លោក សាន ណារិទ្ធ មានឈ្មោះក្រៅថា Owenវ័យ៣១ឆ្នាំ ដែលជាគ្រូបង្ហាត់សាលាបាល់ទាត់រាជធានីភ្នំពេញ និងជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា កំពុងតែមានជំងឺរលាកសួតធ្ងន់ធ្ងរ ហើយពេលនេះកំពុងតែសម្រាកព្យាបាលនៅក្នុងផ្ទះរបស់ខ្លួន ស្របពេលដែលដែលឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចូលរួមឧបត្ថម្ភជាថវិកាដល់អតីតកីឡាកររូបនេះផងដែរ។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជំនួសមុខឲ្យ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាននាំយកថវិកាចំនួន ១០០០ដុល្លា ឧបត្ថម្ភដល់លោក សាន ណារិទ្ធ នៅល្ងាចថ្ងៃសុក្រ សប្ដាហ៍នេះខណៈលោក ឌី វិជ្ជា ប្រធានក្លិប ព្រះខ័នរាជស្វាយរៀង ក្រុមការងារ និងកីឡាករ បានបរិច្ចាគជាជំនួយថវិកាដល់លោក សាន ណារិទ្ធ មានចំនួនសរុប ១,០៥០ ដុល្លារ និង ៩៤០,០០០ រៀល។
Owen ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យដែរប៉ុន្តែដោយសារការចំណាយច្រើនក្នុងមួយថ្ងៃអស់ ៣០០ដល់៤០០០ដុល្លារក៏យកត្រឡប់មកផ្ទះវិញ។ ពេលយកទៅមន្ទីរពេទ្យគេប្រាប់ថាគាត់មានជំងឺស៊ីសួតអស់មួយចំហៀងហើយគ្រួសារគ្មានលទ្ធភាពនឹងចំណាយនោះទេ។ ប្រភពអ្នកពាក់ព័ន្ធបានបញ្ជាក់ថា «គេលាក់រឿងជំងឺរបស់គេ រហូតដល់ធ្ងន់ធ្ងរបែបនេះ។ ចំណែកគ្រួសារគេ ខ្វះខាតណាស់ ហើយឥឡូវគេនៅផ្ទះព្រោះអត់មានលុយមើលជំងឺខ្លួន ដោយសារចំណាយច្រើនពេក»។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីឆ្នាំ២០១៧ បានដាក់គោលដៅបង្កើតសាលាបាល់ទាត់ឲ្យបាន២៥រាជធានី-ខេត្ត ដើម្បីស្វែងរកកីឡាករដែលមានទេពកោសល្យ ត្រៀមរៀបចំទទួលការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សាលានៅតាមបណ្តាខេត្តនេះមានកម្មវិធីហ្វឹកហាត់ដូចសាលាបាល់ទាត់ជាតិបាទី ដែរតែខុសត្រង់រឿងស្នាក់នៅ និងហូបចុក តែប៉ុណ្ណោះ។ ក្រោយពេលសម្រាកពីបាល់ទាត់ សាន ណារិទ្ធិ ក៏ទទួលការងារជាគ្រូបង្វឹកប្រចាំសាលាបាល់ទាត់តំណាងឱ្យរាជធានីភ្នំពេញ តែម្តង។
លោក សាន ណារិទ្ធិ ដែលគេដឹងថាជាអតីតកីឡាករឆ្នើមក្នុងក្រុមជម្រើសជាតិកាលពីជាង១០ឆ្នាំ ហើយលោកធ្លាប់ប្រកបអាជីពនៅក្លិបខេមរាកីឡា ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន ណាហ្គាវើល Albirex Niigata PP អាស៊ីអឺរ៉ុប និងវេស្ទើនភ្នំពេញ ជាដើម។ បុរសវ័យ៣១ឆ្នាំរូបនេះធ្លាប់លើកពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១១ និងជើងឯករងពានរង្វាន់ AFC President's Cup 2011 ជាមួយក្រុមភ្នំពេញក្រោន និងនៅឆ្នាំ២០១៣ ឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាមួយណាហ្គាវើល ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments