Ad Code

ស​.​ស​.​យ​.​ក គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ថ្មើរជើង «៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​»​ស្រុក​ស្នួល ខេត្តក្រចេះ



ភ្នំពេញ​ ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ថ្មី​នា​ចុងឆ្នាំ​២០១៨​នេះ ដែលជា​ព្រឹត្តិការណ៍​ថ្មើរជើង​ចម្ងាយ​«៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​» ស្រុក​ស្នួល ខេត្តក្រចេះ​។

លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅក្នុង​សន្និសីទ​ព័ត៌មាន ស្តីពី​ព្រឹត្តិការណ៍​ថ្មី​នេះ កាលពី​រសៀល​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​លេខាធិការដ្ឋាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​បាន​បង្ហាញថា ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​ផ្តល់​ជា​វេទិកា​ដល់​យុវជន​ឲ្យ​ចេះ​រួបរួមគ្នា​ក្នុង​គ្រា​លំបាក និង​គ្រា​សុខសាន្ត ដើម្បី​ស្វែងយល់​ពី​កម្រិត​សមត្ថភាព​របស់ខ្លួន ក៏ដូចជា​កម្រិត​នៃ​ការតស៊ូ ភាព​អត់ធ្មត់ និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជាក់ស្តែង រួមជាមួយ​ការស្វែងយល់​បន្ថែម​ពី​ប្រវត្តិសាស្ត្រ តាមរយៈ​ការធ្វើដំណើរ​ថ្មើរជើង​រួមគ្នា​នៅលើ​គន្លង​ផ្លូវ ដែលមាន​ចម្ងាយ​៤០​គីឡូម៉ែត្រ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ព្រឹត្តិការណ៍​នេះ គឺធ្វើឡើង​ដើម្បី​បង្កើត​បរិយាកាស​ស្នាលស្និត និង​ប្រកបដោយ​ភារត​ភាព ដែល​ក្នុងនោះ​យុវជន​ទាំងអស់ ត្រូវបាន​លើកទឹកចិត្ត​អោយមាន​សកម្មភាព​កសាង​ក្រុម (Team Building) ការដើរ​រួមគ្នា ច្រៀង​ចម្រៀង​រួមគ្នា ការ​ចំអិន​អាហារ​រួមគ្នា ការ​បោះ​ជំរុំ ការ​ដុត​ភ្លើង​គប់ ការ​និទាន​រឿង និង​ការ​បញ្ចេញ​សមត្ថភាព​ទេពកោសល្យ​ផ្ទាល់ខ្លួន ក៏ដូចជា​ការ​ច្រៀង​រាំ​កម្សាន្ត​ផ្សេងៗ​។ លោក​បន្តថា ព្រឹត្តិការណ៍​នេះ​នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨ នៅក្នុង បរិវេណ​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​តាម​ការគ្រោងទុក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រំពឹងថា​នឹងមាន​ការចូលរួម​ពី​សំណាក់​យុវជន និង​មហាជន​ប្រមាណ ៥០០​នាក់​។ លោក​បញ្ជាក់​បន្ថែមថា ដើម្បី​ធានាបាន​នូវ​ការប្រព្រឹត្ត​ទៅដោយ​រលូន​នៃ​ព្រឹត្តិការណ៍ អ្នកចូលរួម​ទាំងអស់ នឹងត្រូវ​បាន​បែង​ចែកជា​ក្រុម ហើយ​ត្រូវ​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​មួយ ដែលមាន​ចម្ងាយ ៤០​គីឡូម៉ែត្រ (​សម្រាប់​បុរស​) និង ២០ ឬ ៤០​គីឡូម៉ែត្រ​សម្រាប់​នារី ហើយ​បើតាម​ការកំណត់​ដំណើរ​នេះ​ត្រូវ​ចំណាយ​អស់​ថិរវេលា​ប្រមាណ ២​ថ្ងៃ ១​យប់ និង​មួយថ្ងៃ​ទៀត​សម្រាប់​ការបោះ​ជំរំ​នៅ​ទីតាំង​វិមាន​អនុស្សាវរីយ៍ ២​ធ្នូ​។​

គួរ​បញ្ជាក់ថា ​ព្រឹត្តិការណ៍​នេះ នឹង​បើក​ឱ្យមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ដែល​ក្នុង​នោះ យុវជន និង​មហាជន ដែល​មាន​បំណង​ចូលរួម ​ត្រូវ​មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ​៤៥​ឆ្នាំ មាន​កាយសម្បទា​រឹងមាំ មាន​សុខភាព​ផ្លូវចិត្ត​ប្រក្រតី គោរព​តាម​បទបញ្ជាផ្ទៃក្នុង នៃ​ព្រឹត្តិការណ៍ ដោយ​ឆ្លងកាត់​ការវិនិច្ឆ័យ និង​ការ​សម្ភាសន៍​ផ្ទាល់មាត់​ពី​ក្រុមការងារ​រៀបចំ​។ បន្ទាប់ពី​ទទួល​បាន​ភាព​ជោគជ័យ​នៃ​ការវិនិច្ឆ័យ និង​ការ​សម្ភាសន៍​រួចរាល់​អ្នកចូលរួម​ត្រូវ​មាន​ឆន្ទៈ ក្នុង​ការ​បង់​វិភាគទាន​ចូលរួម​ចំនួន ៤០.០០០​រៀល ដោយមាន​ប្រាក់​តម្កល់​ចំនួន ៣៦០.០០០​រៀល​បន្ថែម។ ប្រាក់​តម្កល់ ៣៦០.០០០​រៀល​នេះ​នឹង​ប្រគល់​ជូន​អ្នកចូលរួម​វិញ​ក្រោយ​ចប់​កម្មវិធី​ដរាបណា អ្នកចូលរួម​ទាំងអស់ បាន​អនុវត្តន៍​ពេញលេញ​នូវ​បទបញ្ជាផ្ទៃក្នុង និង​លក្ខន្តិកៈ​របស់​ព្រឹត្តិការណ៍​តាម ការ ព្រម ព្រៀង​ជាមុន​។ អ្នក​ដែលមាន​បំណង​ក្នុង​ការ​ចូលរួម​អាច​ទាញយក​ពាក្យសុំ​ចូលរួម និង​លក្ខន្តិកៈ​ផ្សេងៗ តាមរយៈ​www.bit.ly/2OsgjHW ឬ​ទាក់ទង​មកកាន់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្នាក់ការ​កណ្តាល ដែលមាន អាសយដ្ឋាន​៖ ផ្ទះ​លេខ ២៤ ផ្លូវ ២២៨ កែង ៥៥ សង្កាត់ ចតុម្មុខ ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ ឬ ទាក់ទង តាម​លេខ​ទូរស័ព្ទ ០១០ ៥៥៥ ៩៨៧ ឬ ០១៥ ២៩ ៣៣ ៩៩ (​សម្រាប់​ការចូលរួម និង​ពាក្យសុំ​ចូលរួម​) ឬ​ទៅកាន់​លេខ​ទូរស័ព្ទ ០៩៦ ៩៩៩ ៣៩៣៣ (​សម្រាប់​ផ្នែក​ទំនាក់ទំនង​សាធារណៈ និង​ផ្សព្វផ្សាយ)៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu