Ad Code

កីឡាករ ទេស សម្បត្តិ ត្រូវការ​ពេលវេលា​មួយរយៈ​ដើម្បី​សិក្សា​ពី​លី​គ​កំពូល​កម្ពុជា ក្រោយ​ចូលរួម​ជាមួយ​បឹងកេត​អែ​ហ្វ​ស៊ី



ក្លិប​ជើងឯក​រង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បឹងកេត​អែហ្វស៊ី បាន​ប្រកាស កាលពីដើម​ខែតុលា ថា​ក្លិប​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ខ្សែការពារ ក្រុម​ជម្រើសជាតិ​យុវជន​កម្ពុជា ទេស សម្បត្តិ ដែល​ធ្លាប់​បណ្តុះបណ្តាល​នៅ​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ​។

​ក្រោយ​ទទួល​បាន​កិច្ចសន្យា​ជា​កីឡាករ​បាល់ទាត់​អាជីព​ខ្សែការពារ ទេស សម្បត្តិ មិនទាន់​រំពឹង​អាច​ប្រជែង​ជាមួយ​រៀមច្បង​នៅឡើយ​ទេ ក្រោយ​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​បឹងកេត​។ កីឡាករ​រូបនេះ​គិតថា​ ខ្លួន​ត្រូវ​ចំណាយពេល​យ៉ាងហោច​៥​ទៅ​៦​ខែ​ទៀត​ដើម្បី​ស្វែងយល់​ឲ្យ​ច្បាស់​ពី​លី​គ​កំពូល​កម្ពុជា​។ យុវជន​វ័យ​១៨​ឆ្នាំ​បង្ហើប​ថា ដើម​ដែល​រូបគេ​សម្រេច​ចូលរួម​ជាមួយ​ក្រុម​ជើងឯក​លី​គ​កំពូល​៣​សម័យ ព្រោះ​ជា​ក្លិប​គេ​ស្រលាញ់​ចូលចិត្ត​តាំងពីក្មេង​ម្ល៉េះ​។

​កីឡាករ ទេស ស​ម្ប​តិ្ត គឺជា​អតីត​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ទី​៣​ដែល​ត្រូវ​បឹងកេត​បង្ហាញខ្លួន​ជា​សមាជិក​ថ្មី​ចាប់ពី​រដូវ​កាល​២០១៩​តទៅ​។ ខ្សែការពារ​មាន​ប្រភពពី​ខេត្តកំពង់ស្ពឺ នឹង​ពាក់អាវ​លេខ​១៦​ជំនួស​រៀមច្បង ឈុន សុធា​រ័ត្ន ដែល​បានប្រកាស​ចូលនិវត្តន៍​នៅ​ថ្ងៃ​ចុងក្រោយ​លី​គ​កំពូល​២០១៨​។



កីឡាករ ទេស សម្បត្តិ ធ្លាប់​ជាប់​បង្ហាញខ្លួន​នៅក្នុង​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជាច្រើន​ជាមួយ​ក្រុម​ជម្រើសជាតិ​យុវជន​កម្ពុជា ព្រមទាំង​ក្នុង​ពានរង្វាន់​ជើងឯក​អាស៊ី ជើង​តំបន់​អាស៊ាន និង​ពានរង្វាន់​ក្រៅផ្លូវការ​មួយចំនួន​ផង​ដែរ ជាក់ស្តែង​ដូចជា​ក្នុង​ពានរង្វាន់ AFF U16 Championship, AFC U16 Championship, AFF U17, AFF U18, និង AFF U19 Championship ឆ្នាំ​២០១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ខែកក្កដា​កន្លងទៅ​នេះ​។ ថ្មីៗ​នេះ​រូបគេ​ទើប​ធ្វើដំណើរ​ត្រឡប់​មកពី​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន រយៈពេល​៣​សប្ដាហ៍​។

កីឡាករ ទេស សម្បត្តិ គឺជា​សមាជិក​ចំណូល​ថ្មី​ទី​៣ បន្ទាប់ពី​មិត្ត​រួម​ក្រុម​អ្នកចាំទី ហ៊ុល គីម​ហ៊ុយ នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​ដូចគ្នា ដែល​បាន​សម្រេចចិត្ត​រូ​ម​ជាមួយ​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី នៅ​ចុងឆ្នាំ​២០១៨​នេះ​។ ដំណើរ​មកដល់​របស់​កីឡាករ​ទាំង​៣​រូបនេះ​នឹង​ជួយ​បំពេញ​ចន្លោះប្រហោង​នៅលើ​ទីលាន​ដល់ លោក ហៅ សុជាតិ ដែលជា​គ្រូ​បង្វឹក​កំពុង​ជួប​ប្រទះ​នា​ពេល​កន្លង​ទៅ​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu