ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកCarabao ទម្ងន់៦០ គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEATV នៅរសៀលថ្ងៃសៅរិ៍ទី១៣ តុលា ២០១៨នេះ ជាការប្រកួតសប្តាហ៍ទី៤ ជុំទី៣ រវាងអ្នកប្រដាល់កម្ពុជា សុខ សាវិន ក្លិបឆ្មាសសែនសុខគុនខ្មែរ និងអ្នកប្រដាល់ថៃ Phat Thana ហើយអ្នកប្រដាល់កម្ពុជា ឃីម បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ និង អ្នកប្រដាល់ថៃ Phat Ngenthong។
សុខ សាវិន និង Phat Thana ប្រហែលជាពិបាកបន្តិចហើយ បើទោះបីថា សាវិន គេ មានផ្លែល្អជាង Phat Thana ក៏ដោយ ក៏អ្នកប្រដាល់ថៃPhat Thana ជាអ្នកប្រដាល់ជើងចាស់ ស៊ូ និងរឹងមាំ ។
Phat Thana គេមកប្រកួតនៅស្រុកខ្មែរប៉ុន្មានលើកហើយ។គេវាយល្អនិងខ្លាំងគួរសមដែរ។ បើមើលពីប្រវត្តិប្រកួតរបស់គេ គឺប្រកួតបាន៥៩លើក ឈ្នះ៥១លើក ចាញ់០៨លើកនិងមិនដែលស្មើ ។
សុខ សាវិន អ្នកប្រដាល់កម្ពុជាយើងនេះ គេមានប្រវត្តិប្រកួត៩៥លើក ឈ្នះ៦៩លើក ចាញ់២០លើក និងស្មើ០៥លើក ។ យ៉ាងណាសម្រាប់ការប្រកួតជុំទី៣នេះ គេរំពឹងថា សុខ សាវិន នឹងរកបាន៣ពិន្ទុមិនខាន ក្នុងការជួប Phat Thana នេះ ។
កាលពីប្រកួតក្នុងជុំទី២(២២កញ្ញា២០១៨) សុខ សាវិន បានផ្តួល Phat Chhayakphum ក្នុងទឹកទី៣ ឯ Phat Thana ជុំទី២(២៩កញ្ញា២០១៨) គេបានផ្តួលលី ភា ក្លិបសំរោងកោងខេត្តបាត់ដំបង ក្នុងទឹកទី៣ ។
ចំពោះការជួបគ្នារវាង ឃីម បូរ៉ា និង Phat Ngenthong ពួកគេទាំងពីរនាក់នេះ ធ្លាប់ជួបគ្នា៤លើកហើយពីមុនមក ដែលក្នុងការជួប៤លើកនោះ ឃីមបូរ៉ាឈ្នះបានតែម្តងប៉ុណ្ណោះដោយចាញ់២លើកនិងអត់ប្រកាសលទ្ធផលមួយលើក ។ តែយ៉ាងណា ឃីម បូរ៉ា និង Phat Ngenthong នេះ គេមានសមត្ថភាពប្រហាក់ប្រហែលគ្នាទេ ហើយមាឌក៏ប្រហែលគ្នាដែរ គ្រាន់តែបូរ៉ា មានកំនត់ត្រាប្រកួតច្រើនជាងប៉ុណ្ណោះ ។
Phat Ngenthong គេមានកំនត់ត្រាប្រកួតចំនួន៨១លើក ឈ្នះ៦៨លើក ចាញ់១៣លើក និងមិនដែលស្មើ។ ចំណែកឃីម បូរ៉ា គេមានកំនត់ត្រាប្រកួត១១០លើក ឈ្នះ៨០លើក ចាញ់២៨លើក និងស្មើ០២លើក។ ឃីម បូរ៉ា គេប្រកួតលើកចុងក្រោយ(២២កញ្ញា២០១៨) គេវាយឈ្នះPhat Maha ក្នុងទឹកទី២។ ចំណែក ការប្រកួតលើកចុងក្រោយរបស់ Phat Ngenthong (២៩កញ្ញា២០១៨) គឺចាញ់សូត្រ ប៊ុនធី ដោយពិន្ទុ ។
ទោះជាយ៉ាងណាក្តី សម្រាប់ការជួបគ្នារវាងឃីម បូរ៉ា និង Phat Ngenthong នេះពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចអ្នកណាមើលស្រាលអ្នកណាបានដែរ ។
សូមបញ្ជាក់ថា ការប្រកួតជើងឯកខារ៉ាបាវរដូវកាលទី៧ ទម្ងន់៦០គីឡូក្រាមលើកនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន ៨ រូប ចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ៤នាក់ ។ អ្នកប្រដាល់ខ្មែរទាំង៤នាក់នោះ រួមមានឃីម បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ , សុខ សាវិន ក្លិបឆ្មាសសែនសុខគុនខ្មែរ , លី ភា ក្លិបសំរោងកោងខេត្តបាត់ដំបង និងសូត្រ ខេវិន ក្លិបបក្សីស្លាបដែក។ ឯ អ្នកប្រដាល់ថៃ ៤ នាក់វិញ មាន Phat ChhayakPhum , Phat Maha , Phat Ngenthong និង Phat Thana ។
ចំពោះការការប្រកួតក្រៅពីគូខ្សែក្រវាត់នេះ រិទ្ធ ប្រាក់ប៊ិន អ្នកប្រដាល់ក្លិបទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ ត្រូវគេផ្គូអោយជួបប្រកួតជាមួយ ជី ឆៃលី អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។ សម្រាប់ការជួបគ្នារវាងអ្នកប្រដាល់ទាំងពីរនាក់នេះ គេមិនដឹងថា នរណាឈ្នះ នរណាចាញ់នោះទេ ? ព្រោះពួកគេទាំងពីរ សុទ្ធខានឡើងប្រកួតយូរដូចគ្នា ។
សឿន ឆ្នើម អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ នឹងជួបប្រកួតជាមួយឯក កៃឈៀង អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ ។ ពួកគេពីរនាក់នេះ មិនដែលជួបគ្នាទេកន្លងមក ។ពួកគេជួបគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម។ ចាំមើល រវាង សឿន ឆ្នើម និង ឯក កៃឈៀងនេះ តើនរណាឈ្នះ ?៕
Source: Kampuchea Thmey Daily
0 Comments