Ad Code

លាភ រដ្ឋា និង លន បញ្ញា អ្នកណា​ជា​ម្ចាស់​ពាន​ជើងឯក TV5 Knock Out Series ទម្ងន់​៦០​គ​.​ក្រ​



ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ជើងឯក TV5 Boxing Knock Out Series by K.cement ទម្ងន់​៦០​គីឡូក្រាម​នៅ​សង្វៀន TV5 ព្រែកកំពឹស នា​យប់​ថ្ងៃទី​១៣ តុលា ២០១៨​នេះ បាន​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ។

លាភ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ និង លន បញ្ញា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ពួកគេ​ទាំងពីរ​នឹងត្រូវ​ប្រជែង​គ្នា ដើម្បី​យក​តំណែង​ជា​ម្ចាស់​ពានរង្វាន់​ជើងឯក TV5 Knock Out Series ទម្ងន់​៦០​គីឡូក្រាម​នេះ ។​

លាភ រដ្ឋា ឆ្លងកាត់​ការប្រកួត​ជម្រុះ​៤​ដំណាក់កាល​កន្លងមក គេ​វាយ​ឈ្នះ​ទាំង​៤​ប្រកួត​។ លើក​ទី​១ គេ​ឈ្នះ ចាន់ រក្សា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ , លើក​ទី​២ ឈ្នះ​ម៉ន ព្រហ្ម​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ដោយ​ពិន្ទុ​ដែរ​, លើក​ទី​៣ ឈ្នះ​កំពែង ខ្មៅ សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​ដោយ​ពិន្ទុ និង លើក​ទី​៤ ដែលជា​ការប្រកួត​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ លាភ រដ្ឋា បានឈ្នះ​ឡុង រ៉ា​មី ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដោយ​ពិន្ទុ ។​

ចំពោះ អ្នក​ប្រដាល់​លន បញ្ញា វិញ គេ​ឈ្នះ​ទាំង​៤​ដំណាក់កាល​ដូចគ្នា​ដែរ​។ លើក​ទី​១ បញ្ញា​វាយ​ឈ្នះ​អ្នក​ប្រដាល់​នួន រ៉ា​ថេ​ន ក្លិប​តា​ឯក​ដំបង​ដែក​ខេត្តព្រៃវែង​ដោយ​ពិន្ទុ , លើក​ទី​២ ឈ្នះ​សេន កុសល ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ដោយ​ពិន្ទុ​, លើក​ទី​៣ ឈ្នះ​ម៉ឺន មេ​ឃា ក្លិប​មនោ​រម្យ​ភ្នំ​តូច ដោយ​ពិន្ទុ និង លើក​ទី​៤ ប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ វាយ​ឈ្នះ​លិញ ភារ​ម្យ ក្លិប​ភារ​ម្យ​គុន​ខ្មែរ ក្នុង​ទឹក​ទី​៣ ។

រវាង លាភ រដ្ឋា និង លន បញ្ញា នេះ តាម​ការរំពឹងទុក​នោះ លាភ រដ្ឋា​ប្រហែលជា​មិន អាច​ឈ្នះ​លន បញ្ញា ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​នេះ​ទេ ? ។ តាម​ការកត់សម្គាល់​នោះ អ្នក​ប្រដាល់​ទាំងពីរ​រូបនេះ មាន​ប្រវត្តិ​ធ្លាប់​ជួបគ្នា​ម្តង​ហើយ​កន្លងមក​(២៨​មេសា​២០១៨) ដោយ​រដ្ឋា ចាញ់​បញ្ញា​ក្នុង​ទឹក​ទី​២ ។

លន បញ្ញា គេ​មានប្រៀប​ឈ្នះ​លាភ រដ្ឋា ដោយសារ​គេ​ខ្ពស់ជាង ដៃជើង​វែង ហើយ​ស្នៀត​ជង្គង់​និង​កែង​របស់គេ គឺ​រដ្ឋា​មិនអាច​ទប់ទល់​បានឡើយ ។ ចាំមើល អ្នក​ដែលជា​ម្ចាស់​ពានរង្វាន់​ជើងឯក Knock Out TV5 Series ទម្ងន់​៦០ គីឡូក្រាម​នេះ អាចជា​លន បញ្ញា ហើយ ? ។​

សូមបញ្ជាក់ថា លន បញ្ញា គេ​បាន​ឡើងមក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ជើងឯក Knock Out TV5 Series​នេះ ម្តង​រួចមកហើយ កាលពី​រដូវ​កាល​មុន​ទម្ងន់​៥៧​គីឡូក្រាម តែ​បានទទួល​ត្រឹម​ជា​ជើងឯក​រង​ប៉ុណ្ណោះ ដោយ​វាយ​ចាញ់​ធន់ មករា សិស្ស​រួម​គ្រូ​ជាមួយ​ដោយ​ពិន្ទុ ។

ចំពោះ ឡុង រ៉ា​មី អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដែល​ត្រូវ​ប្រកួត​ដណ្តើមយក​លេខ ៣ ជាមួយ លិញ ភារ​ម្យ ក្លិប​ភារ​ម្យ​គុន​ខ្មែរ នោះ​វិញ ពុំ​ដឹងថា បាន​ទៅ​នរណា​នោះដែរ ។​

លិញ ភារ​ម្យ គេ​ជា​អ្នក​ប្រដាល់​មានឈ្មោះ​បោះ​សម្លេង ជា​ជើង​ខ្លាំង​ជើងចាស់ ដូច្នេះ​មិន​ប្រាកដថា​គេ​ចាញ់​ឡុង រ៉ា​មី នោះទេ ។ តែ​ភារ​ម្យ ក៏​មិន​ច្បាស់​ថា​ឈ្នះ​រ៉ា​មី ដែរ ។ ដូច្នេះ ចាំមើល​តើ លិញ ភារ​ម្យ ឬ ឡុង រ៉ា​មី ដែល​ឈ្នះ​បាន​ប្រាក់រង្វាន់​លេខ​៣ នេះ ? ។​

គួរ​បញ្ជាក់ថា សម្រាប់​អ្នកទទួលបាន​ពានរង្វាន់​ជើងឯក TV5 Knock Out Series ទម្ងន់​៦០ គីឡូក្រាម​នេះ នឹង​ទទួលបាន​ពាន​១ និង ទឹកប្រាក់​រង្វាន់​ចំនួន​៤.០០០​ដុល្លារ លេខ​២ បាន​ពាន​១ និង​រង្វាន់​អម ២.០០០​ដុល្លារ លេខ​៣ ពាន និង​រង្វាន់​អម​៧៥០​ដុល្លារ ហើយ​លេខ​៤ បាន​៥០០​ដុល្លារ៕ ​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu