Ad Code

វិមាន​ឈ្នះ​ឈ្នះ នឹង​សម្ពោធ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ក្រោម​វត្តមាន សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​នឹង​ការរៀបចំ​កម្មវិធី​ពិព័រណ៍​ចំនួន​បី​ថ្ងៃ



ភ្នំពេញ​៖ វិមាន​ឈ្នះ​ឈ្នះ ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​លី​យ៉ុង​ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក​ខណ្ឌ​ជ្រោយចង្វា គ្រោង នឹង​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នៅ​ថ្ងៃទី​២៩ ខែធ្នូ​ ឆ្នាំ​២០១៨​ខាងមុខ​នេះហើយ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ជាមួយគ្នានេះដែរ​ក៏​នឹង​រៀបចំ​អោយ​កម្មវិធី​ពិព័រណ៍​ចំនួន​បី​ថ្ងៃ​ផងដែរ។

ដើម្បីអោយ​ពិធី​ខាងលើ​ប្រព្រឹត្តិទៅបាន​រលូន​និង​ទទួលជោគជ័យ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មួយចំនួន​ចុះ​ពិនិត្យ ទីតាំងនៅ​ជុំវិញ​វិមាន​ឈ្នះ​ឈ្នះ​នេះ ដើម្បី​ត្រៀម​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ រួម​និង​ការ​ឈូសឆាយ​ព្រៃត្រែង កាយ​ទឹក​បង្រហូ​ដាក់លូ​ផងដែរ​។​

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ទីតាំង​ខាងលើ បានអោយដឹងថា “​ព្រៃត្រែង​ដែល​នៅ​ជុំវិញ​វិមាន​ឈ្នះ​ឈ្នះ នឹងត្រូវ​ធ្វើការ​ឈូសឆាយ អោយអស់​។ ចំពោះ​ទឹក​ដែល​ដក់​នៅក្រោយ​វិមាន​ឈ្នះ​ឈ្នះ និង​នៅ​ខាងលិច​វិមាន ក៏ត្រូវ​ធ្វើការ​រំដោះ​ទឹក​ចេញ​ផងដែរ ដោយ​កាយ​ដាក់លូ​បង្ហូរ​អោយចូល​ទៅក្នុង​ទន្លេសាប​”​។

លោក​បាន​បញ្ជាក់ថា ការរៀបចំ​ដូច្នេះ គឺ​ដើម្បី​ជា​សោ​ភណ្ឌ​ភាព និង​មាន​ភាពងាយស្រួល​ក្នុងការ​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ក៏ដូចជា​សន្តិសុខ​សុវត្ថិភាព ដល់​សម្តេច​តេ​ជោ​ផងដែរ​។​

លោក ឃួ​ង ស្រេង បញ្ជាក់​អោយដឹងថា កម្មវិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន ជា​អធិបតី នៃ​កម្មវិធី​នេះ​។ ក្រៅពី​កម្មវិធី​សម្ពោធ គណៈកម្មការ​បានរៀបចំពិព័រណ៍​ចំនួន​បី​ថ្ងៃ​ផងដែរ ដែលមាន​មកពី​គ្រប់​ស្ថាប័ន​រដ្ឋ​ទាំងអស់​ចូលរួម ជាពិសេស​ខាង​វិស័យ​ការពារ​នៃ​ប្រទេស​កម្ពុជា​។​

លោក​បាន បញ្ជាក់ថា ក្រៅពី​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ សាលា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​តុបតែង​តាំង​ភ្លើងអគ្គិសនី​បំភ្លឺ​នៅតាម​ដងផ្លូវ ពី​គល់ស្ពាន​ព្រែក​ព្នៅ រហូតដល់​ផ្លូវជាតិ​លេខ​៦ នឹង​បើក​អោយ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​អន្តរជាតិ​ចូលរួម​ទស្សនា នូវ​សមត្ថ​លទ្ធផល​នានា ដែល​បាន​ទទួលបាន​ជោគជ័យ និង​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​កម្ពុជា និង​មានការ​រីកចម្រើន​​​លើ​គ្រប់​វិស័យ​រហូតមកដល់​សព្វថ្ងៃ​នេះ​។​

ក្នុងឱកាស​នោះដែរ លោក​ឃួ​ង ស្រេង ក៏បាន​ធ្វើការ​ណែនាំ​អោយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដាក់​រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន​២០​គ្រឿង ដោយ​ប្រើប្រាស់​ទីតាំង​ចំនួន​២​កន្លែង​នៅមុខ​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ បើ​មាន​បញ្ហា​សុខភាព ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ​ផងដែរ​។​

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈ​ការណ៍​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ អោយដឹងថា ខាង​មន្ទីរ​នឹង​រៀបចំ​ដាក់​ភ្លើងអគ្គិសនី​បំភ្លឺ​តាម​ដើម​ច័ន្ទ​គី​រី​ទាំងអស់​នៅតាម​បណ្តោយ​ផ្លូវ រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ចំងាយ​ជិត​៥០០​ម៉ែត្រ និង​ឆ្លាក់​អក្សរ​លើ​ផ្ទាំង​សិលាចារឹក “​ជា​វិថី​វិមាន​ឈ្នះ​ឈ្នះ​” ដាក់​នៅ​ដើមផ្លូវ​។
លោក​បន្តថា ចំពោះ​ការងារ​នេះ គឺ​ខាង​មន្ទីរ​សាធារណៈ​ការណ៍​បានធ្វើ​រួចរាល់​ខ្លះ​ហើយ ដូច​ជាការ​ដាក់លូ​ជាដើម​។​

លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ​និង​កិច្ចការបរទេស នៃ​ក្រសួងការពារជាតិ និង​ជា​ប្រជា​ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បាន​បញ្ជាក់ថា “​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ គឺជា​ថ្ងៃ​បញ្ចប់សង្គ្រាម​ស៊ីវិល និង​ទទួលបាន​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហៅ​កាត់​ថា ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​។ តាមរយៈ​សន្តិភាព​រក​បាន​ដោយ​លំបាក​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​នោះ​ហើយ ដែល​បង្កើត​ឱកាស​មាស ឱកាស​ពេជ្រ សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​”​។ លោក​បន្ថែមថា វិមាន​ឈ្នះ​ឈ្នះ​នេះ គឺ​បានរៀបចំ​ចម្លាក់ ស្តីពី​ចម្លាក់​ទិវា​ចងចាំ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត និង​ចម្លាក់​ដំណើរ​ជាតិ​កម្ពុ​ជានា​ទសវត្ស​ឆ្នាំ​៨០ និង​ដើមឆ្នាំ​៩០ ដាក់តាំង​បង្ហាញ​នៅ​ជាន់​ផ្ទាល់​ដី​ផ្នែក​ខាងក្រៅ​វិមាន។

គួរ​បញ្ជាក់ដែរថា វិមាន​ឈ្នះ​ឈ្នះ​ចាប់ផ្តើម​សាងសង់​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៦ ដែល​សង់​នៅ​ផ្ទៃដី​ចំនួន​១៥​ហិកតា ដែលមាន​កម្ពស់​វិមាន​ចំនួន​៥៤​ម៉ែត្រ ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​លី​យ៉ុង​ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu