Ad Code

លោក Mattis ទៅ​មើល​តំបន់​ដែល​បំពុល​ដោយសារ​ធាតុគីមី Agent Orange អំឡុង​សង្គ្រាម​វៀតណាម



រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Jim Mattis បានធ្វើ​ដំណើរ​ទៅកាន់​អតីត​ទីតាំង​ស្តុក​សារធាតុ​គីមី​ពុល Agent Orange នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ពុធ​ដើម្បី​រំលឹក​ឡើងវិញ​នៃ​ជំពូក​ដ៏​ខ្មៅ​ងងឹត​មួយ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ជនជាតិ​វៀតណាម​មួយ​លាន​នាក់​ដូចជា​ការបង្ក​កំណើត​កូន​មក​មាន​រាងកាយ​និង​សុខ​ភាព​មិនប្រក្រតី ជំងឺ​មហារីក​និង​ពិការភាព។

លោក Mattis បាន​ពិនិត្យមើល​ផែនទី​នៃ​អាកាសយានដ្ឋាន Bien Hoa នៅ​ខាងក្រៅ​ទីក្រុង​ហូជីមិញ​ដែលជា​កន្លែង​ដ៏​សំខាន់​មួយ​សម្រាប់​សារជាតិ​គីមី​ពុល Agent Orange ដែល​ត្រូវបាន​បោសសម្អាត​ជា​ប្រញាប់​ដោយ​ទាហាន​នៅ​ជិត​ចុងបញ្ចប់​នៃ​សង្គ្រាម​កាលពី​ជាង​បួន​ទសវត្សរ៍​មុន​។​

កងកម្លាំង​សហរដ្ឋអាមេរិក​បាន​បាញ់​សារជាតិ​គីមី​ពុល Agent Orange ៨០​លាន​លីត្រ​លើ​វៀតណាម​ខាងត្បូង​នៅ​ចន្លោះ​ឆ្នាំ​១៩៦២​ដល់​ឆ្នាំ​១៩៧១​ក្នុង​គោលបំណង​បណ្តេញ​កងទ័ព​វៀត​កុង​។​

សារធាតុ Agent Orange បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ជាច្រើន​ជំនាន់​នៅ​ប្រទេស​វៀតណាម ដែល​ភាគច្រើន​ជា​ក្មេងៗ​ដែល​កើតមក​ពិការ​មាន​ចាប់តាំងពី​កើតមក​ក្បាល​ធំ​រហូតដល់​ដៃជើង​ខុសធម្មតា​។​

នៅក្រោម​កិច្ចព្រមព្រៀង​បោសសម្អាត​សារធាតុ​គីមី​រយៈពេល​១០​ឆ្នាំ​ដែល​ដឹកនាំ​ធ្វើ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍ USAID, ការងារ​នេះ​ត្រូវ​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​នៅ Bien Hoa ។​
​មន្ត្រី USAID ម្នាក់​បាន​និយាយថា "​យើង​សង្ឃឹមថា​នឹងមាន​ប៉ែល​នៅក្នុង​ដី​នៅ​ឆ្នាំក្រោយ​។​

បរិមាណ​នៃ​ភ្នាក់ងារ​ជាតិគីមី​ពុល​នេះ​ត្រូវបាន​ស្តុក​ទុក​នៅ Bien Hoa ក្នុង​ធុង​ប្រេងឥន្ធនៈ​ធំៗ​អំឡុង​សង្គ្រាម​ហើយ​ក្រោម​ប្រតិបត្តិការ​ឆ្នាំ​១៩៧២​ដែល​គេ​ហៅថា Pacer Ivy, កង​យោធា​សហរដ្ឋអាមេរិក​បានចាប់ផ្តើម​ប្រមូល​សារធាតុ​គីមី​នេះ​ចេញពី​ប្រទេស​វៀតណាម​ដើម្បី​ទុកដាក់​និង​បំផ្លាញចោល​នៅក្រៅ​ប្រទេស​។​

ទីក្រុង​ហាណូយ​បាន​និយាយថា ប្រជាជន​វៀតណាម​រហូតដល់​៣​លាន​នាក់​បាន​រងគ្រោះ​ដោយសារ​ធាតុគីមី​ពុល Agent Orange ហើយ​ថា មនុស្ស​មួយ​លាន​នាក់​បាន​រង​ផលប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​នៅថ្ងៃនេះ​រួមទាំង​កុមារ​យ៉ាងតិច​១៥០,០០០​នាក់​ដែល​ពិការភាព​តាំងពី​កំណើត​ផងដែរ​។​

លោក Mattis បាន​និយាយថា ការ​មក​ទស្សនា​តំបន់​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ក្នុង​ការធ្វើ​វិសោធនកម្ម​ផ្នែក​ខ្លះ​នៃ​សង្គ្រាម​បង្ហូរឈាម​និង​ជូរចត់​ដែល​បានសម្លាប់​ជនជាតិ​វៀតណាម​ប្រមាណ​៣​លាន​នាក់​។​

ទំនាក់ទំនង​រវាង​អតីត​គូសត្រូវ​ទាំងពីរ​នេះ​មាន​ភាពកក់ក្តៅ​គួរ​ឲ្យ​កត់សម្គាល់​ចាប់តាំងពី​ចុងបញ្ចប់​នៃ​សង្គ្រាម​មកហើយ​សព្វថ្ងៃនេះ ក្រុង​វ៉ាស៊ីនតោន​គឺជា​សម្ព័ន្ធមិត្ត​នយោបាយ​និង​យោធា​និង​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ជិត​ស្និ​ទ្ធិ​បំផុត​របស់​ទីក្រុង​ហាណូយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu