Ad Code

សហរដ្ឋអាមេរិក​ ដាក់​ទណ្ឌកម្ម​កងកម្លាំង​ប៉ា​រ៉ា​ដ៏​សំខាន់​របស់​អ៊ីរ៉ង់



ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ បានដាក់​ទណ្ឌកម្ម​កាលពី​ថ្ងៃ​អង្គា​រលើ​ក្រុម​ទាហាន​ប៉ា​រ៉ា​អ៊ីរ៉ង់​រួមជាមួយ​បណ្តាញ​អាជីវកម្ម​មួយ​ដែល​បានផ្តល់​ហិរញ្ញប្បទាន​ដល់​ពួកគេ ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ដាក់​សម្ពាធ​សេដ្ឋកិច្ច​អតិបរមា​ប្រឆាំង​ទីក្រុង​តេ​រ៉ង់។

​ក្នុង​ការប្រកាស​ដាក់ទណ្ឌកម្ម​នេះ ក្រសួង​រតនាគារ​បាន​និយាយថា បណ្តាញ​មួយ​នៃ​អាជីវកម្ម​ជាង​២០​ដែល​ត្រូវបាន​គេ​ស្គាល់​ថា Bonyad Taavon Basij គឺ​កំពុងផ្តល់​ហិរញ្ញប្បទាន​ដល់​កងកម្លាំង Basij Resistance ដែលជា​អង្គភាព​នៃ​កង​ឆ្មាំ​បដិវត្ត​ឥស្លាម​អ៊ីរ៉ង់ (IRGC) ។​

ក្រសួង​ក៏បាន​ចោទប្រកាន់​កងជីវពល​នេះ​អំពី​ការបញ្ជូន​ទាហាន​កុមារ​ទៅ​ប្រទេស​ស៊ី​រី​ដើម្បី​គាំទ្រ​របប​របស់លោក​ប្រធានាធិបតី Bashar al-Assad ផងដែរ​។​

លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួង​រតនា​គារ​បាន​និយាយថា “​សហគមន៍​អន្ដរជាតិ​ត្រូវតែ​យល់ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​បណ្តាញ Bonyad Taavon Basij និង IRGC គឺមាន​ផលវិបាក​មនុស្សធម៌​នៅលើ​ពិភពលោក​។ វា​បាន​ជួយ​ជំរុញ​មហិច្ឆតា​ហិង្សា​របស់​ប្រទេស​អ៊ីរ៉ង់​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​”​។​

យោងតាម​ក្រសួង​រតនា​គារ​អាមេរិក​បាន​ឲ្យ​ដឹងថា កងកម្លាំង​ទាហាន​ប៉ា​រ៉ា Basij ដែល​បង្កើតឡើង​ភ្លាមៗ​បន្ទាប់ពី​បដិវត្តន៍​ឆ្នាំ​១៩៧៩​គឺជា​អ្នកគ្រប់គ្រង​សន្តិសុខ​ផ្ទៃក្នុង​របស់​អ៊ីរ៉ង់​ដែលមាន​សាខា​នៅ​គ្រប់​ខេត្ត​និង​ទីក្រុង​របស់​ប្រទេស​អ៊ីរ៉ង់​។​

ក្រុង​វ៉ាស៊ីនតោន​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្ត្រ​ឆ្នាំ​២០១៥​រវាង​ប្រទេស​អ៊ីរ៉ង់​និង​មហាអំណាច​ពិភពលោក​ចំនួន​ប្រាំមួយ​កាលពី​ខែឧសភា​ហើយ​កំពុង​ដាក់ទណ្ឌកម្ម​ឡើងវិញ​លើ​ប្រទេស​ម​ជ្ឈិម​បូព៌ា​មួយ​នេះ​ដោយ​សង្ឃឹមថា​នឹងដាក់​សម្ពាធ​លើ​ទីក្រុង​តេ​រ៉ង់​ឲ្យ​ចូលទៅក្នុង​អ្វីដែល​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ហៅថា “​កិច្ចព្រមព្រៀង​កាន់តែ​ប្រសើរ​”​។​

ការដាក់ទណ្ឌកម្ម​ពេញលេញ​របស់​សហរដ្ឋអាមេរិក​ត្រូវបាន​កំណត់ថា​នឹង​វាយប្រហារ​ប្រទេស​អ៊ីរ៉ង់​នៅ​ខែវិច្ឆិកា​ហើយ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កំពុង​រងគ្រោះ​រួចទៅហើយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu