Ad Code

ប្រជាពលរដ្ឋ​មិនតិចជាង​២​ម៉ឺន​នាក់ ​បាន​ទទួល​សេវា​ជិះ​រថយន្ត​ក្រុង​ទៅ​ស្រុកកំណើត​ ដោយ​មិន​អស់ប្រាក់​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ



ភ្នំពេញ​ ​៖ ប្រជាពលរដ្ឋ​មិនតិចជាង​២​ម៉ឺន​នាក់​ទេ ដែល​បានទទួល​សេវា​ជិះ​រថយន្តក្រុង​ទៅ​ស្រុកកំណើត​ ដោយ​មិន​អស់ប្រាក់​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​នេះ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ម៉េ​ត មាស​ភក្តី​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ។

​លោក​ម៉េ​ត មាស​ភក្តី ឲ្យ​ដឹងថា ក្នុង​រយៈពេល​៥​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​ប្រជាពលរដ្ឋ​មិនតិចជាង​២​ម៉ឺន​នាក់​ទេ​ដែល​បាន​ជិះ​រថយន្ត​(Citybus)​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទៅ​ស្រុកកំណើត​ដោយ​មិន​គិតថ្លៃ​ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​១១​តុលា​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​រថយន្តក្រុង​ចំនួន​២១៥​គ្រឿង​សម្រាប់​បម្រើ​​ សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​ក្រុង​នានា និង​ពី​ខេត្ត​ក្រុង​មក​រាជធានី​ភ្នំពេញ​វិញ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដើម្បី​សម្រួល​ដល់​ការចំណាយ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​នា​ឱ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ការ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ។

រថយន្ត​ទាំង​២១៥​គ្រឿង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បែង​ចែកជា​២​ផ្នែក​គឺ​១​ផ្នែក​ចំនួន​៩៥​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​៣​ថ្ងៃ​ពីថ្ងៃ​ទី​៨​ដល់​ថ្ងៃទី​១០​តុលា​,​ចំណែក​១​ផ្នែក​ទៀត​មាន​រថយន្ត​១២០ គ្រឿង​សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត និង​ពី តាម​បណ្តា​ខេត្ត​មក​រាជធានី​ភ្នំពេញ​វិញ​តាម​តម្រាយ​ផ្លូវជាតិ​លេខ​១,​លេខ​២,​លេខ​៣ លេខ​៤,​លេខ​៥,​លេខ​៦,​លេខ​៧​និង​ផ្លូវជាតិ​លេខ​៨​ដែល​បានធ្វើអោយ​ប្រជាពលរដ្ឋ​​ អ្នកទទួល​សេវា​រថយន្តក្រុង​នេះ​បង្ហាញ​ពី​ក្តីសប្បាយ​រីករាយ​ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​ដូច​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ដែល​បាន​រៀបចំ​រថយន្តក្រុង​សម្រាប់​ប្រជាពលរដ្ឋ​ជិះ​ទៅមក​ស្រុកកំណើត​ដោយ​មិន​យក​ប្រាក់។

សូមបញ្ជាក់ថា ក្រៅពី​ការ​ជិះ​រថយន្តក្រុង​មិន​គិតថ្លៃ​សម្រាប់​បុណ្យ ភ្ជុំបិណ្ឌ​នេះ កន្លងមក​ថ្មីៗ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ធ្លាប់បាន​ប្រកាស​ហើយ​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ពន្យារ​ពេល​នៃ​ការ​យក​ប្រាក់​ថ្លៃ​សំបុត្រ​ជិះ​កាណូត​លឿន​ភ្នំពេញ​.​តាខ្មៅ និង​សំរាប់​ជិះ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត ស៊ីសុផុន​ខេត្តបន្ទាយមានជ័យ​ដោយ​ឆ្លងកាត់​ខេត្តកណ្តាល​,​កំពង់ឆ្នាំង​,​ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ​រហូតដល់​ដំណាច់ឆ្នាំ​២០១៨៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu