោកម៉ី ណាន់ មេប៉ុស្តិ៍ច្រក ៤០០ នៅក្នុងបនល្បែងនោះដែរ។
ជុំវិញបញ្ហាល្បែងដែលពាក់ព័ន្ធទៅនឹង គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទំង ៩ ចំណុច លោកមេឃុំបានសង្កត់ធ្ងន់ថា លោកពិបាកនឹងឆ្លើយតបទៅប្រជាពលរដ្ឋជាទីបំផុត នៅពេលធ្វើវេទិកាសាធារណៈម្តងៗ ព្រោះពួកគាត់បានសួរថា ល្បែងស៊ីក្រហមតូចតាច គេអាចបង្ក្រាបបាន ចុះល្បែងដែលដុះស្លែ របស់មន្ត្រី ៣១០ ហេតុអ្វីបានជាបង្ក្រាបមិនបាន ? ដូច្នេះហើយនៅពេលដែលលោកបញ្ជាទៅប៉ុស្តិ៍គឺគេបានឆ្លើយថា ពិបាកណាស់ ដោយសារតែបុគ្គលរូបនេះមានខ្នងបង្អែកផង និងមានការត្រូវរ៉ូវគ្នាជាមួយនឹងលោកអធិការ កោ ស៊ុនកាំង ផងទើបគេមិនអាចបង្ក្រាបបាន។
ដោយឡែកលោក ព្រុំ តុល ជំទប់ទី១ ឃុំស៊ុង បានលើកឡើងថា ជុំវិញបញ្ហាល្បែងមួយកន្លែងនេះ លោកធ្លាប់បានលើកក្នុងអង្គប្រជុំ របស់ក្រុមប្រឹក្សាស្រុកម្តងដែរ ដោយនៅពេលនោះលោកអភិបាលស្រុក សើ សាម៉េតបានសួរទៅលោកអធិការ ប៉ុនតែត្រូវបានលោកអធិការ កោ ស៊ុនកាំងឆ្លើយយ៉ាងសុភាពថា « បណ្តើរៗហើយ » ក្រោយពីនោះមក សភាពដើមយ៉ាងម៉េច គឺនៅតែដដែល ដោយបនល្បែងមួយនេះ នៅតែដំណើរការយ៉ាងរលូនជាធម្មតា អត់ខ្វល់អីទាំងអស់។
ដោយអស់ជម្រើស លោកមេឃុំ ប៉ុម ម៉ុន បាននិយាយថា ថ្មីៗនេះលោកបានចេញលិខិតអញ្ជើញអោយសាមីខ្លួនចូលមកកាន់សាលាឃុំ ដើម្បីលោកបញ្ជាអោយផ្អាកសកម្មភាព ព្រមទាំងបង្គាប់អោយធ្វើ កិច្ចសន្យា ផ្ទុយទៅវិញលិខិតអញ្ជើញទាំងប៉ុន្មានគឺ លោក ស៊ូ គឹមអាន ឆ្លើយថា មានធុរៈ ជាប្រចាំ ដោយមិនព្រមចូលខ្លួនឡើយ ម្យ៉ាងទៀតបច្ចុប្បន្ននេះ លោកមេឃុំមានការព្រួយបារម្ភខ្លាំងគឺរឿងគ្រឿងញៀនតែម្តង ព្រមទាំងមួយខែ ចុងក្រោយនេះលោកសង្កេតឃើញថា កំលាំងប៉ុស្តិ៍រដ្ឋបាលស៊ុង បានបង្ក្រាបករណីគ្រឿងញៀនបាន ១ ករណី ព្រមទាំងបានឃាត់ខ្លួនមុខសញ្ញាបានម្នាក់ដែរ ដោយក្នុងនោះក៏មានថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ២ កញ្ចប់ ហើយកំលាំងក៏បានរាយការណ៍ទៅលោកអធិការ កោ ស៊ុនកាំង ដើម្បីសាកសួរ និងបញ្ជូន ប៉ុន្តែផ្ទុយទៅវិញ កំលាំងបានត្រឹមតែទទួលនូវភាពអាម៉ាស់តែប៉ុណ្ណោះ ព្រោះត្រូវបានលោកអធិការ បញ្ជាអោយដោះលែងភ្លាមៗតែម្តង ដូច្នេះបញ្ហានេះហើយ ដែលធ្វើអោយប្រភពជាច្រើនបានដាក់ការសង្ស័យថា លោកអធិការមានការចិញ្ចឹម ក្រុមជួញដូរគ្រឿងញៀន ផងដែរ ដែលរឿងនេះ សូម្បីតែលោក កែវ វិបុល មេប៉ុស្តិ៍ ស៊ុង ក៏ទទួលស្គាល់ថា ពិតជាបានចាប់មែនតែរឿងនេះវាយូរបន្តិចហើយ។
ជាចុងក្រោយលោក មេឃុំស៊ុង បានសន្យាថា លោកនិងព្យាយាមរករូបភាពជាភស្តុតាង អោយបាន ដើម្បីយកជូនទៅលោក អភិបាលខេត្ត ក្នុងការចាត់វិធានការ ព្រោះសមត្ថកិច្ចគ្មានសមត្ថភាពក្នុងការបង្ក្រាបឡើយ។
ផ្ទុយទៅវិញកាលពីព្រឹកថ្ងៃទី ១៧ ខែតុលា នេះ លោកអធិការ កោ ស៊ុនកាំង បានឆ្លើយតបនឹងសារព័ត៌មានថា លោកធ្លាប់ហៅបុគ្គលរូបនេះមកធ្វើកិច្ចសន្យារួចមកហើយ នាពេលថ្មីៗនេះ ប៉ុន្តែអ្វីដែលកើតមានឡើងទៀតនោះគឺលោកមិនបានដឹងទាល់តែសោះ ដោយសារតែគេបានបើកតារាងបាល់ទះនៅពីមុខ។
ជុំវិញរឿងដ៏អាស្រូវនេះដែរ ប្រភពជាច្រើនបាន និងកំពុងរង់ចាំមើលថា តើលោកស្នងការ អ៊ុច សុខុន និងមានវិធានការបែបណា ទៅលើកងកំលាំងក្រោមឱវាទ ព្រោះ បច្ចុប្បន្ននេះ អាជ្ញាធរឃុំកំពុងរិះរកមធ្យោបាលដើម្បីកំចាត់បនល្បែងស្លែកាន់នេះអោយបាន ទោះបីតាមវិធីណក៏ដោយ នេះដោយសារតែមន្ត្រីប៉ូលិសថ្នាក់ក្រោមមិនអាចបង្ក្រាបបាន ពិសេសគឺករណីដោះលែងមុខសញ្ញាគ្រឿងញៀន តើនេះជាការអនុវត្តច្បាប់របស់កងកំលាំង ឬយ៉ាងណា៕
Source: Kampuchea Thmey Daily
0 Comments