ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថា កម្ពុជារក្សាសិទ្ធិក្នុងការដកបេក្ខភាពចេញពីអង្គការអន្តរជាតិណាមួយ ដូចបណ្តាប្រទេសមួយចំនួនផងដែរ ប្រសិនបើអង្គការអន្តរជាតិនោះ មានការឈ្លានពាន ឬជ្រៀតជ្រែកធ្ងន់ធ្ងរ ទៅលើដែនអធិបតេយ្យ និងផលប្រយោជន៍របស់កម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន លើកឡើងបែបនេះ តាមរយៈសេចក្តីបំភ្លឺរបស់ខ្លួន ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។ តាមលោក ផៃ ស៊ីផាន ការលើកឡើងនេះ បន្ទាប់ពីមានយល់ច្រឡំមួយចំនួន ទាក់ទងនិងសហភាពសភាអន្តរជាតិ IPU។ លោកបញ្ជាក់ថា ទី១-កម្ពុជាមានបំណង និងទិសដៅ ដូចសហភាពសភាអន្តរជាតិ IPU ក្នុងការលើកស្ទួយ និងពង្រីកវប្បធម៌សន្ទនានយោបាយ ដែលនាំមុខ និងបង្កើតបានរួចហើយ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែកិច្ចសន្ទនានយោបាយនេះ គ្មានវិសាលភាពស្ថិតនៅលើច្បាប់រដ្ឋនោះឡើយ។
ទី២-កម្ពុជា រក្សា និងការពារអំណាចរាស្ត្រ ក្នុងការចូលរួមនយោបាយ តាមរយៈការបោះឆ្នោត ដោយទៀងទាត់ ប្រកបដោយគុណភាព និងជឿជាក់។
ទី៣-ប្រជាធិបតេយ្យប្រកបដោយការអនុវត្តនីតិរដ្ឋ គឺជាកិច្ចធានា និងពង្រឹងបន្ថែមទៀត មិនត្រឹមតែសិទ្ធិអំណាច និងសេរីភាពរបស់មហាជន ក្នុងការផ្តល់កិច្ចធានាជោគវាសនារបស់ខ្លួនដោយខ្លួនឯង គឺសណ្តាប់ធ្នាប់នយោបាយ នៃតម្លៃប្រជាធិបតេយ្យសេរីពហុបក្សកម្ពុជា ដែលមិនស្ថិតនៅក្រោមការបង្គាប់បញ្ជាពីជនណា ក្រុមណា អង្គការណា ទោះជានៅក្នុង ឬក្រៅប្រទេសខ្មែរនោះទេ។
ទី៤-គុណភាព និងតម្លៃប្រជាធិបតេយ្យ គឺជាកិច្ចអភិវឌ្ឍជាប្រចាំ ឆ្លើយតបនឹងតម្លៃវប្បធម៌ និងប្រពៃណីដ៏បវររបស់ខ្មែរ ដែលក្តាប់ឲ្យបានជាដាច់ខាតនូវសន្តិភាព ឯករាជ្យ អធិបតេយ្យ និងវិបុលភាពជាតិ ជាអាទិភាព។
ទី៥-កម្ពុជារក្សាសិទ្ធិពេញលេញ និងគ្រប់ពេលវេលា ក្នុងកិច្ចដកបេក្ខភាពរបស់ខ្លួន ចេញពីអង្គការអន្តរជាតិណាមួយនោះ ប្រសិនបើមានការឈ្លានពាន ឬជ្រៀតជ្រែកធ្ងន់ធ្ងរណាមួយ ទៅលើដែនអធិបតេយ្យ និងផលប្រយោជន៍កម្ពុជា ក៏ដូចប្រជាជាតិអធិបតេយ្យមួយចំនួន ដែលបានប្រតិកម្មដកខ្លួនចេញពីអង្គការអន្តរជាតិមួយចំនួន ដែលគេយល់ឃើញថា ប្រឆាំងឈ្លានពាន លើដែនអធិបតេយ្យ និងផលប្រយោជន៍របស់គេ៕
Source: Kampuchea Thmey Daily
0 Comments