Ad Code

ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ ជ្រុល​ទៅបុក​គូទ​រថយន្ត​បណ្តាលឱ្យ​ស្លាប់​ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ



កែប​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ បន្ទាប់ពី​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មិន​ប្រុងប្រយ័ត្ន​ធ្វើឱ្យ​ជ្រុល​ទៅបុក​គូទ​រថយន្ត​ដែល​បើកបរ​ស្របគ្នា​។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃទី​១១​ខែតុលា ឆ្នាំ​២០១៨ ស្ថិត​ខាងលិច​មុខ​សាលាខេត្ត​កែប ក្នុងភូមិ​កែប សង្កាត់​កែប ក្រុង​-​ខេត្ត​កែប លើ​ដង​ផ្លូវជាតិ​33A។

តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ក្រុងកែប​បានឱ្យដឹងថា បុរសរងគ្រោះ​មានឈ្មោះ កែម ប៊ុន​ឌី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ សង្កាត់​ខាងលើ ដោយ​មុនពេល​ជួប​គ្រោះថ្នាក់​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​C100​កូរ៉េ ពាក់​ស្លាក​លេខ តាកែវ 1M-6835 នៅ​ពីក្រោយ​រថយន្ត​មិន​ស្គាល់​ភិនភាគ​មួយគ្រឿង លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ម៉ូតូ​ជនរងគ្រោះ​ជ្រុល​ទៅបុក​គូទ​រថយន្ត​ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ចំណែក​រថយន្ត​បាន​បង្កើនល្បឿន​ទៅមុខ​បាត់ស្រមោល​ឈឹង។ សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ភ្លាមៗ ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​បុរស​រងគ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង​។​

បច្ចុប្បន្ន​សព​បុរស​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ដឹកបញ្ជូន​ទៅ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​នៅឯ​លំនៅដ្ឋាន ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu