ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកលេខ ១ គូបូតាទម្ងន់៥៤គីឡូក្រាម នៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃសុក្រទី០៥ តុលា ២០១៨ ដែលជាការប្រកួតជុំទី៣ នោះ ខេម ចាន់ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ និង ផាន ផាត់យុទ្ធ ក្លិបសាលវ័ន្តកីឡា រកបាន៣ពិន្ទុបន្ថែមដូចគ្នា ក្រោយពីពួកគេទាំងពីរវាយឈ្នះឡាវ និង ថៃនោះ។
ខេម ចាន់ គេបានផ្តួលអ្នកប្រដាល់ឡាវ Wangngeun Rungrean អោយបោះបង់ការប្រកួតក្នុងទឹកទី២ ហើយ ផាន ផាត់យុទ្ធ គេបានផ្តួលអ្នកប្រដាល់ថៃ Anuntasak Site Phukhorngyus ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី៤។
ក្នុងការប្រកួតទឹកទី២នោះ ខេមចាន់ បានទាត់ជើងស្តាំរបស់ Wangngeun Rungrean អោយឈឺដួលក្រោកលែងរួច ទោះបីជាអាជ្ញាកណ្តាលបានរាប់អ្នកប្រដាល់ឡាវនោះដល់ដប់ហើយក្តី ក៏គេមិនក្រោកបន្តការប្រកួតទៀតដែរដែលធ្វើឲ្យខេមចាន់ទទួលបានជ័យជម្នះ។
ជាមួយនឹងលទ្ធផលនេះ ខេម ចាន់បាន៧ពិន្ទុ ក្នុងបីប្រកួតដោយឈ្នះ២ចាញ់១ប្រកួត ហើយអ្នកប្រដាល់ឡាវ Wangngeun Rungrean គេបាន៥ពិន្ទុ ក្នុងការប្រកួតបីប្រកួតដូចគ្នា គឺឈ្នះ១ចាញ់២ប្រកួត។
ចំពោះការប្រកួតរបស់ផាន ផាត់យុទ្ធ វិញ ក៏មិនខុសគ្នាប៉ុន្មានដូចការប្រកួតរបស់ខេម ចាន់ដែរ ។ ក្នុងទឹកទី៤ ផាត់យុទ្ធ បានទាត់ជើងឆ្វេងរបស់អ្នកប្រដាល់ថៃ Anuntasakមួយជើងខូចជំហរប្រកួត ហើយគេបានថែងមួយកែងស្តាំចំសៀតផ្កា Anuntasak ធ្វើអោយអ្នកប្រដាល់ថៃរូបនេះ ដួលលែងក្រោកតែម្តង ទោះបីអាជ្ញាកណ្តាលរាប់ដល់ដប់ហើយក្តី។
ផាន ផាត់យុទ្ធ ក្រោយឈ្នះ Anuntasak នេះ គេមានសង្ឃឹមសឹងតែ១០០% ថានឹងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ព្រោះគេវាយឈ្នះ៣ប្រកួតជាប់ៗគ្នាទៅហើយ ក្នុងការប្រកួតជម្រុះ៣ជុំនេះ ។ ចំណែក Anuntasak គេមានសង្ឃឹមតិចតួចបំផុត ក្នុងការស្តារពិន្ទុសម្រាប់ជុំបន្តបន្ទាប់ទៀត ដោយសារគេបាន៥ពិន្ទុក្នុងបីប្រកួតដូចគ្នានោះ ។
សូមបញ្ជាក់ថា កីឡាករខ្លាំងទាំង១០រូប ដែលចូលរួមប្រកួតដណ្តើមខ្សែក្រវាត់គូបូតារដូវកាលថ្មីទម្ងន់៥៤គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៥រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ-ឡាវ ៥ រូប ចូលរួមវាយដណ្តើមយកខ្សែក្រវាត់នេះ។
អ្នកប្រដាល់មួយរូបៗ ទាំងខ្មែរ ទាំងថៃ និងឡាវ គឺត្រូវឆ្លងកាត់ការប្រកួតក្នុងម្នាក់ៗ ចំនួន ៤ ប្រកួតម្នាក់ ហើយអ្នកដែលមានពិន្ទុច្រើន២រូបក្នុងមួយពូល ទាំងពូលខ្មែរ និង ពូលថៃ-ឡាវ នឹងត្រូវបានឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ។
ដោយឡែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ អេ ហនុមាន អ្នកប្រដាល់ក្លិបអេភូថងកីឡា បានប្រកួតឈ្នះវិន ដេវីត ដោយពិន្ទុ ហើយសំណាង ចាន់នឿន អ្នកប្រដាល់ក្លិបកងចក្ររាជសីហ៍មានរិទ្ធ វាយចាញ់មិត្ត ស៊ីណាត អ្នកប្រដាល់ក្លិបប៉េអឹមស្រុករុក្ខគិរី ក្នុងទឹកទី៣៕
Source: Kampuchea Thmey Daily
0 Comments