បាត់ដំបង ៖ មុខសញ្ញាចោរកម្មម្នាក់ ដែលមិនទាន់ជ្រុះពន្លៃពីក្បាល ត្រូវបានកម្លាំងសមត្ថកិច្ច នៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការឃាត់ខ្លួន រួចជាមួយនឹងវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ បន្ទាប់ពីមុខសញ្ញារូបនេះបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយ និងចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ យកទៅលាក់ទុកមិនបានប៉ុន្មានម៉ោងផង។
គួរបញ្ជាក់ដែរថា ហេតុការណ៍នៃអំពើចោរកម្មនេះ បានកើតឡើងនៅវេលា ម៉ោង១ ជាង រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្រុម២ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយសារតែ មានករណីលួច ដែល បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពគាស់ទ្វារតូបលក់ទូរស័ព្ទរបស់ ជនរងគ្រោះឈ្មោះ សយ ចាន់ណា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។
បើតាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា នៅពេលនោះខ្លួនបានដេកនៅក្នុងតូបជាធម្មតា ដោយមិនបានដឹងទាល់តែសោះថាមានចោរចូលលួចទ្រព្យសម្បត្តិបែបនេះ ដោយក្នុងនោះរបស់របរដែលចោរលួចយកទៅរួមមានកុំព្យូទ័រយួរដៃ01គ្រឿង អាយផេត ម៉ាកសាំស៊ុង1គ្រឿង ស្ពីកឃ័រ ៣ គ្រឿង ទូរស័ព្ទដៃចំនួន15គ្រឿង។
ក្រោយពីកើតហេតុ សមត្ថកិច្ចនៃការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះត្រួតពិនិត្យ គឺសង្កេតឃើញថា ជនសង្ស័យបានដោះវីសជញ្ជាំង រួចលូកដៃដកគន្លឹះទ្វារតូប ទើបគេចូលប្រមូលរបស់របរគ្មានសល់ ខណៈដែលម្ចាស់កំពុងដេកយ៉ាងលង់លក់មិនដឹងខ្លួន។
ដោយមានការផ្តល់យោបល់ពីលោកស្នងការរង ជេត វណ្ណនី ផងនោះ លោកនាយការិយាល័យ អួន ហ្វៃ បានចាត់កម្លាំងជំនាញចុះស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង ៣ រសៀល ថ្ងៃដដែល គឺជនសង្ស័យរូបនោះមានឈ្មោះ ឡុញ ដេវីត ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ដែលជាក្ដិបចោរសុទ្ធសាធ។
នៅក្នុងកិច្ចប្រតិបត្តិការនេះដែរ កម្លាំងបានដកហូត វត្ថុតាង មួយចំនួនដូចជាឡេបថប01គ្រឿង ទូរស័ព្ទ19គ្រឿង អាយផេត02គ្រឿង ស្ពិកឃឺរ03គ្រឿង និង នាឡិកា01គ្រឿង បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំង កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូង៕
Source: Kampuchea Thmey Daily
0 Comments