រដ្ឋាភិបាលបាននិយាយនៅថ្ងៃសុក្រថា ជំរំឃុំឃាំងជនអន្តោប្រវេសន៍ដ៏ល្បីល្បាញមួយនៅកោះ Christmas ដាច់ស្រយាល ត្រូវបានបិទហើយ។ រដ្ឋាភិបាលបានសរសើរអំពីភាពជោគជ័យក្នុងគោលនយោបាយតឹងរ៉ឹងរបស់ខ្លួនដើម្បីបញ្ចប់នូវលំហូរនៃអ្នកស្វែងរកសិទ្ធិជ្រកកោន។
ជំរំនៅលើទឹកដីមហាសមុទ្រឥណ្ឌាដែលមានចម្ងាយប្រហែល២,៣០០គីឡូម៉ែត្រពីទីក្រុង Perth ភាគខាងលិចប្រទេសអូស្ត្រាលីមួយនេះគឺជាទីតាំងនៃកុបកម្ម ការស្លាប់ ការចាប់រំលោភនិងការធ្វើបាបរាងកាយខ្លួនឯងចាប់តាំងពីវាត្រូវបានបើកនៅក្នុងឆ្នាំ២០០៨មក។
អ្នកនាំពាក្យក្រសួងអន្តោប្រវេសន៍លោក David Coleman បានប្រាប់ AFP ថា “មណ្ឌលនេះឥឡូវបានបិទទ្វារហើយខណៈអ្នកជាប់ឃុំដែលនៅសេសសល់ប្រហែល៣០នាក់ត្រូវបានបញ្ជូនទៅកន្លែងឃុំឃាំងដីគោកនៅចុងសប្តាហ៍”។
មណ្ឌលនេះគឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងកង់បេរ៉ាដើម្បីបិទពាណិជ្ជកម្មរត់ពន្ធអ្នកស្វែងរកសិទ្ធិជ្រកកោនដោយអ្នកមកដល់ត្រូវបញ្ជូនទៅកាន់កោះ Christmas ឬជំរំប៉ាស៊ីហ្វិកផ្សេងទៀតនៅកោះ Papua New Guinea និង Nauru។
នៅចំណុចមួយ ទូកដែលមកដល់ស្ទើរតែរាល់ថ្ងៃពីកន្លែងចាកចេញនៅក្នុងប្រទេសឥណ្ឌូនេស៊ីនិងស្រីលង្កាគឺបានដឹកជនអន្តោប្រវេសន៍អស់សង្ឃឹមមកពីប្រទេសអាហ្វហ្គានីស្ថាននិងតំបន់មជ្ឈឹមបូព៌ាដោយមានទូកខ្លះបានលិចខណៈពេលធ្វើដំណើរ។
ក្រោមគោលនយោបាយគ្មានការអត់ឱនដែលអនុវត្តដោយរដ្ឋាភិបាលអភិរក្សចាប់តាំងពីចុងឆ្នាំ ២០១៣មក, ទូកទាំងអស់ត្រូវបានរុញច្រានត្រឡប់ទៅវិញហើយអ្នកស្វែងរកសិទ្ធិជ្រកកោនត្រូវបានហាមឃាត់ពីការតាំងទីលំនៅនៅក្នុងប្រទេសអូស្ត្រាលី។
លោក Coleman បាននិយាយថា “នៅចំណុចកំពូលក្នុងខែកក្កដាឆ្នាំ២០១៣ មនុស្សជាង១០,០០០នាក់ត្រូវឃុំខ្លួននៅក្នុងមណ្ឌលឃុំឃាំងអន្តោប្រវេសន៍រួមទាំងកុមារ២,០០០នាក់ផងដែរ”។
លោក Coleman បានស្តីបន្ទោសគណបក្សការងារដែលកាន់តំណែងមុនសម្រាប់ការមកដល់នេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments