Ad Code

គណបក្ស​ប្រជាជន​កម្ពុជា អនុវត្ត​ព្រះរាជ​បណ្តាំ និង​ព្រះរាជតម្រិះ​របស់ “​ព្រះ​បរម​រតន​កោដ្ឋ​” ជា​រៀងរហូត



ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា អនុវត្ត​ព្រះរាជ​បណ្តាំ និង​ព្រះរាជតម្រិះ​របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​បន្សល់​ឲ្យ​កូនចៅ​អនុវត្ត ដូច្នេះហើយ​គណបក្ស​ប្រា​ជនកម្ពុជា​ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ឲ្យ​បានជា​ដាច់ខាត​។

លោក សុខ ឥសាន ថ្លែង​កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា ថា គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាន់ខ្ជាប់​គោលជំហរ ធ្វើជា​សុ​ខុ​ដម​នីយកម្ម​សង្គម​កម្ពុ​ជា ដែល​ជា​ផ្អែក​មួយ​នៃ​នយោបាយ​បង្រួបបង្រួម​ជាតិ ការ​ផ្សះផ្សា​ជាតិ និង​វប្បធម៌​សន្ទនា ប៉ុន្តែ​ការ​បង្រួបបង្រួម​ជាតិ ការ​ផ្សះផ្សា​ជាតិ និង​វប្ប​ធម៌​សន្ទនា ត្រូវតែ​ផ្អែកលើ​គោល​ការណ៍​ច្បាស់លាស់​នោះ គឺ​តាម​គោល​ការ​ណ៍​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ ​នេះ​ហើយ គឺជា​ព្រះរាជ​បណ្តាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​បន្សល់​ឲ្យ​កូនចៅ​គណបក្ស​ប្រជាជន​កម្ពុជា​អនុវត្ត​តរៀង​ទៅ​។

តាម​លោក សុខ ឥសាន “​ហេតុ​ដូច្នេះហើយ​បានជា​គណបក្ស​ប្រជាជន​កម្ពុជា ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ និង​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ឲ្យ​បានជា​ដាច់ខាត និង​ប្តេជ្ញា​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ទោះបី​ក្រុម​ណា ជន​ណា​និយាយ​អ្វី​ក្រៅ​ពី​នេះ​ក៏ដោយ ដែល​នេះ គឺជា​សិទ្ធិ​និយាយ​របស់​ពួកគេ​និយាយ​”​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ នេះ គឺជា​ខួប​៦​ឆ្នាំ នៃ​ការ​សោយ​ទិវង្គត របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។ ព្រះអង្គ​បាន​យាង​សោយ​ទិវង្គត នៅវេលា​ម៉ោង​១ និង​២០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា ដោយ​ព្រះ​ជរាពាធ នៅ​មន្ទីរពេទ្យ​នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន​។ ក្រោយ​ការ​ការ​សោយ​ទិវង្គត ប្រជារាស្ត្រ​ខ្មែរ បាន​សោក​ស្តាយ​យ៉ាង​ក្រៃលែង និង​បាន​ចងចាំ​ជានិច្ច ចំពោះ​ការ​លះបង់ និង​បូជា​ព្រះកាយ​ពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ មាតុភូមិ​កម្ពុជា ដូចជា​ដណ្តើម​ឯករាជ្យ​ជាតិ​ពី​អាណានិគម​បារាំង ការកសាង​កម្ពុជា ជា​កោះសន្តិភាព​ជាដើម​។

ក្នុង​ឱកាស​គម្រប់​ខួប​៦​ឆ្នាំ នៃ​ការ​សោយ​ទិវង្គត របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ តំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន រដ្ឋសភា ព្រឹទ្ធសភា ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ មន្ទីរ ខេត្ត ក្រុង មន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ បាន​នាំគ្នា​យក​កម្រងផ្កា ថ្វាយ​គោរព​សក្ការៈ ចំពោះ​ព្រះ​បរម​រូប ហើយ​ក្នុងឱកាស​នេះដែរ អាជ្ញាធរ​ខេត្ត​ក្រុង​នានា​ទូទាំង​ប្រទេស ក៏​រៀបចំ​ឲ្យ​មាន​ទី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នេះ​ផងដែរ នៅ​តាម​មូលដ្ឋាន​របស់ខ្លួន។

ក្រោយ​ការ​យាង​ចូល​ទិវង្គត​របស់​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះបិតា​ឯករាជ្យ​ជាតិ កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ នេះ រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃទី​១៥ តុលា រៀងរាល់​ឆ្នាំ ជា​ថ្ងៃ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu