ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញដល់ ទីក្រុងប្រ៊ុចហ្សែលប្រទេសប៊ែលហ្ស៊ិកហើយនៅវេលាម៉ោង៨ព្រឹកថ្ងៃទី ១៧ ខែតុលា ម៉ោងនៅក្នុងទីក្រុងប្រ៊ុចហ្សែលប្រទេសប៊ែលហ្ស៊ិកត្រូវនឹងម៉ោង ប្រមាណ ១ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៨ ម៉ោងនៅក្នុងប្រទេសកម្ពុជាដោយសុវត្ថិភាព និង ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសប៊ែលហ្សិច និង សហគមន៍អឺរ៉ុប។
សូមបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីប្រទសកម្ពុជា នៅម៉ោងជាង១២៖២០ រំលងអធ្រាត្រថ្ងៃទី ១៦ ឈានចូលថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៨។
ការអញ្ជើញទៅកាន់ប្រទេសប៊ែលហ្ស៊ិកនាពេលនេះដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់លោក Donald Tush ប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងលោក Jean Claude Juncher ប្រធានគណៈកម្ម ការអឺរ៉ុប។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១២ នឹង ប្រព្រឹត្តទៅក្រោមមូលបទ«អឺរ៉ុបនិងអាស៊ី៖ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល»មានគោលបំណងពង្រឹងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ រវាងតំបន់អាស៊ីនិងអឺរ៉ុប ខណៈដែលតំបន់ទាំងពីរជំរុញកសាងកម្លាំងរួមគ្នាដើម្បីដោះស្រាយបញ្ហាជាច្រើនចាប់ពីការបង្កើនពាណិជ្ជកម្មនិងវិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចីរភាព និងបម្រែបម្រួលអាកាសធាតុជាដើម។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសបែលហ្ស៊ិកសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែននឹងជួបពិភាក្សា ទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោក Dmitry Medvedev នាយករដ្ឋមន្ត្រីរុស្ស៊ី, លោក Li Keqiang នាយករដ្ឋមន្ត្រីចិន, លោក Viktor Orbán នាយករដ្ឋមន្ត្រីហុងគ្រី, លោកស្រី Erna Solberg នាយករដ្ឋមន្ត្រីន័រវេស, លោក Andrej Babis នាយករដ្ឋមន្ត្រីឆែកនិងថ្នាក់ដឹកនាំគណៈប្រតិភូដទៃទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ និង សិស្សនិស្សិតខ្មែរដែលកំពុងរស់នៅនិងសិក្សានៅប្រទេសបែល ហ្ស៊ិកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments