សាកសពអ្នកឡើងភ្នំជនជាតិកូរ៉េខាងត្បូងចំនួន៥នាក់ ដែលស្លាប់នៅក្នុងគ្រោះថ្នាក់លើភ្នំរបស់ប្រទេសនេប៉ាល់ ត្រូវបានបញ្ជូនត្រឡប់មកផ្ទះវិញហើយនៅថ្ងៃពុធ។
ជនជាតិកូរ៉េខាងត្បូងដែលដឹកនាំដោយអ្នកឡើងភ្នំ Kim Chang-ho គឺបានស្ថិតនៅលើកំពូលភ្នំ Gurja កាលពីសប្តាហ៍មុននៅពេលដែលជំរំរបស់ពួកគេត្រូវបានវាយប្រហារដោយខ្យល់ដ៏ខ្លាំងភ្លាមៗដែលប្រហែលជាបណ្តាលមកពីការបាក់ផ្ទាំងទឹកកក។
សាកសពរបស់ពួកគេនិងអ្នកនាំផ្លូវជនជាតិនេប៉ាល់ចំនួនបួននាក់ត្រូវបានគេយកចេញពីទីតាំងដាច់ស្រយាលនៅជួរភ្នំ Dhaulagiri កាលពីថ្ងៃអាទិត្យ។
ក្រុមគ្រួសារនិងមិត្តភ័ក្ត្របានសម្លឹងមើលទាំងទឹកភ្នែកខណៈដែលមឈូសទាំង៥ត្រូវបានគេដាក់ចុះពីយន្ដហោះនៅឯអាកាសយានដ្ឋាន Incheon របស់កូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃពុធ។
លោក Lee In-jung ប្រធានសហភាពសមាគមភ្នំអាស៊ីបានប្រាប់អ្នកយកព័ត៌មានថា “អ្នកឡើងភ្នំទាំងអស់មានភាពសោកសៅដោយចងចាំអំពីអ្វីដែលយើងបានចែករំលែកជាមួយជនរងគ្រោះ”។
ពិធីបុណ្យសពរួមគ្នាសម្រាប់អ្នកទាំង៥នឹងត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ។
គ្រោះថ្នាក់នេះគឺជាហេតុការណ៍អាក្រក់បំផុតរបស់ប្រទេសនេប៉ាល់ចាប់តាំងពីឆ្នាំ២០១៥មកនៅពេលការរញ្ជួយដីដ៏ខ្លាំងមួយបានបង្កឲ្យមានការបាក់ផ្ទាំងទឹកកកដែលបានសម្លាប់មនុស្សចំនួន១៨នាក់នៅជំរំភ្នំ Everest។
គួរបញ្ជាក់ថា អ្នកឡើងភ្នំរាប់ពាន់នាក់នាំគ្នាប្រមូលផ្តុំជារៀងរាល់ឆ្នាំទៅកាន់ប្រទេសនេប៉ាល់ដែលជាកន្លែងមានភ្នំខ្ពស់បំផុតចំនួន៨ក្នុងចំណោមកំពូលភ្នំខ្ពស់បំផុតទាំង១៤នៅលើពិភពលោកដែលបង្កើតបានជាឧស្សាហកម្មទេសចរណ៍ភ្នំប្រកបដោយផលប្រយោជន៍ហើយជាប្រភពសាច់ប្រាក់ដ៏សំខាន់សម្រាប់ប្រទេសក្រីក្រមួយនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments