Ad Code

លោក អា​បេ បញ្ជូន​តង្វាយ​ទៅ​ទី​សក្ការបូជា​ដ៏​ចម្រូងចម្រាស​នៅ​ទីក្រុង តូ​ក្យូ



នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃ​ពុធ​ បាន​បញ្ជូន​តង្វាយ​សាសនា​ទៅកាន់​ទី​សក្ការបូជា​ដ៏​ចម្រូងចម្រាស​មួយ​ដើម្បី​គោរព​ដល់​ឧក្រិដ្ឋជន​សង្គ្រាម លោកលើកទី​២​ដែល​ការធ្វើ​បែបនេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេសជិតខាង​អាស៊ី​ដូចជា​ចិន​និង​កូរ៉េខាងត្បូង។

លោក អា​បេ មិនបាន​ទៅ​ទី​សក្ការបូជា Yasukuni ដោយផ្ទាល់​ទេ​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ​២០១៣​មក ហើយ​បច្ចុប្បន្ន​នាយករដ្ឋមន្ត្រី​រូបនេះ​កំពុង​ស្ថិតនៅ​ទ្វីបអឺរ៉ុប​។ ការធ្វើដំណើរ​ណាមួយ​ទៅកាន់​ទី​សក្ការបូជា​នេះ​បានធ្វើ​ឲ្យ​មាន​ភាព​ល្អក់កករ​ក្នុង​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង​។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ទី​សក្ការបូជា​នេះ​បាន​ប្រាប់ AFP ថា លោក​បាន​បញ្ជូន​ដើមឈើ “masakaki” ដ៏​ពិសិដ្ឋ​មួយ​ដោយ​ភ្ជាប់​ជាមួយ​ឈ្មោះ​របស់គាត់​នៅពេល​ចាប់ផ្តើម​ពិធីបុណ្យ​រយៈពេល​៤​ថ្ងៃ​។​

មិនមាន​របាយការណ៍​អំពី​សមាជិក​គណៈរដ្ឋមន្ត្រី​របស់លោក អា​បេ ធ្វើដំណើរ​ទៅកាន់​ទី​សក្ការបូជា​នេះ​ទេ​បើទោះបីជា​អ្នកនយោបាយ​ជាន់ខ្ពស់​មួយចំនួន​ក៏បាន​បញ្ជូន​តង្វាយ​ទៅ​ក៏ដោយ​។​

ទី​សក្ការបូជា​នេះ​បានផ្តល់​កិត្តិយស​ដល់​អ្នកស្លាប់​ក្នុង​សង្គ្រាម​ចំនួន​២.៥​លាន​នាក់​ប៉ុន្តែ​ក៏មាន​ឧក្រិដ្ឋជន​សង្គ្រាមលោកលើកទី​២​ផងដែរ​ហើយ​ជា​ញឹកញាប់​វា​ជា​ប្រភព​នៃ​ទំនាក់ទំនង​ដ៏​ជូរចត់​ជាមួយ​បណ្តា​ប្រទេស​ដែល​រងគ្រោះ​ពី​អំពើ​ឃោរឃៅ​របស់​កងទ័ព​ជប៉ុន​។​

ថ្មីៗ​នេះ ទី​សក្ការបូជា Yasukuni បាន​បង្ក​ការចាប់អារម្មណ៍​នៅក្នុង​ប្រទេស​ជប៉ុន​និង​អន្ដរជាតិ​បន្ទាប់ពី​លោក​អាចារ្យ​ជាន់ខ្ពស់​របស់ខ្លួន​បាន​និយាយថា លោក​នឹង​លាលែង​បន្ទាប់ពី “​ភាសា​មិន​សមរម្យ​បំផុត​” ដែល​គាត់​រិះគន់​ដល់​ព្រះ​ចៅ​អធិរាជ​ត្រូវបាន​លេច​ធ្លាយ​ក្នុង​ទស្សនា​វ​ដ្តី​មួយ​។​

នៅក្នុង​ការចេញផ្សាយ​នាពេល​ថ្មីៗ​នេះ ទស្សនា​វ​ដ្តី​ប្រចាំ​សប្តាហ៍ Shukan Post បាន​ដកស្រង់​សម្តី​របស់​អាចារ្យ Kunio Kohori អាយុ​៦៨​ឆ្នាំ​ដែល​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ​កាលពី​ខែមិថុនា​ថា “​ព្រះ​ចៅ​អធិរាជ​កំពុង​ព្យាយាម​បំផ្លាញ​ទី​សក្ការបូជា Yasukuni”​។​

ព្រះ​ចៅ​អធិរាជ Akihito មិនដែល​ទៅ​ទី​នោះទេ​ចាប់តាំងពី​ការ​សោយរាជ្យ​ក្នុង​ឆ្នាំ​១៩៨៩​ខណៈ​បិតា​របស់​ទ្រង់​ព្រះនាម Hirohito មិនបាន​វិលត្រឡប់​ទៅ​ទី​សក្ការបូជា​នេះឡើយ​ក្រោយពី​ឧក្រិដ្ឋជន​សង្គ្រាម​ត្រូវបាន​រក្សាទុក​នៅ​ទីនោះ​នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៧០៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu