Ad Code

បែក​ធ្លាយ​ព្រះសង្ឃ​មួយ​អង្គ ​ជា​ចៅអធិការ​វត្ត​ព្រះពុទ្ធ​ត្រៃ​រតន៍​មង្គល​ ចាប់រំលោភ​​​ភរិយា​គេ​បាន​សម្រេច ព្រមទាំង​គំរាម​សម្លាប់​មួយ​ពូជ



ប៉ៃលិន ​៖ ​មាន​ការ​បែកធ្លាយ​ព័ត៌មាន​មួយ ដោយ​ពលរដ្ឋ​រស់នៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​ចោទ​ប្រកាន់​ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម អ៊ុំ មង្គល ជា​ចៅអធិការ​វត្ត​ព្រះពុទ្ធ​ត្រៃ​រតន៍​មង្គល ហៅ​វត្ត​អូរ​ប្រើស​ ថា​ បាន​ចាប់រំលោភ​សេពសន្ថវៈ​ភរិយា​របស់​គេ​ម្នាក់ ខណៈ​ដែល​ស្ត្រី​រងគ្រោះ ជា​អ្នកបម្រើ​ព្រះសង្ឃ​ក្នុង​វត្ត​កើតហេតុ​ខាងលើ ដែល​រឿងរ៉ាវ​ទាំង​កើតឡើង​តាំងពី​ឆ្នាំ​២០១៦ មក​ម៉្លេះ ទើបតែ​បែកធ្លាយ ព្រមទាំង​មានការ​ប្តឹង​ដល់​សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​មិនឃើញ​មាន​ចំណាត់ការ។

បើតាម​ស្ត្រី​រងគ្រោះ​ឈ្មោះ ឆោម ធី ហៅ​ប៉ុ​ម​ប៉ុយ អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ប្រាប់​អ្នកយកព័ត៌មាន​​​​​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ​ថា ​៖ ក្នុងអំឡុង​ឆ្នាំ​២០១៦ ប្តី​របស់គាត់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ របួស​ជើង​ម្ខាង សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន ចំណែក​គាត់​បាន​សុំ​ប្តី​របស់​គាត់​មក​បម្រើ​ព្រះសង្ឃ​នៅ​វត្ត​អូរ​ប្រើស ដោយ​ធ្វើជា​អ្នកដាំបាយ។ គាត់​ធ្វើ​ការងារ​ក្នុង​វត្ត​អូរ​ប្រើស តាំងពី​បង្កើត​សាលាឆាន់​ចាស់ រហូតដល់​សាលាឆាន់​ថ្មី មិនដែល​មានរឿង​អ្វី​នោះទេ ទើបតែ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​៤ ទៀប​ភ្លឺ ស្រាប់តែ​ព្រះសង្ឃ​ព្រះនាម អ៊ុំ មង្គល ជា​ចៅអធិការ​វត្ត​អូរ​ប្រើស បាន​មក​ចាប់រំលោភ​សេពសន្ថវៈ​លើ​រូប​គាត់ រហូត​បានសម្រេច ព្រមទាំង​គំរាម​ថា «​បើ​ហ៊ាន​លេចឮ​ដំណឹង​នេះ​ចេញទៅ​ខាងក្រៅ នឹង​សម្លាប់​មួយ​ពូជ​» ពេលនោះ​រូបគាត់​មិនបាន​និយាយប្រាប់​នរណា​ម្នាក់​ឲ្យ​ដឹង​នោះ​ឡើយ សូម្បីតែ​ប្តី​របស់​ខ្លួន។​ស្ត្រី​រងគ្រោះ​បន្តថា​ ៖​ ការចាប់រំលោភ​លើ​រូបគាត់ គឺមាន​ចំនួន​ពីរដង នៅវេលា​ម៉ោង​៤​ទៀប​ភ្លឺ និង​ម៉ោង​១១ ព្រឹក សុទ្ធតែ​បានសម្រេច​ទាំងអស់ ដោយ​ខ្លាច​ការ​គំរាម រូប​គាត់​មិនបាន​ប្រាប់​អ្នកណា​ឲ្យ​ដឹង​ឡើយ ក្រោយមក​ស្រាប់តែ​មានការ​ប្តឹងផ្តល់​ប្តី​របស់​គាត់ ជាមួយ​ព្រះសង្ឃ​អង្គ​នេះ ក៏​មានការ​បង្ហើយ​ប្រាប់​ប្តី​ឲ្យ​ដឹង​តែម្តង រហូតដល់​ដាក់ពាក្យ​ប្តឹងទៅ​សមត្ថ​កិច្ច​ការ​ការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ប៉ុន្តែ​រយៈពេល​ជាង​មួយ​ខែ​ទៅ​ហើយ​មិន​មាន​ចំណាត់ការ​អ្វី​លើ​ព្រះសង្ឃ​អង្គ​នេះ​ដែរ ទើប​គាត់​រាយការណ៍​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ជួយ​ផ្សាយ ដើម្បី​រក​យុត្តិធម៌​ជូន​គាត់​ផងដែរ។ ចំណែក​បុរស​ម្នាក់​ឈ្មោះ សេក ក្រាញ់ ត្រូវជា​ប្តី​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹង​ដែរ​ថា​ ៖ កាលពី​ថ្ងៃ​កើតហេតុ​លោក​មិនបាន​ដឹង​អ្វី​ឡើយ ទើបតែ​ដឹង​ថ្ងៃក្រោយ ដែល​លោក​បាន​ទិញ​ស្រា​យក​ទៅ​ហូប​ជាមួយ​អ្នកភូមិ​នៅ​ខាងជើង​ភ្នំ​ ក៏​គេ​ប្រាប់​លោក ពេលនោះ​លោក​មិន​ជឿ​​នោះ​ទេ ព្រោះ​រឿងហេតុ​រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ​ដែរ លុះ​ពេល​សួរនាំ​ប្រពន្ធ ទើប​ដឹងថា​ព្រះសង្ឃ​ជា​ចៅអធិការ​វត្ត​អូរ​ប្រើស​នេះ ចាប់រំលោភ​លើ​ប្រពន្ធ​របស់គាត់ ធ្វើ​ឲ្យ​គាត់​ឈឺចាប់​យ៉ាងខ្លាំង ដោយ​គាត់​ធ្លាប់​បម្រើ​លោក​មិន​ឲ្យ​អាក់អន់ស្រពន់ចិត្ត បែរជា​ព្រះសង្ឃ​ធ្វើ​បែបនេះ​លើ​ក្រុមគ្រួសារ​គាត់​ទៅវិញ។ គាត់​បាន​បញ្ជាក់ថា ​៖​ ក្នុង​អំឡុង​ពេល​គាត់​ធ្វើជា​តៃ​កុង​ឡាន ឲ្យ​ព្រះសង្ឃ​រូប​នេះ គឺ​មានរឿង​ជាច្រើន ជាពិសេស​គឺ​ព្រះសង្ឃ​អង្គ​នេះ​មាន​ស្រី​គ្រប់​ទីកន្លែង រហូត​ទិញ​លេខ​ទូរស័ព្ទ​ឲ្យ​ស្រី​ប្រើ ទិញ​របស់របរ​ឲ្យ​ស្រី​ក៏មាន​ដែរ។ ជាមួយ​គ្នា​នេះ​គាត់​ក៏បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ឯកឧត្តម អ៊ី ឈាន លោកជំទាវ បាន ស្រីមុំ មេត្តាជួយ​រក​យុត្តិធម៌​ឲ្យ​ក្រុមគ្រួសារ​គាត់​ផង ព្រោះ​គាត់​ដាក់ពាក្យ​ប្តឹង​សមត្ថកិច្ច​រួចហើយ ប៉ុ​ន្តែ​មិនឃើញ​មាន​ចំណាត់ការ​អ្វី​ឡើយ។

បើ​តាម​សាក្សី​ម្នាក់​ឈ្មោះ នួន សំណាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ បាន​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​​ ​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៦ ខែតុលា​នេះ​ថា ​៖ កាល​មុន​ប្អូនប្រុស បានឃើញ​​ព្រះសង្ឃ​នៅក្នុង​វត្ត​អូរ​ប្រើស​នេះ ដោយ​កាលពី​វេលា​ម៉ោង​បួន​ទៀប​ភ្លឺ​ ប្អូន​បាន​យក​បន្លែ​ទៅ​ឲ្យ​ចុងភៅ​(​ស្ត្រី​រងគ្រោះ​)​ធ្វើ​ម្ហូប ប៉ុន្តែ​នៅពេល​ទៅដល់​ស្រាប់តែ​ឃើញ​ព្រះសង្ឃ​ជា​ចៅអធិការ​វត្ត កំពុង​ចាប់​ស្ត្រី​រងគ្រោះ និង​ប្រតាយប្រតប់​គ្នា ហើយក៏​ប្អូន​មិន​ហ៊ាន​ធ្វើ​អ្វី​នោះ​ទេ ព្រោះ​ប្អូន​នៅ​ក្មេង​ពេក រួច​ដើរ​ត្រលប់មក​ទីលំនៅ​វិញ តែម្តង ។ ចំណែក​ស្ត្រី​ម្នាក់ទៀត​ជា​សាក្សី​ឈ្មោះ ស៊ី​ណាត ភេទ​ស្រី អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ បាន​ឲ្យ​ដឹង​ដែរ​ថា​៖ កាលពី​វេលា​ម៉ោង​១០​និង​៤៨​នាទី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ លោក​ចៅអធិការ​វត្ត​អូរ​ប្រើស បាន​តែ​តាម​ទូរស័ព្ទ មក​គំរាម​គាត់ មិន​ឲ្យ​ធ្វើ​សាក្សី​ឡើយ បើ​តែ​ធ្វើ​សាក្សី ប្រយ័ត្ន​ជាប់គុក​ទាំង​ម៉ែ ទាំង​ឪ ពេលនោះ​គាត់​បាន​តប់​ទៅ​ព្រះសង្ឃ អ៊ុំ មង្គល​ថា តើ​គាត់​មាន​កំហុស​អ្វី បានជា​ជាប់គុក​ទាំង​ឪ​ទាំង​ម៉ែ​ដូច្នោះ លោកសង្ឃ​អង្គ​នេះ​ថា មិនដឹង​ជាប់​រឿង​អ្វី​ដែរ តែ​សូម​ប្រយ័ត្ន កុំ​ធ្វើ​សាក្សី​ឲ្យ​សោះ ឆាប់​ទៅ​ដក​កូន​កុំ​ឲ្យ​ធ្វើជា​សាក្សី​ទៅ​។​

ពាក់ព័ន្ធ​បញ្ហា​ខាងលើ ព្រះសង្ឃ​ដែល​ទទួលរង​ការចោទប្រកាន់ ព្រះនាម អ៊ុំ មង្គល ជា​ព្រះចៅអធិការ​វត្ត​ព្រះពុទ្ធ​ត្រៃ​រតន៍​មង្គល ហៅ​វត្ត​អូរ​ប្រើស មាន​ថេរ​ដីកា​ឲ្យ​​​​​​​ដឹង​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១០​និង​០២​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ ដោយ​ព្រះអង្គ​បាន​បដិសេធ​ទាំងស្រុង ចំពោះ​ការចោទប្រកាន់​របស់​ស្ត្រី​ខាងលើ ដោយ​លើកឡើងថា​វា​ជា​រឿង​មិន​ពិតប្រាកដ​ឡើយ ជា​រឿង​មូល​បង្កាច់​លោក​តែម្តង ហើយ​ករណីនេះ​ព្រះអង្គ​បានដាក់​ពាក្យបណ្តឹង​ទៅដល់​ថ្នាក់លើ​ហើយ​ដែរ ។​

ចំណែក​លោក សំ សា​វឿ​ង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ប៉ៃលិន ក៏បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១០​និង​១៣​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា​៖​លោក​ដឹង​ដែរ ព្រមទាំង​ដោះស្រាយ​ម្តង​រួចមកហើយ តាមពិត​រឿង​មួយ​នេះ​កើតហេតុ​ដោយសារតែ​ទំនាស់​បុគ្គល កាលពីមុន​ប្តី​ស្ត្រី​រងគ្រោះ​ជា​តៃកុង​ឡាន​ឲ្យ​លោកសង្ឃ ប៉ុន្តែ​មួយរយៈ​ក្រោយមក​វា​បើកឡាន​មិនចេះ​មើលថែ ក៏​ព្រះសង្ឃ​ប​ញ្ឈប់​ពី​ការងារ​បើកឡាន​ឲ្យ រួច​ក៏មាន​ទាស់​ពាក្យសំដី​គ្នា រហូត​មានរឿង​ថា​ចាប់រំលោភ​ប្រពន្ធ​គេ​ទៀតផង។ លោក​បាន​បន្តថា ​៖ ករណីនេះ​លោក​បាន​ឲ្យ​សមត្ថកិច្ច​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅលើ​បន្តទៀត​ហើយ​ដែរ ទុក​ឲ្យ​គេ​ដោះស្រាយ​នៅ​ខាងលើ​ទៅ ។​

ចំពោះ​ករណីនេះ​ដែរ​លោក អេង ភាវ នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ក៏បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១០​និង​២១​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា​ ៖​ រឿងហេតុ​ខាងលើ លោក​បានទទួល​ពាក្យបណ្តឹង​ពាក្យ​ស្ត្រី​រងគ្រោះ​ហើយ​ដែរ ពេលនេះ​លោក​កំពុង​រៀបចំ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ដើម្បី​ឲ្យ​ដោះស្រាយ​គ្នា​នៅ​ខាងលើ​ចុះ ព្រោះ​ខាង​លោក​មិន​មាន​សមត្ថកិច្ច​ក្នុងការ​ដោះស្រាយ​រឿងនេះ​ឡើយ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu