Ad Code

ចាប់ពី​ឆ្នាំ​២០១៩​ទៅ​ ប្រាក់ខែ​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​នឹង​ទទួលបាន​ជាង​២០០​ដុល្លារ​ក្នុង​១​ខែ



ភ្នំពេញ ​៖ ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាងថា ​ចាប់​ឆ្នាំ​២០១៩​តទៅ​ប្រាក់ខែ​កម្មករនិយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ​និង​ផលិត​ស្បែកជើង​ជា​មធ្យម​នឹង​ទទួលបាន​ចាប់ពី​១៩៩​ដុល្លារ​ដល់​២១០​ដុល្លារ ក្នុង​១​ខែ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី​៥ ​ខែតុលា ​ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា​ ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ​និង​ផលិត​ស្បែកជើង ចំនួន​១៨២​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៩​នេះ​ នឹង​ចូលរួមចំណែក​ធ្វើ​ឲ្យ​ស្ថានភាព​ជីវភាព​រស់នៅ​របស់​បង​ប្អូន​កម្មករ​និយោជិត​កាន់​តែមាន​ភាពល្អប្រសើរ​ជាង​មុន​ ហើយក៏​ជា​កក្តា​សំខាន់​ក្នុង​ការជំរុញ​ផលិតភាព​ផងដែរ​។​

ថ្លែង​ក្រោយ​បើក​កិច្ចប្រជុំ​គណៈកម្មកា​ប្រឹក្សា​ការងារ​កាលពី​ល្ងាច​ថ្ងៃទី​៥ ​ខែតុលា ​ឆ្នាំ​២០១៨​នៅ​ទីស្តីការក្រសួង លោក​បណ្ឌិត អ៊ិត​សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ជា​ប្រធាន​គណៈកម្មកា​ប្រឹក្សា​ការងារ​បាន​មានប្រសាសន៍ថា ​ប្រាក់​ឈ្នួល​ថ្មី​ចំនួន​១៨២​ដុល្លារ​បូករួម​ទាំង​សម្តេច​តេ​ជោ​ហ៊ុនសែន​បន្ថែមចំនួន​៥​ដុល្លារ​ នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់​ថ្ងៃទី​០១​ខែមករា​ឆ្នាំ​២០១៩​ខាងមុខនេះ​តទៅ​ដោយ​កើនឡើង​ចំនួន​១២​ដុល្លារ​បើ​ធៀប​នឹង​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៨​ ដែល​មាន​ត្រឹមតែ​១៧០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ខែ។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​តែបើ​បូក​ជាមួយ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដែល​កម្មករ​និយោជិត​ទទួល​បាន​ដូចជា​ប្រាក់​សោហ៊ុយ​ធ្វើដំណើរ​និង​ស្នាក់នៅ​ចំនួន​៧​ដុល្លារ​ក្នុង​១​ខែ​ប្រាក់​រង្វាន់​ការងារ​ទៀងទាត់​១០​ដុល្លារ​ប្រាក់​អតីតភាព​ ដែល​មាន​ពី​២​ដុល្លារ​ដល់​១១​ដុល្លារ​ក្នុង​១​ខែ​សម្រាប់​កម្មករនិយោជិត​ដែល​ធ្វើការ​ចាប់ពី​ឆ្នាំ​ទី​២​ដល់​ឆ្នាំ​ទី​១១​រួមទាំង​ប្រាក់​ថ្លៃ​ធ្វើការ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រ​ចិត្ត​ចំនួន​២០០០​រៀល​ក្នុង​១​ថ្ងៃ​ឬ​ការទទួលបាន​បាយ​មួយពេល​ដោយ​ឥតគិតថ្លៃ​ធ្វើ​ឲ្យ​កម្មករ​ទទួលបាន​ប្រាក់ខែ​ជា​មធ្យម​ក្នុង​ម្នាក់​ក្នុង​១​ខែ​ពី​១៩៩​ដុល្លារ​ដល់​២១០​ដុល្លារ។

ទន្ទឹមនឹង​ប្រាក់ខែ​កម្មករ​ត្រូវបាន​ដំឡើង​នោះ​លោក​បណ្ឌិត​អ៊ិត ​សំហេង​ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​ផ្ទះជួល​ទាំងឡាយ​សូមមេត្តា​បន្ត​ការគោរព​ទៅតាម​ច្បាប់​បិតិសន្យា​សម្រាប់​ការគ្រប់គ្រង​ថ្លៃឈ្នួល​ផ្ទះ​ដោយ​មិនត្រូវ​ដំឡើង​ថ្លៃ​ផ្ទះជួល​និង​ទំនិញ​និង​ម្ហូបអាហារ​ផ្សេងៗ​នោះទេ​ពោលគឺ​ត្រូវ​រក្សា​តម្លៃ​ឲ្យ​នៅ​ដដែល​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​កម្មក​រ​និយោជិត​របស់​យើង​និង​ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែ ល​នាពេល​បច្ចុប្បន្ន​ដែល​តែងតែ​គិតគូ​ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​កម្មករ​។​

ចំណែក​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ជួយ​សម្រួល​បន្ទុក​ចំណាយ​អគ្គិសនី​របស់​និយោជក​ចំនួន​០,១៤៧​ដុល្លារ​ក្នុង​១​គីឡូវ៉ាត់ម៉ោង​សម្រាប​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​និង​ផលិត​ស្បែកជើង​ដែល​ចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ​២០១៩​តទៅ​។​

លោក​បាន​បន្តថា ​បើទោះបី​ជា​មិន​ការ​បញ្ចុះតម្លៃ​អគ្គិសនី​ឲ្យ​បាន​១០០​ភាគរយ​ដូច​អ្វីដែល​បានស្នើ​សុំ​របស់​និយោជក​ក៏ពិតមែន​តែ​វា​បាន​ជួយ​សម្រួល​ដល់​សម្ពាធ​ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​ថ្មី​នេះ​ផងដែរ​ព្រោះថា​ប្រាក់​ឈ្នួល​ថ្មី​ចំនួន​១៨២​ដុល្លារ​នេះ​វា​ជា​ចំនួន​មួយ​ដ៏​ច្រើន​ហើយក៏​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​សម្រាប់​ភាគី​និយោជក​។​

ប៉ុន្តែ​លោក​កាំ​ង​ម៉ូ​នី​កា​បាន​ស្នើថា​ទន្ទឹមនឹង​ប្រាក់​ឈ្នួល​ដំឡើង​ហើយ​អ្វីដែល​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវធ្វើ​បន្ត​នោះ​គឺ​ការ​ផ្តោតទៅលើ​ភាព​ប្រកួតប្រជែង​ផលិតភាព​របស់​ប្រទេស​កម្ពុជា​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu