ក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង នឹងរៀបចំកិច្ចពិភាក្សាថ្នាក់ខ្ពស់នៅថ្ងៃចន្ទនៅឯភូមិព្រំប្រទល់ Panmunjom ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ នៃកិច្ចប្រជុំកំពូលចុងក្រោយរបស់ពួកគេ។
នៅឯកិច្ចប្រជុំកំពូលលើកទីបីរបស់ពួកគេក្នុងទីក្រុងព្យុងយ៉ាងកាលពីខែមុន ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានយល់ស្របដើម្បីបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញរួមទាំងការតភ្ជាប់ផ្លូវរថភ្លើងនិងផ្លូវថ្នល់ជាថ្មីហើយបើកសួនឧទ្យានរួមគ្នានិងដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានភ្នំ Kumgang ផងដែរនៅពេលលក្ខខណ្ឌត្រូវបានបំពេញ។
លោក មូន ក៏បាននិយាយផងដែរថា លោកគីមនិយាយថា លោកនឹងអញ្ជើញអ្នកជំនាញអន្ដរជាតិដើម្បីមើលការរុះរើទីតាំងមីស៊ីលដ៏សំខាន់មួយនិងបិទបរិវេណនុយក្លេអ៊ែរ Yongbyon ដ៏ធំប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើសកម្មភាពចំបាច់។
ក្រសួងបាននិយាយថា ការពិភាក្សាចុងក្រោយនឹងធ្វើឡើងនៅផ្នែកខាងត្បូងនៃភូមិ Panmunjom ក្នុងតំបន់គ្មានយោធាហើយត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលោក Cho Myoung-gyon ។
ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងមិនទាន់បានបញ្ជាក់ពីគណៈប្រតិភូរបស់ខ្លួននៅឡើយទេប៉ុន្តែកិច្ចប្រជុំមុនៗត្រូវបានដឹកនាំដោយប្រធានគណៈកម្មាធិការបង្រួបបង្រួមប្រទេសដោយសន្តិភាពទទួលបន្ទុកកិច្ចការឆ្លងកាត់ព្រំដែនលោក Ri Son Gwon ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តាមរយៈកិច្ចប្រជុំកម្រិតខ្ពស់ យើងនឹងពិភាក្សាអំពីវិធីដើម្បីអនុវត្តកិច្ចព្រមព្រៀងក្រុងព្យុងយ៉ាងជារួមនិងសម្រេចកាលវិភាគសម្រាប់កិច្ចពិភាក្សានៅលើតំបន់នីមួយៗ”។
ការប្រកាសនេះបានកើតឡើងចំពេលមានការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកថា ទំនាក់ទំនងអន្តរកូរ៉េអាចមានកំដៅលឿនពេកទាក់ទងនឹងការចរចារដើម្បីរារាំងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង៕ REUTERS
Source: Kampuchea Thmey Daily
0 Comments