កីឡាករ ស៊ិន កក្កដា សមាជិករបស់ក្រុមជម្រើសជាតិកម្ពុជា ដែលកំពុងប្រកបអាជីពនៅក្លិបភ្នំពេញក្រោន ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) មានដំណឹងចចាមអារ៉ាមថារូបគេទំនងផ្លាស់ប្ដូរទ្រនំមុនរដូវកាលឆ្នាំ២០១៩ ខាងមុខមកដល់ ខណៈកីឡាកររូបនេះមិនទាន់បញ្ជាក់ពីភាពច្បាស់លាស់របស់ខ្លួនណាមួយនៅឡើយនោះទេ។
ព័ត៌មានជាច្រើនបានបញ្ជាក់ថា កីឡាករវ័យក្មេងរូបនេះទំនងចូលរួមជាមួយក្រុមថ្មោងថ្មីវិសាខា ក្នុងលក្ខខណ្ឌល្អមួយ។ មែនទែនទៅនេះជាដំណឹងលើកទី២ហើយ ដែលម្ចាស់លេខ៧៧រូបនេះ ចង់ចាកចេញពីក្រុមភ្នំពេញក្រោន ស្របពេលដែលកាលពីដើមឆ្នាំ២០១៨ កន្លងទៅក៏មានដំណឹងថាក្លិបបាល់ទាត់នៅប្រទេសអេស្ប៉ាញក៏ចាប់អារម្មណ៍ពីទម្រង់លេងរបស់កីឡាកររូបនេះដែរ ប៉ុន្តែចុងក្រោយបែរជាស្ងាត់វិញ។ ខ្សែប្រយុទ្ធខាងលើបានលើកឡើងជុំវិញសំនួរពីអនាគតរបស់គេថា «មែនទែនទៅខ្ញុំអត់ទាន់ដឹងទេ។ មែនទែនទៅខ្ញុំសុំផ្ដោតលើក្រុមជម្រើសជាតិសិន។ ខ្ញុំត្រូវការពេលគិតមួយរយៈសិនថានឹងទៅជាយ៉ាងណាព្រោះពេលនេះខ្ញុំមានឈ្មោះក្នុងជម្រើសជាតិប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2018 ចន្លោះពីខែវិច្ឆិកា និងធ្នូ ចុងឆ្នាំនេះ»។
កីឡាករ ស៊ិន កក្កដា គឺជាយុវជនឆ្នើមមួយរូប ដែលគេបានបណ្ដុះចេញពីយុវជនថ្នាលរបស់ក្លិបភ្នំពេញក្រោន តាំងពីឆ្នាំ២០១១ មកម្ល៉េះ ខណៈកាលពីឆ្នាំ២០១៧ កន្លងទៅរូបគេធ្លាប់ត្រូវបានកោះហៅឲ្យចូលរួមជាមួយក្រុមធំ ហើយក៏ជាពេលដែលក្រុមជម្រើសជាតិU18, U23 និងក្រុមជម្រើសជាតិកម្ពុជា បានកោះហៅឲ្យរូបគេចូលរួមក្នុងក្រុម ក្នុងឆ្នាំតែមួយ។ យ៉ាងក្តីកីឡាកររូបនេះត្រូវការបទពិសោធន៍បន្ថែមទៀតដើម្បីពង្រឹងបច្ចេកទេសរបស់ខ្លួន៕
Source: Kampuchea Thmey Daily
0 Comments