Ad Code

កុមារី​តូច​ក្លាយជា​សិស្ស​ឆ្នើម​ទទួល​បាន​ជ័យលាភី​គិត​លេខ​រហ័ស ត្រៀមខ្លួន​ទៅ​ដណ្តើមពាន​នៅ​ប្រទេស​ម៉ាឡេស៊ី



ភ្នំពេញ ​៖ ​សាលា​អាយ​ឃី​ដ កម្មវិធី UCMAS បាន​រៀបចំ​កម្មវិធី​ជំនួប​សិស្ស​ឆ្នើម​ជ័យលាភី ប្រឡង​ថ្នាក់ជាតិ​លើក​ទី​៣ របស់ខ្លួន នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ​(CKCC) ក្នុង​គោលបំណង​ចែក​វិញ្ញាបនបត្រ និង​បទ​ចែករំលែក​ស្តីពី​វិធីសាស្ត្រ​សំខាន់ៗ ដែល​ទាក់ទង​នឹង​ការត្រៀមខ្លួន ដើម្បី​ទទួល​ជ័យលាភី ក្នុង​ការ​ប្រឡង​កម្មវិធី​ប្រកួត​គិត​លេខ​រហ័ស​ថ្នាក់​អន្តរជាតិ លើក​ទី​២៣ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ​។​

កម្មវិធី​នេះ​ត្រូវបាន​អញ្ជើញ​ចូលរួម​ពី កញ្ញា ហេង រចនា នាយិកា​គ្រប់គ្រង​ទូទៅ UCMAS កម្ពុជា កញ្ញា ស៊ា​ម ចាន់​សុ​ភ័​ក្រ ប្រធាន​គ្រូ​បណ្តុះបណ្តាល​កម្មវិធី UCMAS កម្ពុជា​,​ម្ចាស់​អាជ្ញាប័ណ្ណ ប្រធាន​សាខា​ទូទាំង​ប្រទេស សិស្ស​ឆ្នើម​ជ័យលាភី​ប្រឡង​ថ្នាក់​ជាតិ​លើក​ទី​៣ ក៏ដូចជា​អាណាព្យាបាល​សិស្ស​ប្រមាណ​ជាង ៣០០ នាក់។

ក្នុង​ឱកាស​នោះដែរ កញ្ញា ហេង រចនា នាយិកា​គ្រប់គ្រង​ទូទៅ UCMAS កម្ពុជា​បានធ្វើការ​សំណេះសំណាល​ទៅកាន់​សិស្ស​ឆ្នើម ជ័យលាភី​នឹង​អាណាព្យាបាល​សិស្ស​ថា ការប្រឡង​ថ្នាក់ជាតិ​លើក​ទី​៣​កន្លងផុត​ទៅជា​លទ្ធផល​យើង​បាន​រកឃើញ​សិស្ស​ជ័យលាភី ២៣៩ នាក់​ក្នុងនោះ​មាន​សិស្ស​ឆ្នើម​ជ័យលាភី ៥១ នាក់ តំណាង​កម្ពុជា​មានឱកាស​ស្វែងយល់​ពី​បទពិសោធន៍ ​និង​បញ្ចេញ​សមត្ថភាព ជាមួយនឹង​កុមារ​ជាច្រើន​មកពី ៧៩ ប្រទេស​ជុំវិញ​ពិភពលោក​។ ក្នុងនាម​ជា​នាយិកា​គ្រប់គ្រង​ទូទៅ​នៃ​កម្មវិធី UCMAS កម្ពុជា​ពិត​មាន​អារម្មណ៍​រីករាយ និង​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​លទ្ធផល​ដ៏​ល្អ​របស់​កុមារ UCMAS កម្ពុជា​។​

ដោយឡែក អ្នកគ្រូ ស៊ា​ម ចាន់​សុ​ភ័​ក្រ ក៏បាន​ធ្វើការ​ចែករំលែក​វិធីសាស្ត្រ​និង​គន្លឹះ​សំខាន់ៗ​មួយចំនួន ដល់​ប្អូនៗ​សិស្ស​ឆ្នើម​ថា ការប្រឡង​ថ្នាក់​អន្តរជាតិ​លើក​ទី ២៣ នៅ​ទីក្រុង កួ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​បែងចែក​ជា​បី​វិញ្ញាសា​ រួមមាន វិញ្ញាសា​​សរសេរ ,​ស្តាប់ និង មើល​។​ ដោយ​វិញ្ញាសា​​សរសេរ​មាន ១០ កម្រិត​ហើយ​កម្រិត​នីមួយៗ​ត្រូវ​ប្រឡង​មាន​រយៈពេល ៨ នាទី​លើ ២០០ សំណួរ។​

គន្លឹះ​ដើម្បី​ទទួលបាន​ជ័យលាភី​មុន​ពេល​ប្រឡង​ដូច​ជាទី​១ ជ្រើសរើស​នូវ​សម្ភារៈ​ត្រឹមត្រូវ ចង់​សំដៅលើ​ខ្មៅ​ដៃ​(B2)​ដែលមាន​គុណភាព​ខ្ពស់​ហើយ​យ៉ាងហោចណាស់​ក៏មាន​២​ដើម​យ៉ាងតិច​។ ទី​២ ការហ្វឹកហាត់ មានន័យថា​បេក្ខជន​ទាំងអស់​ទាមទារ​ឱ្យមាន​ការអនុវត្តន៍​ទាំង​ក្នុង​ និង​ក្រៅ​សាលា​ម្តង​ហើយ​ម្តងទៀត​ឱ្យបាន​ច្រើន​មុនពេល​ប្រកួត​។​

ទី​៣ ការថែទាំ​សុខភាព ជា​សារៈ​សំខាន់បំផុត ។​ និង​ទី​៤ ការលើកទឹកចិត្ត សូម​មាតាបិតា​លើកទឹកចិត្ត​ដើម្បី​កុំឱ្យ​ប្អូនៗ​មាន​ភាពភ័យខ្លាច​ក្នុងការ​ចូលរួម​។​

ដោយឡែក​អាណាព្យាបាល​សិស្ស គឺ​កុមារី សំណាង និ​ត​លីកា ដែល​ទទួល​ជ័យលាភី​លេខ​១ ផ្នែក​សរសេរ លោក វិ​ន សំណាង និង អ្នកស្រី ម៉ៅ មានិត បាន​ប្រាប់​ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា សម្រាប់​លោក​និង​ភរិយា បាន​ឲ្យ​កូនស្រី​សិក្សា​កម្មវិធី UCMAS រយៈពេល​ជិត​១​ឆ្នាំ​ហើយ ជា​លទ្ធផល​ឃើញថា ការគិត​លេខ​របស់​កូន​គឺ​ល្អ​ទទួលបាន​ពិន្ទុ​ល្អ​ហើយ​ជាក់ស្តែង​នៅក្នុង​ការប្រឡង​កម្មវិធី Ucmas ថ្នាក់ជាតិ​លើក​ទី​៣​នេះ កូនស្រី​ទទួលបាន​ជ័យលាភី និង​ត្រៀម​ទៅ​ប្រកួតប្រជែង​នៅ​ម៉ាឡេស៊ី​ឆាប់ៗ​នេះ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu