ភ្នំពេញ ៖ ជាមួយគ្នានៃភាពជោគជ័យ និងទទួលបានការគាំទ្រលើការផលិតកម្មវិធីទូរទស្សន៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកាលពីកន្លងមកនេះ ផលិតករកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍លោក គួច ខេវិន ភ្លាមៗនេះបានចេញមុខថ្លែងអំណរគុណលើការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។មិនតែប៉ុណ្ណោះលោកក៏បានបញ្ចេញសារមានបំណងបំផុសស្មារតីដល់កូនខ្មែរទាក់ទងការចូលរួមលើកស្ទួយមរតក បេតិកភណ្ឌ និងវប្បធម៌ផងដែរ។
លោក គួច ខេវិន បានលើកឡើងថាខ្ញុំបាទសូមអរគុណជាអនេកដល់មិត្តក្នុង Facebook ដែលតែងតែគាំទ្រ រៀងរាល់កម្មវិធីទូរទស្សន៍ ដែលខ្ញុំផលិត ហើយនិងបានជួយ Share និង Like…។ ជាក់ស្តែងដូចជារដូវបុណ្យភ្ជុំកន្លងមក ដែលមានក្រុមត្រកូល ខាត់ មានអ្នក Share និងចូលរួមតាមដានជាង 21k… ក្នុងពេលតែ៣ថ្ងៃជាមួយនឹង ភ្លេង បុរាណខ្មែរ យ៉ាងពីរោះរណ្តំចិត្ត។
ផលិតករកម្មវិធីកម្សាន្តដ៏ល្បីឈ្មោះលោក គួច ខេវិន បានបន្តថា ខ្មែរពិតជាសំបូរហូរហៀរ ទៅដោយមរតក បេតិកភណ្ឌ និងវប្បធម៌ ក៏ដោយសារ តែភាពហូរហៀរនេះ ហើយទើបបានជាធ្វើឲ្យខ្មែរពិបាកថែ ពិបាករក្សា…ពិបាកចែកចាយឲ្យកូនចៅ ជំនាន់ក្រោយៗ រួចក៏ទុកឲ្យគេលួច គេប្លន់ ឲ្យគេរើសយកទៅធ្វើជាសម្បត្តិ របស់គេទៅវិញ។ ចំណែកខ្លួនជាម្ចាស់មរតក ដ៏សំបូរបែប ក៏បណ្តែតបណ្តោយកូនចៅ ឲ្យទៅលួចចម្លងវប្បធម៌ ជាតិគេទាំងងងឹតងងល់មកពង្វក់ខ្មែរ តជំនាន់ហើយថែមទាំងនៅតែអួតក្អេងក្អាង ខុសទំនង…។
លោក គួច ខេវិន បាននិយាយទៀតថា ប្រសិនជាមាន មនសិការ ជាខ្មែរពិតតែបន្តិចបន្តួច រួចលួចក្រឡេកមើលពួក ដែលធ្លាប់លួច ធ្លាប់ប្លន់ ធ្លាប់រើសយក មរតកវប្បធម៌ខ្មែរ ទៅថែ ទៅរក្សា ទៅការពារ ទៅលើកស្ទួយនោះ អ្នកនឹងមិនក្លាយទៅជាខ្មែរដែលត្រូវបណ្តាសារបស់ បុព្វបុរស មហានគរ នោះឡើយ។
បន្ថែមពីលើនេះលោក គួច ខេវិន បាននិយាយថា ជំនួសឲ្យពាក្យសោកស្តាយ តើអ្នកបានធ្វើអ្វីខ្លះដើម្បីរក្សា «វប្បធម៌» ជាតិខ្មែរ? ប្រឈមទៅនឹងភាពធ្លាក់ដុនដាប ដល់កម្រិតមួយដែលមិនល្អ នៃវប្បធម៌របស់ខ្មែរ តើក្រសួង និងស្ថាប័នណាខ្លះ គួរទទួលខុសត្រូវ និងបញ្ឈប់ភាពលង់លក់ដ៏អាក្រក់ ទាំងកណ្តាលថ្ងៃត្រង់បែបនេះ?៕
Source: Kampuchea Thmey Daily
0 Comments