ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមប្រាក់១០លានរៀលរបស់ក្រុមហ៊ុនស្រាបៀរGanzberg ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី១៣ តុលា ២០១៨នេះ ហើយ នៅលើសង្វៀនSEATV ។
អ្នកប្រដាល់មុត ខ្លឹមខ្មៅ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ និង អ៊ុំ វណ្ណេត អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ពួកគេទាំងពីរនឹងត្រូវប្រជែងគ្នា ដើម្បីយកតំណែងជាម្ចាស់ពានរង្វាន់ប្រាក់១០លានរៀលនេះ ។
ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមប្រាក់១០លានរៀលរបស់ក្រុមហ៊ុនស្រាបៀរGanzberg ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងចាស់ចំនួន០៨នាក់ មកពីសមាគមក្លិបចំនួន៨ បានចូលរួមប្រកួត។
អ្នកប្រដាល់ទាំង០៨រូបនោះ ត្រូវបែងចែកជាពីរពូល មួយពូលមាន៤រូប ដែលក្នុងពូល A មានកីឡាករ ហុង ជីវ៉ុង ក្លិបមិត្តប៉ូលីស, មុត ខ្លឹមខ្មៅក្លិបមកុដរាជសីហ៍ , មាស សុជាតិ ក្លិបឃ្លាំងមឿងកីឡា និង ហ៊ឹម សារ៉ាន់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ។ ចំណែកពូល B មាន ង៉ែត រដ្ឋា ក្លិបតាព្រហ្មមានជ័យ, អ៊ុំ វណ្ណេត ក្លិបការិយាល័យទី៥កងទ័ពជើងគោក , ធឿន ធី ក្លិបអង្គរមានជ័យខេត្តសៀមរាប និងកីឡាករ ប៊ី ចាន់ណា ក្លិបមហិទ្ធរិទ្ធតាដំបងដែក ។
សូមបញ្ជាក់ថា ការប្រកួតនេះ គឺធ្វើតាមរូបមន្តវិលជុំសន្សំពិន្ទុដោយអ្នកទាំង ៨ ត្រូវជួបគ្នាទាំងអស់ ។ការប្រកួតជម្រុះទម្លាក់ចោល ៦ នាក់ចេញទុក ១ នាក់ដែលមានពិន្ទុលើសគេក្នុងពូលនីមួយៗ ពោលគឺយកលេខ១ពូលA និងលេខ១ពូលB ដើម្បីឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមយកប្រាក់១០លានរៀលតែម្តង ។
មុត ខ្លឹមខ្មៅ ដែលថិតក្នុងពូលA ឆ្លងកាត់ការប្រកួតជម្រុះ៤លើកកន្លងមក គេវាយ ឈ្នះទាំង៤ប្រកួត។លើកទី១ គេឈ្នះ អ៊ុំ វណ្ណេត ពូលB ដោយពិន្ទុ , លើកទី២ ឈ្នះង៉េត្រ រដ្ឋា ក្លិបតាព្រហ្មមានជ័យដោយស្វ័យប្រវត្តិ , លើកទី៣ ឈ្នះ ប៊ី ចាន់ណា ក្លិបមហិទ្ធរិទ្ធមេសរថ្ងកខេត្តស្វាយរៀងដោយពិន្ទុ និង លើកទី៤ មុត ខ្លឹមខ្មៅ បានឈ្នះធឿន ធី ក្លិបអង្គរមានជ័យខេត្តសៀមរាប ដោយពិន្ទុ ។ដូចនេះ ខ្លឹមខ្មៅ គេជាប់លេខ១ក្នុងពូល A ។
ចំពោះ អ្នកប្រដាល់ អ៊ុំ វណ្ណេត វិញ ក្នុងការប្រកួតជម្រុះ៤លើកគេឈ្នះ៣ចាញ់១។ លើកទី១ វណ្ណេត វាយចាញ់មុត ខ្លឹមខ្មៅដោយពិន្ទុ, លើកទី២ ឈ្នះហុង ជីវ៉ុង ក្លិបមិត្តប៉ូលីសក្នុងទឹកទី៣ , លើកទី៣ ឈ្នះហ៊ឹម សារ៉ាន់ សមាគមកីឡាក្រសួងការពារជាតិដោយស្វ័យប្រវត្តិ និងលើកទី៤ វាយឈ្នះមាស សុជាតិ ក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ។ដូចនេះ អ៊ុំ វណ្ណេត គេជាប់លេខ១ ពូលB ។
រវាង មុត ខ្លឹមខ្មៅ និង អ៊ុំ វណ្ណេត នេះ មិនដឹងថា អ្នកណានឹងឈ្នះការប្រកួតផ្តាច់ព្រ័ត្រនេះទេ ? ។ តែយ៉ាងណា មុត ខ្លឹមខ្មៅ គេមានប្រៀបឈ្នះច្រើនជាង ព្រោះខ្លឹមខ្មៅធ្លាប់វាយឈ្នះអ៊ុំ វណ្ណេត ដោយពិន្ទុម្តងរួចមកហើយ ក្នុងការប្រកួតជម្រុះលើកដំបូងនោះ ។
ទោះជាយ៉ាងណា សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនេះ នរណាឈ្នះ នរណាចាញ់នោះ មិនអាចទស្សន៍ទាយមុនបានឡើយ ដោយសារអ៊ុំ វណ្ណេតគេក៏ខ្លាំងដែរហើយចាញ់ខ្លឹមខ្មៅលើកមុននោះ ក៏ចាញ់ត្រឹមពិន្ទុដែរ ។ ចាំមើល តើអ្នកណាជាម្ចាស់ពានរង្វាន់ប្រាក់១០លានរៀលរបស់ក្រុមហ៊ុនស្រាបៀរGanzberg ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមនេះ ? ។
គួរបញ្ជាក់ថា សម្រាប់អ្នកទទួលបានជាជើងឯកប្រាក់លានរបស់ក្រុមហ៊ុនស្រាបៀរGanzberg ទម្ងន់៦៥ គីឡូក្រាមនេះ នឹងទទួលបានប្រាក់១០លានរៀល និងអ្នកចាញ់បាន ២ លានរៀល ។ ពុំមានចំណាត់ថ្នាក់លេខ៣ លេខ៤ នោះទេ៕
Source: Kampuchea Thmey Daily
0 Comments