Ad Code

លោក Trump ព្រមាន​ប្រទេស​ហុង​ឌូ​រ៉ា​ស​ឲ្យ​ផ្អាក​ក្បួន​ជនអន្តោប្រវេសន៍​ បើ​មិន​ដូច្នោះ​ទេ​នឹង​បាត់បង់​ជំនួយ​អាមេរិក



លោក​ប្រធានាធិបតី Donald Trump កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​ដល់​ប្រទេស​ហុង​ឌូ​រ៉ា​ស​ថា លោក​នឹង​កាត់​ជំនួយ​រាប់លាន​ដុល្លារ​ប្រសិនបើ​ក្រុម​ជន​ចំណាកស្រុក​មាន​គ្នា​ប្រហែល​២,០០០​នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​សហរដ្ឋអាមេរិក។

ក្បួន​ជន​អន្តោប្រវេសន៍​មួយ​បានចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍​ចេញពី​ប្រទេស​ដែលមាន​ភាពក្រីក្រ​និង​ពោរពេញ​ដោយ​អំពើហិង្សា​មួយ​នេះ​ហើយ​ធ្វើដំណើរ​ទៅ​ភាគ​ខាងជើង​តាមរយៈ​ការធ្វើដំណើរ​ដ៏​វែងឆ្ងាយ​ឆ្លងកាត់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​និង​ម៉ិ​ក​ស៊ិ​ក​ទៅកាន់​ព្រំដែន​សហរដ្ឋអាមេរិក។

លោក Trump ដែល​កំណត់​យក​ការបង្ក្រាប​លើ​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ជា​គន្លឹះ​នៃ​តំណែង​ប្រធានាធិបតី​របស់គាត់​បាន​បង្ហោះ Twitter ថា ជំនួយ​អាមេរិក​ចំពោះ​ប្រទេស​ហុង​ឌូ​រ៉ា​ស​ដែល​គ្រោង​នឹង​ឈានដល់​ជិត​៦៦​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៩​គឺ​នឹង​បញ្ចប់​។​

លោក​បាន​និយាយថា “​សហរដ្ឋអាមេរិក​សូម​ជូនដំណឹង​ដល់​ប្រធានាធិបតី​នៃ​ប្រទេស​ហុង​ឌូ​រ៉ា​ស​ថា ប្រសិនបើ​ក្បួន​នៃ​មនុស្ស​ដ៏​ធំ​ដែល​កំពុងធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក​មិន​ត្រូវបាន​បញ្ឈប់​ហើយ​ត្រឡប់​ទៅ​ប្រទេស​ហុង​ឌូ​រ៉ា​ស​វិញ​ទេនោះ ប្រាក់​ឬ​ជំនួយ​នឹងមិន​ត្រូវ​បានផ្តល់​ទៅ​ឲ្យ​ហុង​ឌូ​រ៉ា​ស​ទេ​”​។​

ក្រោយមក លោក​ប្រធានាធិបតី​បាន​ព្រមាន​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​និង​អែល​សាល់​វ៉ា​ឌ័​រថា ពួកគេ​នឹង​ប្រឈម​នឹង​លទ្ធផល​ដូចគ្នានេះ​។​

លោក​បាន​និយាយថា “​យើង​បាន​ជូនដំណឹង​ដល់​ប្រទេស​ហុង​ឌូ​រ៉ា​ស ហ្គា​តេ​ម៉ា​ឡា​និង​អែល​សាល់​វ៉ា​ឌ័​រ​នៅថ្ងៃនេះ​ថា ប្រសិនបើ​ពួកគេ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ពួកគេ​ឬ​អ្នកដទៃ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​របស់​ពួកគេ​ទៅកាន់​សហរដ្ឋអាមេរិក​ជាមួយ​គោលបំណង​ចូលមក​ប្រទេស​របស់​យើង​ដោយ​ខុសច្បាប់​នោះ ការចំណាយ​ទាំងអស់​ដែល​ផ្តល់​ឲ្យ​ពួកគេ​នឹង​បញ្ឈប់​!”​។​

ប្រទេស​ហ្គា​តេ​ម៉ា​ឡា​បានប្រកាសថា ខ្លួន​នឹង​បញ្ឈប់​ក្រុម​នេះ​មិន​ឲ្យ​ចូល​ប្រសិនបើ​ពួកគេ​មិនមាន​ទិដ្ឋាការ​ត្រឹមត្រូវ​។​

ហុង​ឌូ​រ៉ា​ស​គឺជា​ប្រទេសមួយ​ដែលមាន​ប្រជាជន​៩​លាន​នាក់​ប៉ុន្តែ​ប្រជាជន​ហុង​ឌូ​រ៉ា​ស​ប្រហែល ១​លាន​នាក់​បានរស់នៅ​ក្នុង​សហរដ្ឋអាមេរិក​ដែល​ភាគច្រើន​គឺ​ខុសច្បាប់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu