Ad Code

កែវ រំ​ចង់ ចាញ់ ដាប​ម៉ន ភុម​ផាន​មួង ខ​ណៈ​ វី ស្រី​ខួច ឈ្នះ រ៉ូ​ស សា​ណេ​ទឹក​ទី​៤



អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា កែវ រំ​ចង់ ក្លិប​ដំបងគ្រញូង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ ដាប​ម៉ន ភុម​ផាន​មួង ក្នុង​ទឹក​ទី​៤ នៅក្នុង​ការជួប​ប្រកួត​គ្នា​នាយ​ប់​ថ្ងៃទី​១៤ ខែ​​តុលា ឆ្នាំ​២០១៨ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ខា​រ៉ា​បាវ លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

ក្នុងការ​ប្រកួត​ជាមួយ​ម្ចាស់​ខ្សែ ក្រវាត់ ដាប​ម៉ន ភុម​ផាន​មួង នេះ រំ​ចង់ បាន​អស់​ដំណើរ​នៅ​ទឹក​ទី​៤ ដោយ​ស្ទើរ​សន្លប់​ឈរ​ទៅហើយ ក្រោម​ទម្ងន់​ជើង ជង្គង់ និង​កែង របស់​ដាប​ម៉ន ភុម​ផាន​មួង។ រំ​ចង់ ត្រូវ​អាជ្ញាកណ្តាល​រាប់​៨​ពីរដង មុន​ត្រូវ​អាជ្ញាកណ្តាល​បញ្ឈប់​លែង​ឲ្យ​ប្រកួត​ក្នុង​ទឹក​ទី​៤​នេះ ព្រោះ​រំ​ចង់​ត្រូវ ដាប​ម៉ន ភុម​ផាន​មួង អុក​ជង្គង់​ចូល​ពោះ​ឡើង​ចង់​បែក​ថ្លើម​ទៅហើយនោះ ។​

ក្រុមអ្នកវិភាគ​ប្រដាល់​ក្នុងស្រុក បាន​ស្ដីបន្ទោស​ថា រំ​ចង់ អាច​នឹង​ជួប​ស្ថាន​ភាពល្អ​ជាង​នោះ​ប្រសិន​គេ​ព្យាយាម​វាយ​មួយៗ ដោយ​មិន​ច្រឡោត​ខ្លាំងពេក​នោះ តែ​ក្រុមអ្នកវិភាគ ក៏​ទទួលស្គាល់ថា រំ​ចង់ ត្រូវតែ​ចាញ់​អ្នក​ប្រដាល់​ថៃ​នេះដែរ ព្រោះ​ដាប​ម៉ន ភុម​ផាន​មួង គេ​ខ្ពស់​រហូតដល់​១,៨៥​ម៉ែត្រ ឯណោះ ដៃជើង​វែង ហើយក៏​ជា​ម្ចាស់​ខ្សែក្រវាត់​នៅ​ស្រុកថៃ​ទៀត ។ ទោះជា​យ៉ាងណា ក៏មាន​អ្នកខ្លះ ទៀត ក៏បាន​សរសើរ​ទឹកចិត្ត​អង់អាច​របស់ កែវ រំ​ចង់ ដែល​ហ៊ាន​ប្រឈម​តទល់​ជាមួយ ដាប​ម៉ន ភុម​ផាន​មួង​នេះ បើទោះជា​ដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កម្ពស់​ខ្ពស់ជាង​ខ្លួន​ក៏ដោយចុះ​។​

សម្រាប់​ការប្រកួត​គូ​អន្តរជាតិ​នារី​វិញ វី ស្រី​ខួច កីឡាការិនី​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ បាន​ផ្តួល​កីឡាការិនី​ហុ​ល្លង់ រ៉ូ​ស សា​ណេ នៅក្នុង​ទឹក​ទី​៤ ។

កីឡាការិនី​ហុ​ល្លង់ រ៉ូ​ស សា​ណេ ដែល​មើលទៅ​មិនសូវ​ទាន់​ចេះ​ស្ទាត់​ពី​ប្រដាល់​ប៉ុន្មាន​នោះ ត្រូវ វី ស្រី​ខួច ដាល់​ចំ​មុខ​ពេញៗ​ជាច្រើន​ដៃ តាំងពី​ក្នុង​ទឹក​ទី​២​មកម្ល៉េះ ដែល​ត្រូវ​អាជ្ញាកណ្តាល​រាប់​៨​ពីរដង ហើយ​មកដល់​ទឹក​ទី​៤ ត្រូវ​រាប់​៨​ម្តងទៀត បន្ទាប់មក​ក៏ត្រូវ​បញ្ឈប់​លែង​ឲ្យ​ប្រកួត​តែម្តង ដោយសារ​មិនអាច​ទប់ទល់​ជាមួយ​កណ្តាប់ដៃ​របស់​វី ស្រី​ខួច​បាន​នោះ ។​

ចំពោះ​ការប្រកួត​គូ​ពិសេស​ខ្មែរ​និង​ខ្មែរ​វិញ តូច ទូ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ គេ​សងសឹក​ចៅ ផល​ឌឿ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង បានសម្រេច ដោយ​ដាល់​ចៅ ផល​ឌឿ​អោយ​សន្លប់​ក្នុង​ទឹក​ទី​៣ ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៩ គីឡូក្រាម​។​

ដោយឡែក ការប្រកួត​ដណ្តើមពាន​រង្វាន់​អនុស្សាវរីយ៍​បាយ័ន ទម្ងន់​៦៣,៥០០​គីឡូក្រាម ដែលមាន​អ្នក​ប្រដាល់​ទម្ងន់​៦៣,៥០០​គីឡូក្រាម ៤ រូប​ចូលរួម​ប្រកួត កាលពី​ល្ងាច​ថ្ងៃទី​១៣​តុលា​នោះ ជា​លទ្ធផល​ចុងក្រោយ គឺ​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ជា​អ្នកទទួលបាន​ពាន​នេះ ។​

សុខ សុវណ្ណ ពេល​ប្រកួត​លើក​ទី​១ គេ​វាយ​ឈ្នះ​ថន វាសនា អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ដោយ​ពិន្ទុ ហើយ​មកដល់​វគ្ក​ផ្តាច់ព្រ័ត្រ គេ​បាន​វាយ​ឈ្នះ​ចាន់ វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ដោយ​ពិន្ទុ ។​

គួរ​បញ្ជាក់ថា ចាន់ វ៉ា​រិ​ទ្ធ​នេះ មុននឹង​ឡើងមក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ គេ​បាន​វាយ​ឈ្នះ​យ៉ុ​ន ដា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដោយ​ពិន្ទុ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu