អ្នកប្រដាល់ទម្ងន់៦៣,៥០០គីឡូក្រាម៤រូប នឹងត្រូវជួបប្រកួតគ្នាដណ្តើមពានរង្វាន់ប្រាក់លានរបស់ទូរទស្សន៍បាយ័ន នាល្ងាចថ្ងៃសៅរ៍ទី១៣ តុលា ២០១៨នេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
អ្នកប្រដាល់ទាំង៤រូបនោះ គឺសុខ សុវណ្ណ អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ២ , ថន វាសនា អ្នកប្រដាល់ក្លិបនាគរាជមានជ័យ, ចាន់ វ៉ារិទ្ធ អ្នកប្រដាល់ក្លិបនិរោធមានជ័យ និង យ៉ុន ដារ័ត្ន អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ ។ ពួកគេទាំង៤ ត្រូវប្រកួតគ្នាតាមរូបមន្តម៉ារ៉ាតុង គឺចាញ់ហាលអាវ ឈ្នះត្រូវបន្តការប្រកួតទៀត រហូតរកឃើញអ្នកជាប់លេខ១ជាម្ចាស់ពានរង្វាន់ ។
សម្រាប់ការជួបគ្នារវាងអ្នកប្រដាល់ជើងខ្លាំងទាំង៤រូបនេះ គឺ ថន វាសនានឹងត្រូវជួបប្រកួតជាមួយសុខ សុវណ្ណ ពួកគេទាំងពីរធ្លាប់ជួបគ្នាច្រើនដងហើយ កាលពីពេលកន្លងមក ដែលថន វាសនា វាយចាញ់សុខ សុវណ្ណ រហូត ។
រវាងពីរនាក់នេះ បើតាមកម្រិតសមត្ថភាពបច្ចេកទេស និងកាយសម្បទារបស់ពួកគេទាំងពីរនេះ ឃើញថាប្រហាក់ប្រហែលគ្នា តែស្នៀតគុននិងកលល្បិចគឺចាញ់សុខសុវណ្ណទេ ។ ទោះជាយ៉ាងណា សម្រាប់ការជួបគ្នាលើកនេះ មិនអាចទស្សន៍ទាយមុនបានថា អ្នកណាហាលអាវ អ្នកណាឡើងទៅផ្តាច់ព្រ័ត្រនោះឡើយ ។
ចំពោះអ្នកប្រដាល់ជើងថ្មីចាន់ វ៉ារិទ្ធ គេនឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់យ៉ុន ដារ័ត្ន ។ ពួកគេទាំងពីរនេះ ពុំធ្លាប់ជួបគ្នាទេកន្លងមក ។ ពួកគេទាំងពីរនាក់នេះ មានថ្វីដៃល្អ ហើយខ្លាំងនិងកម្លាំងស៊ុហ្វរឹងមាំដូចគ្នា ។ យ៉ាងណា ប៉ះគ្នាលើកនេះ គឺមានលក្ខណះតឹងតែងហើយ ។
ប៉ុន្តែទោះជាយ៉ាងណា រវាងអ្នកប្រដាល់ជើងខ្លាំងទាំង៤រូបនេះ ទោះបីជាមិនដឹងថាអ្នកណាជ្រុះធ្លាក់ អ្នកណានឹងបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ហើយអ្នកណានឹងក្លាយជាម្ចាស់ពានរង្វាន់នេះក្តី ក៏គេមើលឃើញមុនថា សុខ សុវណ្ណ និង យ៉ុន ដារ័ត្ន អាចនឹងជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីប្រជែងគ្នាយកពានរង្វាន់នេះ ។
សូមបញ្ជាក់ថា ការប្រកួតចែកចេញជាពីរដំណាក់កាល ដែលដំណាក់កាលទី១ប្រកួតជម្រុះ ដើម្បីជម្រុះចោលពីរនាក់ដែលចាញ់ៗ ហើយពីរនាក់ដែលឈ្នះនោះ ត្រូវឡើងទៅជួបគ្នាក្នុងដំណាក់កាលទី២ ដែលជាការប្រកួតផ្តាច់ព្រ័ត្រដណ្តើមពានអនុស្សាវរីយ៍របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ។
ការប្រកួតក្នុងដំណាក់កាលទី១ គឺប្រកួតតែ៣ទឹកប៉ុណ្ណោះដោយក្នុងមួយទឹកមាន៣នាទី និងការប្រកួតក្នុងដំណាក់កាលផ្តាច់ព្រ័ត្រ គឺវាយ៥ទឹក តែមួយទឹកវាយតែ២នាទីទេ ។
ក្រៅពីគូដណ្តើមពានរង្វាន់នេះ ម៉ន ភីរម្យ អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោក នឹងជួបប្រកួតជាមួយ រ៉ាវ៉ាន់ ចាន់រាជ អ្នកប្រដាល់ក្លិបកុសលកីឡា ។ពួកគេទាំងពីរ នឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
ពីរនាក់នេះ មិនដែលប៉ះគ្នាទេកន្លងមក ។ សម្រាប់ការជួបប្រកួតគ្នាលើកដំបូងនេះ មិនដឹងថា រ៉ាវ៉ាន់ ចាន់រាជ គេអាចវាយឈ្នះម៉ន ភីរម្យ ឬអត់នោះទេ? ព្រោះរ៉ាវ៉ាន់ ចាន់រាជ ជាអ្នកប្រដាល់ជើងថ្មី ។ ប៉ុន្តែយ៉ាងណា រ៉ាវ៉ាន់ ចាន់រាជ គេក៏មានស្នៀតប្រដាល់ល្អនិងខ្លាំងគួរសមដែរ ។
ចាន់ កក្កដា ក្លិបនិរោធមានជ័យ ត្រូវជួបប្រកួតជាមួយ ហេង ភារម្យ ក្លិបម៉ៃទីក្រាំងយ៉ូវ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ហើយរិទ្ធ វុត្ថា ក្លិបអាណាចក្រគុនខ្មែរ ប្រកួតជាមួយយឹម សំរិទ្ធ ក្លិបអារុណរះកីឡា ដោយប្រកួតក្នុងទម្ងន់៦៥គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments