សហរដ្ឋអាមេរិកនិងប្រទេសចំនួន៨ផ្សេងទៀតកាលពីថ្ងៃអង្គារ បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំស្តីពីបញ្ហាប្រទេសមីយ៉ាន់ម៉ាដើម្បីស្តាប់បេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិដែលបានចោទប្រកាន់កងទ័ពរបស់ប្រទេសនេះអំពីអំពើឃោរឃៅប្រឆាំងនឹងជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា។
សំណើនេះទំនងជាបង្កឲ្យមានការប្រឆាំងពីប្រទេសចិនដែលមានទំនាក់ទំនងមិត្តភាពជាមួយយោធាមីយ៉ាន់ម៉ាហើយព្យាយាមការពារមីយ៉ាន់ម៉ាពីសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ។
នៅក្នុងលិខិតរួមមួយដែលត្រូវបានមើលឃើញដោយ AFP ប្រទេសទាំងប្រាំបួនបាននិយាយថា ប្រធានបេសកកម្មនេះគួរតែជូនដំណឹងដល់ក្រុមប្រឹក្សាដើម្បីអនុញ្ញាតឲ្យវាទទួលបានព័ត៌មានបន្ថែមទៀតលើស្ថានភាពនេះនិងផលប៉ះពាល់របស់វាចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ។
បេសកកម្មស្វែងរកការពិតរបស់ UN បានចេញផ្សាយរបាយការណ៍ដ៏រសើបមួយកាលពីខែមុនដែលបានអំពាវនាវឲ្យក្រុមប្រឹក្សាបញ្ជូនព័ត៌មានអំពីប្រទេសមីយ៉ាន់ម៉ាទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេឬបង្កើតសាលាក្តីព្រហ្មទណ្ឌអន្តរជាតិពិសេសមួយដូចដែលបានធ្វើជាមួយអតីតយូហ្គោស្លាវី។
បេសកកម្មស្វែងរកការពិតបាននិយាយថា ឧត្តមសេនីយ៍កំពូលៗរបស់ប្រទេសមីយ៉ាន់ម៉ារួមមានអគ្គមេបញ្ជាការ Min Aung Hlaing ផងដែរនោះត្រូវតែស៊ើបអង្កេតនិងកាត់ទោសចំពោះអំពើប្រល័យពូជសាសន៍នៅក្នុងរដ្ឋរ៉ាក់ឃីន។
នៅក្នុងលិខិតដាច់ដោយឡែកមួយទៅកាន់ក្រុមប្រឹក្សានេះ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាលោក Hau Do Suan បាននិយាយថា រដ្ឋាភិបាលរបស់លោកសូមជំទាស់ជាដាច់ខាតចំពោះសំណើដើម្បីស្តាប់បេសកកម្មស្វែងរកការពិត។
ឯកអគ្គរដ្ឋទូតរូបនេះបានលើកឡើងជាថ្មីម្តងទៀតអំពីការតវ៉ារបស់មីយ៉ាន់ម៉ាដែលថា របាយការណ៍នេះគឺ “តែម្ខាង” ដោយផ្អែកលើ “ការនិទានរឿងនិងមិនមានភស្តុតាងរឹងមាំ”។
ប្រទេសអង់គ្លេស បារាំង ប៉េរូ ស៊ុយអែត កូតឌីវ័រ ហូឡង់ ប៉ូឡូញនិងគុយវ៉ែតបានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការស្នើសុំកិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនៅក្នុងខែតុលានេះ។
ការគាំទ្រពីប្រទេសចំនួន៩សម្រាប់សំណើនេះមានន័យថា ប្រទេសចិនទំនងជាមិនអាចរារាំងកិច្ចប្រជុំតាមរយៈការបោះឆ្នោតនីតិវិធីបានទេ។ ការបោះឆ្នោតចំនួនប្រាំបួនគឺជាការតម្រូវនៅក្នុងក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេសមួយនេះសម្រាប់ការអនុម័តលើរបៀបវារៈមួយហើយសិទ្ធិវេតូមិនអនុវត្តឡើយ៕ AFP
Source: Kampuchea Thmey Daily
0 Comments